រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យធ្វើការឃាត់ខ្លួនបាននៅចំណុចផ្លូវលំ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់ ។ ជនសង្ស័យមានឈ្មោះ ហេង ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោកអនុសេនីយ៍ទោ ឯម ភារី នាយប៉ុស្តិ៍ស្តីទីនគរបាលស្ទឹងមានជ័យឱ្យដឹងថា ក្រោយទទួលបានដំណឹងពីបណ្តាញសម្ងាត់រាយការណ៍ថា មានការជួញដូរគ្រឿងញៀននៅចំណុចខាងលើរួចមកកម្លាំងនគរបាលដឹកនាំដោយលោកផ្ទាល់បានចុះទៅឃាត់ខ្លួនជនសង្ស័យទាំងយប់នៅចំណុចឃាត់ខ្លួន ។ ក្នុងការឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកក ៤កញ្ចប់តូច និងទូរស័ព្ទដៃ Samsung ១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលរងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ