ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ត្រូវធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​ជា​កិច្ចការ​ដ៏​ចាំបាច់​មួយ ដោយសារ​វិស័យ​នេះ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ។

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែង​ថា កម្ពុជា​ត្រូវធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​ជា​កិច្ចការ​ដ៏​ចាំបាច់​មួយ ដោយសារ​វិស័យ​នេះ​នឹង​ដើរតួ​នាទី​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​កំណើន​ថ្មី ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​ចក្ខុវិស័យ​លើ​ប្រធានបទ «​ការ​ឈាន​ឡើង​ក្នុង​ខ្សែ​សង្វា​ក់​បង្កើត​តម្លៃ​សម្រាប់​ឧស្សាហូបនីយកម្ម កំណើន និង​ការ​អភិវឌ្ឍ​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​២ មីនា ថា ការ​ធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម ជា​កម្លាំង​ច​លករ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​វែង ជា​វិស័យ​ដែល​មាន​សក្តានុពល​សម្រាប់​បង្កើត​ការងារ​ដល់​យុវជន និង​ជា​ជ​ន្ទ​ល់​កំណើនសេដ្ឋកិច្ច​ថ្មី ដែល​អាច​ឆក់​ស្រូប​យក​ការ​វិនិយោគ​បន្ថែម​ក្រៅពី​វិស័យ​កសិកម្ម និង​ទេសចរណ៍ ។

សម្តេច​បន្ត​ថា ៖ « វិស័យ​ឧស្សាហកម្ម​កម្ពុជា មានការ​រីក​លូតលាស់​យ៉ាង​លឿន ដោយ​ឧស្សាហកម្ម​មាន​ចំណែក​២៨,៩% នៃ​ផលិតផល​ជាតិ​សរុប​ក្នុង​ឆ្នាំ​២០១៦ គឺជា​កំណើន​ខ្ពស់​បើ​ធៀប​នឹង​កំណើន​១៣,៥% ធៀប​នឹង​ឆ្នាំ​១៩៩៤ ។ ការ​ធ្វើ​ទំនើប​កម្មវិស័យ​ឧស្សាហកម្ម​អាច​សម្រេច​ទៅ​បាន ចាំបាច់​ត្រូវ​មានការ​បន្ស៊ី​គោលនយោបាយ​នានា​ជាមួយ​គ្នា ដោយ​ការ​ផ្សារ​ភ្ជាប់​គោលនយោបាយ​ឧស្សាហកម្ម​ជាមួយ​គោលនយោបាយ​តាម​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា ពាណិជ្ជកម្ម វិនិយោគ អប់រំ ដឹក​ជញ្ជូន ឡូ​ជី​ស្ទិ​ក វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាដើម » ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បន្ត​ថា តាម​ការ​ព្យាករ​ឆ្នាំ​នេះ សេដ្ឋកិច្ច​កម្ពុជា​អាច​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧% ក្នុង​នោះ​កំណើន​វិស័យ​កសិកម្ម​រំពឹង​ថា នឹង​ល្អ​ប្រសើរ​ឡើង​បន្តិច ដូច​គ្នា​នឹង​កំណើន​វិស័យ​កាត់ដេរ​នឹង​រើប​ប្រសើរ​ឡើង​ជាង​ឆ្នាំ​២០១៦ ។ ទោះជា​យ៉ាងណា កម្ពុជា​ក៏​ប្រឈម​នឹង​ហានិភ័យ​ពី​ខាងក្រៅ​មួយ​ចំនួន​ផង​ដែរ​ដូច​ជា ភាព​មិន​ប្រាកដប្រជា​នឹង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​គោល​របស់​ធនាគារកណ្តាល​អា​មេ​រិ​ក ការ​ចាកចេញ​របស់​អង់គ្លេស និង​អនាគត​របស់​សហភាព​អឺរ៉ុប ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន ភាព​ចម្រូងចម្រាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​រដ្ឋបាល​ថ្មី​សហរដ្ឋអាមេរិក ព្រមទាំង​ការ​កើនឡើង​នូវ​តម្លៃ​ប្រេង​ជាដើម ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ថ្លែង​ថា ក្នុង​វិស័យ​ផលិតកម្ម​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ​ឡើង​លើ​ការ​ផលិត​ផលិតផល​ចំណីអាហារ ដោយ​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​៨%​កាលពី​ឆ្នាំ​២០១៤ មក​ដល់​១៦%​នៅ​ចន្លោះ​ឆ្នាំ​២០១៥-២០១៦ លើ​ទឹកប្រាក់​២.៣០០​លាន​ដុល្លារ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ទោះជា​យ៉ាងណា កម្ពុជា​នៅ​តែ​មានការ​នាំ​ចូល​ច្រើន ដោយសារ​កម្លាំង​ផលិត​ក្នុងស្រុក​មាន​កម្រិត និង​គុណភាព​ផលិតផល​របស់​កម្ពុជា​មាន​កម្រិតស្តង់ដា​ទាប ។

លោក​បន្ត​ថា ៖ « កម្ពុជា​បាន​យក​ស្តង់ដា​អាស៊ាន​មក​ប្រើប្រាស់ តែ​ការ​អនុវត្ត​ជាក់ស្តែង​មិន​បាន​តាម​ស្តង់ដា​ដែល​បាន​ដាក់​ចេញ​នោះ​ទេ ព្រោះ​បើ​កម្ពុជា​យក​ស្តង់ដា​ដូច​គេ អ្នក​ផលិត​ក្នុងស្រុក​ធ្វើ​មិន​បាន​ទេ ដោយសារ​ថ្លៃដើម​នៃ​ការ​ផលិត​ខ្ពស់ ព្រោះ​សិប្បកម្ម​ផលិត​នៅ​កម្ពុជា​មាន​លក្ខណៈ​ជា​គ្រួសារ » ។

លោក​បន្ត​ទៀត​ថា ៖ « ដោយសារ​គុណភាព​របស់​យើង​នៅ​មាន​កម្រិត ទើប​កម្ពុជា​ជួប​ឧបសគ្គ​ក្នុង​ការ​នាំ​ចេញ ដែល​ប្រទេស​ជិត​ខាងគេ​ដាក់​របាំង​មិនមែន​ពន្ធគយ ។ ផ្ទុយ​ទៅ​វិញ ផលិតផល​របស់​គេ​នាំ​ចូល​មក​កម្ពុជា​មាន​ភាព​ងាយស្រួល » ។

លោក អិុន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ថ្លែង​ថា គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​កាលពី​ឆ្នាំ​២០១៥ ដើម្បី​ទាក់ទាញ​រោងចក្រ​ខ្នាត​មធ្យម និង​ខ្នាត​ធំ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​រោងចក្រ​ទាំងនោះ​បាន កម្ពុជា​ត្រូវ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​តប​នឹង​ទីផ្សារ​ការងារ ។ លោក​បន្ត​ថា បើសិនជា​កម្ពុជា​គ្មាន​គោលនយោបាយ​នេះ យើង​ផ្តោត​តែ​លើ​រោងចក្រ​ប្រើប្រាស់​អតិពលកម្ម មាន​ចំណូល​ទាប ។ ផ្ទុយ​ទៅ​វិញ ប្រសិនជា​យើង​ទាក់ទាញ​បាន​រោងចក្រ​ខ្នាត​មធ្យម មាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ច្បាស់លាស់ យើង​នឹង​ទទួល​បាន​ចំណូល​ច្រើន ។

លោក​មាន​ប្រសាសន៍​ថា ៖ « កម្ពុជា​ត្រូវការ​រោងចក្រ​ធុន​មធ្យម​ច្រើន ព្រោះ​រោងចក្រ​បែប​នេះ​មិន​ងាយ​រើ​ទៅ​ទីណា​នោះ​ទេ ។ ពួក​គេ​ដាក់​ទុន​ធំ និង​មាន​ឆន្ទៈ​វិនិយោគ​រយៈពេល​វែង ព្រមទាំង​មូលដ្ឋាន​ផលិត​របស់​ពួក​គេ​មិន​ផ្តោត​តែ​ក្នុងស្រុក​ទេ គឺ​សម្រាប់​នាំ​ចេញ​ផង​ដែរ ។ វិស័យ​ឧស្សាហកម្ម​កំពុង​មានការ​រីក​ចម្រើន តែ​អ្វី​សំខាន់​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​ធនធានមនុស្ស​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​រោងចក្រ​ទាំងនោះ » ។

លោក អិុន ចាន់​នី បន្ត​ថា រោងចក្រ​ខ្នាត​មធ្យម​ជួយ​ដល់​សេដ្ឋកិច្ច​ច្រើន និង​រឹង​មាំ​សម្រាប់​រយៈពេល​វែង ហើយ​យើង​ត្រូវការ​ឧស្សាហកម្ម​បែប​នេះ​ច្រើន ស្រប​ពេល​កម្ពុជា​មាន​គោលនយោបាយ​ឧស្សាហកម្ម ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម និង​កំណើនសេដ្ឋកិច្ច នឹង​ធ្វើ​ឲ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​មក​វិនិយោគ​កាន់តែ​ច្រើន​ថែម​ទៀត ៕