រាជធានីភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ណែនាំដល់មន្ត្រីរដ្ឋបាលខណ្ឌក្រោមឱវាទទាំងអស់ ត្រូវខិតខំបន្តថែរក្សាអោយបានល្អ នូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំយ៉ាងលំបាក ដោយបានលះបង់ទាំងកម្លាំងពលំកាយចិត្ត និងជីវិត ដើម្បីយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស អោយរស់នៅប្រកបដោយសុខដុមរមនា ដល់សព្វថ្ងៃនេះ ស្របទៅនឹងពាក្យស្លោកមួយឃ្លារបស់ប្រមុខថ្នាក់ដឹកនាំ គឺ «អរគុណសន្តិភាព»។
![Picture]()
ប្រសាសន៍លើកឡើង ដើម្បីរំលឹកគុណដល់ពាក្យស្លោកដ៏សែនមានអត្ថន័យមួយឃ្លារបស់លោកអភិបាលខណ្ឌខាងលើនេះ ថ្លែងឡើងនៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ នៃសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ និងមានការអញ្ជើញចូលរួមពីអស់លោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងអស់លោក លោកស្រីមន្ត្រីចំណុះជំនាញ នៃរដ្ឋបាលខណ្ឌជាច្រើនរូប រួមទាំងបងប្អូនពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកឯងជាច្រើនទៀតផងដែរ។
![Picture]()
ពិធីប្រកាសនោះ គឺលោក សម សុធារី ជាចៅសង្កាត់ព្រែកឯងថ្មី តាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំនួសចៅសង្កាត់ចាស់ លោក នេត្រ សារ៉ែន ដែលបានដាក់ពាក្យឈប់សំរាកពីការងារដោយសារបញ្ហាសុខភាព។ នៅក្នុងអង្គពិធីខាងលើ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ បានណែនាំអោយពិនិត្យលើកិច្ចការងារស្នូលមួយចំនួន ដែលជាការងារយ៉ាងចាំបាច់ ត្រូវបម្រើកុំបីខានដល់ពលរដ្ឋ ។
![Picture]()
ក្នុងនោះរួមមាន ៖ ត្រូវដោះស្រាយបញ្ហាទឹកលិចនៅតាមចិញ្ចើមផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ដោយរកវិធីដោះស្រាយអោយអស់ពីលទ្ធភាព, ត្រូវដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៅតំបន់ដែលមានការជន់លិច និងតំបន់ផ្សេងទៀតដែលទទួលរងនូវការជនលិចដោយជំនន់ទឹកភ្លៀង, ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការលប់បំបាត់ល្បែ.ងស៊ីសងគ្រប់ប្រភេទ, ត្រូវខិតខំលប់បំបាត់គ្រឿងញៀ.ន មុខសញ្ញាចោរលួច ចោរឆក់ និងក្មេងទំនើង ដោយដាក់វេនគ្នាប្រចាំការ និងចុះល្បាតក្នុងមូលដ្ឋានជាប្រចាំ, ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីជំរុញអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់គ្នាៗតាំងពីដុសមូលដ្ឋាន និងដុសជំរុញ, ត្រូវខិតខំផ្សព្វផ្សាយអោយបានទូលំទូលាយក្នុងការផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងហួសកាលបរិច្ឆេទ រួមទាំងផ្តល់សេវាលើឯកសារអត្រានុកូលដ្ឋាន និងត្រូវខិតខំពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានអោយបានប្រសើរឡើងថែមទៀត តាមរយៈការរួមគ្នាអនុវត្តគោលនយោបាយ (ភូមិ-សង្កាត់មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព។
![Picture]()
អ្វីដែលសំខាន់បំផុតនោះ គឺលោកអភិបាលខណ្ឌ បានក្រើនរំលឹកបំផុត ក្នុងការណែនាំអោយមន្ត្រីក្រោមឱវាទទាំងអស់ មិនថាតែរដ្ឋបាលសង្កាត់ព្រែកឯងឡើយ គឺត្រូវខិតខំអោយបានខ្ពស់ ប្រកបដោយស្មារតី និងឆន្ទៈស្នេហាជាតិមាតុភាព ក្នុងការការពារ ក៏ដូចជាថែរក្សា នូវសន្តិភាព ដែលប្រមុខថ្នាក់ដឹកនាំប្រទេស គឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់កម្លាំងកាយចិត្ត នឹងមិនសោកស្តាយសូម្បីជីវិត ក្នុងការរកសន្តិភាពមកផ្តល់អោយពលរដ្ឋក្នុងប្រទេស រស់បានសុខសាន្តត្រើយដល់បច្ចុប្បន្ននេះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ