រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗកើតមកមិនប្រាកដថាមានជីវិតល្អប្រសើគ្រប់ៗគ្នាឡើយ ដោយខ្លះកើតមកក្នុងត្រកូលគ្រួសារអ្នកមានទ្រព្យស្ដុកស្ដម្ភ អាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់កូនក្នុងការសិក្សារៀនសូត្រចប់ចុងចប់ដើម រហូតទទួលបានការងារល្អៗធ្វើ និងមានមុខមានមាត់ក្នុងសង្គម ខ្លះទៀតកើតក្នុងត្រកូលគ្រួសារជាអ្នកក្រក្សត់ គ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់កូនក្នុងការសិក្សា រហូតធ្វើឲ្យកូនៗសម្រេចចិត្តបញ្ឈប់ការសិក្សាបោះបង់ការរៀនសូត្រចោល រួចក៏ទៅធ្វើការងារដែលប្រើកម្លាំងបាយ តែគ្រួសារខ្លះទៀត ទោះខ្លួនក្រលំបាកយ៉ាងណា ក៏តស៊ូឲ្យកូនៗរៀនសូត្រចប់ចុងចប់ដើម ដើម្បីឲ្យកូនៗមានអនាគតល្អ ដោយពួកគាត់បានលើកទស្សនៈពោលប្រាប់ទៅកាន់កូនៗថា «ព្រោះតែឪពុកម្ដាយក្រគ្មានចំណេះដឹង ទើបសុខចិត្តលំបាកអត់ឃ្លាន ដើម្បីឲ្យកូនៗបានរៀនសូត្រ រហូតជោគជ័យមានការងារល្អៗធ្វើ ដូច្នេះដាច់ខាតកូនត្រូវនាំភាពជោគជ័យមកជូនគ្រួសារយើងវិញណា៎»។
តួយ៉ាងថ្មីៗនេះ អ្នកនិយមលេងបណ្ដាញសង្គម នាំគ្នាស្ងើចសរសើរទៅលើកូនខ្មែរ២រូបនេះយ៉ាងខ្លាំង ក្រោយឃើញយុវជនពីររូបខាងលើ បានរៀនសូត្របញ្ចប់ការសិក្សាទាំងពីរនាក់នាំយកសញ្ញាប័ត្រជូនគ្រួសារ លើកមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងភាពថ្លៃថ្នូរជូនអ្នកមានគុណទាំងទ្វេរ រួចសម្ដែងការដឹងគុណចំពោះលោកអ្នកមានគុណ ខណៈគ្រួសារស្ថិតក្នុងស្ថានភាពមិនសូវធូរធាឡើយ តែលោកឪពុកអ្នកម្ដាយរបស់យុជនពីររូបខាងលើ ធ្លាប់បានពោលប្រាប់ៗលោកថា «ដោយសារតែភាពក្រីក្រ និងចង់ឱ្យកូនមានចំណេះដឹង ទើបពុកម៉ែជំរុញ និងលើកទឹកចិត្តឱ្យកូនៗខិតខំប្រឹងរៀន»។
យ៉ាងណាមិញនេះ បើយោងតាមរយៈគណនីហ្វេសប៊ុកយុវជនពីររូបខាងលើ ដែលមានឈ្មោះ «Man Soleak» បង្ហោះរូបភាពជាច្រើនសន្លឹក ស្ថិតក្នុងឈុតសម្រៀកបំពាក់បញ្ចប់ការសិក្សា លុតជង្គង់សំពះអ្នកមានគុណ នៅមុខផ្ទះស្បូវចាស់ធ្លុះធ្លាយ រួចពោលពាក្យយ៉ាងមានន័យថា «ជាថ្មីម្ដងទៀត កូនប្រុសទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឪពុក និងអ្នកម្ដាយ ដែលលះបង់គ្រប់បែបយ៉ាងសម្រាប់កូន បើទោះបីជាលោកមានជីវភាពលំបាក់ ក៏លោកនៅតែជម្រុញ និងលើកទឹកចិត្តឲ្យកូនៗខិតខំប្រឹងរៀន ហើយអ្វីដែលកូនចងចាំមិនភ្លេចនោះ គឺលោកឪពុក និងអ្នកម្ដាយតែងតែប្រាប់កូនថា ពុកម៉ែមិនបានរៀន ពុកម៉ែលំបាក់ តែពុកម៉ែមិនចង់ឲ្យកូនលំបាក់ និងមិនបានរៀនដូចជាពុកម៉ែនោះទេ»។
យុវជនគំរូពីររូបខាងលើ បានពោលទៅកាន់អ្នកមានគុណទាំងពីរថា «កូនៗពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតមកជាកូនរបស់លោកទាំងពីរ ហើយក្រៅពីនេះទៅទៀតនៅមានផ្ទះដ៏កំសត់មួយនេះទៀត ដែលតែងតែផ្ដល់ជាជម្រក និងភាពកក់ក្ដៅសម្រាប់កូនគ្រប់គ្នា»។
កូនខ្មែរទាំងពីររូបខាងលើបានរំលឹកពីទស្សនៈរបស់អ្នកមានគុណទាំងពីរ ដោយពោលថា «ជាចុងក្រោយ ខ្ញុំចង់បង្ហាញពីទស្សនៈរបស់លោកឪពុក និងអ្នកម្ដាយរបស់ខ្ញុំដែលតែងតែប្រាប់ថា «ដោយសារតែភាពក្រីក្រ និងចង់ឲ្យកូនមានចំណេះដឹង ទើបពុកម៉ែជម្រុញ និងលើកទឹកចឹត្តឲ្យកូនៗខំតខំប្រឹងរៀន»។ ដើម្បីមានចំណេះដឹង ក្នុងការជួយសង្គមគ្រួសារ ក៏ដូចជាប្រទេសជាតិផងដែរ។ ដូច្នេះហើយប្អូនៗដែលជាធនធាន និងជាសសរទ្រូងប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានច្រើន»។
យ៉ាងណាមិញ ការបង្ហោះរូបភាពបង្ហាញពីគំរូល្អ និងភាពថ្លៃថ្នូរក្នុងការតស៊ូរបស់យុវជនខាងលើនេះ ទទួលបានការកោតសរសើរ និងសារទរយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមភ្លូកទឹកភ្លូកដីតែម្ដង ហើយសកម្មភាពទាំងអស់នេះ ក៏បានបង្ហាញគម្រូល្អដល់ដល់យុវជនជំនាន់ក្រោយៗ អោយខិតខំសិក្សារៀនសូត្រ បើទោះបីជាជួបឧបសគ្គអ្វីក៏ដោយ មិនត្រូវចុះចាញ់ជាដាច់ខាត៕
ចែករំលែកព័តមាននេះ