ខេត្តរតនគិរី ៖ យុវជន២នាក់ត្រូវមន្ត្រីអភិរក្សពន្ធនាគារឃាត់ខ្លួនខណៈជនទាំងពីរនាក់បានបង្កប់រណាអារដែកនៅក្នុងស្បែកជើងពេលចូលជួបអ្នកទោស ហើយប្តូរស្បែកជើងឱ្យអ្នកទោសដែលចេញមកសាកសួរសុខទុក្ខនៅខាងក្រៅរបងពន្ធនាគារ ។ ជនសង្ស័យទាំងពីរត្រូវមន្ត្រីពន្ធធនាគារចាប់បញ្ជូនកសាងសំណុំរឿងភ្លាមៗក្រោយពីគេបានសារភាពដោយត្រង់នៅថ្ងៃទី៤ មីនា ឆ្នាំ២០១៧ ។ ពួកគេមានឈ្មោះ សូម ណាក់ ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ដុំ ផុន អាយុ២១ឆ្នាំ ដូចគ្នាគេទាំងពីរជាជនជាតិទំពួន និងមានទីកំណើតនៅជាមួយគ្នាក្នុងភូមិកាចូន ឃុំកាចូន ស្រុកវ៉ើនសៃ ។
ក្រោយពីមន្ត្រីពន្ធនាគារឆែកឃើញលាក់ផ្លែរណាអារដែកនៅក្នុងទ្រនាប់ជើងផ្ទាត់ពណ៌សគេបានសារភាពថា បងស្រីរបស់គេឈ្មោះ ពន់ ត្រូវជាប្រពន្ធជនជាប់ចោទឈ្មោះ សូម លូន (ជាពិរុទ្ធជនជាប់ពាក់ព័ន្ធក្នុងបទល្មើសគ្រឿងញៀន) បានពឹងឱ្យគេយកផ្លែរណាអារដែកនោះឱ្យទៅឈ្មោះ សូម លូន ហើយមន្ត្រីពន្ធនាគារមានការសង្ស័យរួចចាប់ឃាត់ឆែករកឃើញតែម្តង នៅប៉ុស្ដិ៍ឆែកឆេរអីវ៉ាន់ ។
សូមបញ្ជាក់ថា ពន្ធនាគារភ្នំស្វាយនៅក្នុងខេត្តរតនគិរីនេះគឺធ្លាប់មានអ្នកជាប់ឃុំរត់គេចខ្លួនរួចប៉ុន្មាននាក់កន្លងមកហើយ ដោយសារតែចំរឹងបង្អួចត្រូវគេលួចកាត់ឱ្យមានប្រហោង ។ មកដល់ ពេលនេះអ្នកដែលបានគេចខ្លួនចេញពីពន្ធនាគារនោះនៅមិនទាន់ដឹងថា ត្រូវគេចាប់បញ្ជូលមកក្នុងពន្ធនាគារវិញហើយឬនៅនោះទេ ។
គេកំពុងឆ្ងល់ថា តើស្ត្រីដែលត្រូវជាប្រពន្ធពិរុទ្ធជនដែលកំពុងជាប់ក្នុងពន្ធធនាគារនឹងត្រូវគេចាប់ខ្លួនដែរឬទេ ពីព្រោះថាតាមចម្លើយសារភាពរបស់យុវជនដែលបានឃាត់ខ្លួនគឺស្ត្រីនោះបានពឹងឱ្យយុវជននោះយកផ្លែរណាអារដែកឱ្យជនជាប់ចោទ ។ លោកប្រធានពន្ធនាគារភ្នំស្វាយ ទីន សុវណ្ណណី មិនអាចស្វែងរកការផ្តល់ព័ត៌មានបន្ថែមបានទេដោយសារប្រព័ន្ធទូរស័ព្ទរបស់លោកត្រូវបានបិទ ៕
ចែករំលែកព័តមាននេះ