រាជធានីភ្នំពេញ៖ សកម្មភាពចោរឆក់កាបូបពីអ្នកដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជាពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកដែលជូនប្ដី ប្រពន្ធ ឬសាច់ញាតិឡើងយន្តហោះ តែងតែបានកើតឡើងជាបន្តបន្ទាប់ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូឌុប ឬម៉ូតូរ៉ឺម៉កកង់បីទៅឈប់នៅចំណុចភ្លើងស្តុបច្រក ចូលទៅកាន់អាកាសយានដ្ឋាននោះ។ម្យ៉ាងទៀតក៏មានការលើកឡើងថា មុខសញ្ញាចោរដែលធ្វើសកម្មភាពនៅទីនោះ ហាក់ដូចជាដដែលៗ និងតែងតែមានសំណាងរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាពរាល់លើក មិនត្រូវបានកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងកងរាអាវុធហត្ថបង្ក្រាបបាននៅឡើយទេ ហើយមានអ្នករងគ្រោះជាបន្តបន្ទាប់។
ជាក់ស្ដែងសកម្មភាពឆក់កាបូបថ្មីមួយទៀត បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដដែលនោះ មានសកម្មភាពចោរឆក់កាបូបលុយពីស្ត្រីម្នាក់បានសម្រេច និងបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាពទៀត ដែលនៅក្នុងកាបូបនោះមាន ទូរស័ព្ទស៊េរីទំនើបចំនួន២គ្រឿង លុយចំនួន៥០០ដុល្លារ និងសម្ភារមួយចំនួនទៀត សរុបជាទឹកប្រាក់ជាង១. ០០០ដុល្លារ។ ស្ត្រីរងគ្រោះដោយសារចោរ ឆក់កាបូបស្ពាយនោះឈ្មោះ ប្រាក់ និមល អាយុ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើតនៅក្នុងភូមិព្រៃចំបក់ ឃុំតាំងយ៉ាប ស្រុកព្រៃកាបាស ខេត្តតាកែវ។
ស្ត្រីរងគ្រោះខាងលើបាននិយាយប្រាប់ឲ្យនគរបាលដឹងថា នៅមុនពេលកើតហេតុគាត់បាន ជិះម៉ូតូរ៉ឺម៉កកង់បី១គ្រឿងជាមួយប្ដី រួមទាំងបងប្អូនចំនួន៣នាក់ទៀត ធ្វើដំណើរចាកចេញពីសណ្ឋាគារមួយកន្លែងនៅម្តុំគីឡូម៉ែត្រលេខ៤ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូង។ ដើម្បីជូនប្ដីឡើងយន្តហោះ ទៅកាន់សហរដ្ឋអាមេរិក លុះពេលទៅដល់ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជិតដល់ច្រកចូល ខណៈពេលដែលម៉ូតូរ៉ឺម៉កកង់បីបន្ថយល្បឿនយឺតៗ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ មិនចាំស្លាលេខ១គ្រឿង ទៅអែបជិត រួចបានធ្វើ សកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់។
ប្រភពដដែលបានបន្តថា ខណៈនោះគាត់ និងអ្នកដំណើរតាមផ្លូវបានជួយស្រែកថា «ចោរៗ»ប៉ុន្តែចោរម្នាក់នោះនៅតែជិះម៉ូតូគេចខ្លួនបាត់តែម្តង ហើយដោយសារតែកាបូបនោះគាត់ស្ពាយជាប់ខ្លួន ហើយឲ្យកូនតូចរបស់គាត់អង្គុយលើកាបូបនោះផង ស្ទើរតែធ្វើឲ្យកូនតូចរបស់នាងដែលទើបតែមានអាយុ១ឆ្នាំជួបគ្រោះថ្នាក់ធំទៀតផង។
ក្រោយពេលកើតហេតុ គាត់បានជូនប្ដីឡើងយន្តហោះរួចរាល់ ទើបធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ នគរបាលកាកាប ដាក់ពាក្យបណ្ដឹងសុំការអន្តរាគមន៍ពីសំណាក់នគរបាលប៉ុស្ដិ៍ ដើម្បីស្រាវជ្រាវស្វែងរកមុខចោរឆក់ខាងលើផ្ដន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ