ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិឡាវវ័យជាង៣០ម្នាក់ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងកាលពីព្រឹកថ្ងៃទី៥ មីនា ២០១៧ ដោយមន្ត្រីអនុវត្តច្បាប់នៃការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តក្រោយចាប់ខ្លួនជាមួយគ្រឿងញៀនចំនួន៥ដុំធំ ជិត៥គីឡូក្រាម កាលពីថ្ងៃទី៤ មីនា ២០១៧ ។
ជនសង្ស័យជាជនជាតិឡាវរូបនេះត្រូវបានចាំខ្លួននៅចំណុចស្ពានទី២ផ្លូវទៅវ៉ើនខាម ស្ថិតក្នុងភូមិខាមផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយកម្លាំងនគរបាលការិយាល័យអប់រំផ្សព្វផ្សាយ(ក៩)នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃរួមសហការកម្លាំងនគរបាលbloប្រចាំព្រំដែនកម្ពុជា-ឡាវ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនជនជាតិឡាវរូបនេះពីបទរត់ពន្ធគ្រឿងញៀនយ៉ាងច្រើនពីប្រទេសឡាវចូលធ្វើការដោះដូរនៅលើទឹកដីកម្ពុជា ។
លោក ម៉ៅ តារា ស្នងការនគរបាលខេត្តបានផ្តល់បទសម្ភាសន៍ជាមួយអ្នកសែតកាលពីថ្ងៃទី៤ មីនា២០១៧ ក្រោយចាប់ខ្លួននោះបន្តិចដោយបានសង្កត់ធ្ងន់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១រយៈពេល៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត ។
លោកឧត្តមសេនីយ៍ត្រី ពៅ សំអេង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៃសន សៃញ៉ាខាម ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិណាឌី ស្រុកវៀងថង ខេត្តបូលីខាំសៃ ប្រទេសឡាវ ក្រោយចាប់ខ្លួនកម្លាំងជំនាញបានដកហូតថ្នាំញៀន៥ដុំស្មើរទម្ងន់៤.៩២៨,៩ក្រាម(ជិត៥គីឡូក្រាម) ជាប្រភេទមេតំហ្វេតាមីម្សៅក្រាមពណ៌សថ្លា ។ លោកបន្តថា ស្ថិតក្រោមការបង្ក្រាបករណីជួញដូរថ្នាំញៀនខាងលើកម្លាំងរបស់លោកបានតស៊ូរយៈពេលច្រើនខែមកហើយទើបធ្វើការបង្ក្រាបបាននៅពេលនេះ ។ គួររំលឹកថា នេះជាលើកទី២លើការបង្ក្រាបគ្រឿងញៀននៅស្ទឹងត្រែងដែលកម្លាំងខាងលើធ្វើការបង្ក្រាបបានជោគជ័យតាមផែនការបន្ទាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ឃាត់ខ្លួនសង្ស័យម្នាក់ដកហូតថ្នាំញៀន២ម៉ឺន៤ពាន់គ្រាប់ ៕
ចែករំលែកព័តមាននេះ