ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​ម វាសនា ជិត​អស់​ស្បៀង​ហើយ​…​មេ​ជំរំ​រត់ការ​សុំ​ដឹក​ចូល

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រហូត​មក​ដល់​ពេល​នេះ​អ្នក​រស់នៅ​ក្នុង​ចម្ការ​លោក ខឹ​ម វាសនា មាន​ចំនួន​ជាង​១​ពាន់​នាក់ គិត​ទាំង​ចាស់​-​ក្មេង ។ ទោះបី​ដឹង​ថា ការ​ជួបជុំ​នេះ​នៅ​តែ​បន្ត​មិន​ទាន់​រំសាយ​ក្តី…

ខេត្តសៀមរាប ៖ រហូត​មក​ដល់​ពេល​នេះ​អ្នក​រស់នៅ​ក្នុង​ចម្ការ​លោក ខឹ​ម វាសនា មាន​ចំនួន​ជាង​១​ពាន់​នាក់ គិត​ទាំង​ចាស់​-​ក្មេង ។ ទោះបី​ដឹង​ថា ការ​ជួបជុំ​នេះ​នៅ​តែ​បន្ត​មិន​ទាន់​រំសាយ​ក្តី ក៏​វា​ហាក់​ជិត​ដល់​ពេល​បែក​សំបុក​ហើយ ដោយសារ​តែ​យុទ្ធសាស្ត្រ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​មុខ​ចម្ការ​នោះ គឺ​ឱ្យ​តែ​មនុស្ស​ចេញ​តែ​ចូល​វិញ​មិន​បាន​ទេ ។ ដោយសារ​តែ​បញ្ហា​នេះ​ហើយ​ទើប​មានការ​បែកធ្លាយ​មក​ថា ស្បៀងអាហារ​ប្រហែលជា​កាន់តែ​ខើច​ហើយ មិនយូរ​ទេ ចម្ការ​នោះ​នឹង​ក្លាយជា​ចម្ការ​រហោស្ថាន​មួយ​មិន​ខាន ដែល​អាច​សល់​តែ​ជីលា​មក​ប៉ុណ្ណោះ ។

តាម​សេចក្តីរាយការណ៍​នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាល​ប្រជុំ​សាលាស្រុក​បន្ទាយស្រី មាន​ជួប​ប្រជុំ​ពិភាក្សា​សម្របសម្រួល និង​រក​ដំណោះស្រាយ​ជាមួយ​លោក​នី ចាន់​ពិនិត្យ ដៃស្តាំ ខឹ​ម វាសនា តំណាង​(LDP) ក្រោម​អធិបតី​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណ​អភិបាលខេត្ត ដោយ​មាន​លោកស្នងការ​រង​ខេត្ត ។ លោក ភ​ន់ សុខុម អភិបាល​ស្តីទី​ស្រុក​បន្ទាយស្រី និង​កងកម្លាំង​ក្រុមការងារ​ចម្រុះ សរុប​ជា​ច្រើន​នាក់ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក នី ចាន់​ពិនិត្យ តំណាង​បក្ស​LDP​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ ដែល​មក​ប្រមូលផ្តុំ​គ្នា​ក្នុង​ចម្ការ​១២​ហិ​កតា នៅ​សល់​ចំនួន​ពិតប្រាកដ​សរុប​១៣៣៨​នាក់ ។ ដូច្នេះ​ហើយ​លោក​សុំ​ដឹក​បន្លែ​ចូល​រាល់ថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​ចំនួន​មនុស្ស​ប្រហែល​(២០០​នាក់​ទៅ​៣០០​នាក់​) និង​មាន​ឆន្ទ​:​បន្ត​ណែនាំ​ដល់​អ្នក​នៅ​ក្នុង​ចម្ការ​ឱ្យ​បន្ត​ការ​ចាកចេញ ។

លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​បញ្ជាក់​ថា នឹង​យក​សំណូមពរ​ពី​លោក នី ចាន់​ពិនិត្យ ដើម្បី​យក​ទៅ​ឆ្លង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សិន និង​ប្រាប់​តាម​ក្រោយ ។លោក​អភិបាលរង​ខេត្ត​បាន​បន្ថែម​ថា សមត្ថកិច្ច​នឹង​ត្រូវ​ចូល​ទៅ​រាប់​មនុស្ស​ជាក់ស្តែង​នៅ​ក្នុង​ចម្ការ​ម្រេច​១២​ហិ​កតា​នៅ​ថ្ងៃ​ខាង​មុខ ហើយ​លោក​ស្នើ​ឱ្យ​លោក នី ចាន់​ពិនិត្យ ជួយ​ណែនាំ​ឱ្យ​ក្រុម​សន្តិសុខ​(LDP)​មានការ​យោគយល់​បញ្ចៀស​ការ​ប៉ះពាល់​ពាក្យ​សម្តី​គ្នា​ជាមួយ​សមត្ថកិច្ច ។ លោក​បាន​បញ្ជាក់​ទៀត​ថា កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១០​និង​១៥ នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​ថា ប្រជាពលរដ្ឋ ដែល​បាន​ចាក​ចេញពី​ដីចម្ការ​១២​ហិ​កតា ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ អ្នក​ចេញ​សរុប ២៣​នាក់ ស្រី្ត​៥​នាក់ ក្មេង​២​នាក់ ។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​ចាក​ចេញពី​ក្នុង​ដីចម្ការ​១២​ហិ​កតា ប្រាប់​សមត្ថកិច្ច​ថា នៅ​ខាងក្នុង​ជិត​អស់​ស្បៀងអាហារ​ហើយ ព្រោះ​សមត្ថកិច្ច​ឱ្យ​មនុស្ស​ចេញ​បាន តែ​មិន​ឱ្យ​ចូល ព្រមទាំង​មិន​ឱ្យ​ទិញ​សម្ភារៈ​ប្រើប្រាស់​ចូល​ទៅ​ក្នុង​វិញ​បាន​ឡើយ ។ ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​អ្នក​ដែល​បន្ត​ប្រមូលផ្តុំ​ជួបជុំ​គ្នា​នៅ​ក្នុង​ដីចម្ការ​ម្រេច​១២​ហិ​កតា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ នៅ​សល់​ប្រមាណ​១៣៣៨​នាក់ ។ នេះ​បើ​តាម​របាយការណ៍​របស់​លោក នី ចាន់​ពិនិត្យ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ LDP ដែល​បាន​ប្រជុំ​ពិភាក្សា​គ្នា​នៅ​សាលាស្រុក​បន្ទាយស្រី​ជាមួយ​លោក នាក់ ណេ​រុន អភិបាលរង​ខេត្តសៀមរាប និង​លោក​អភិបាល​ស្តីទី​ស្រុក​បន្ទាយស្រី ។

ប្រភព​បាន​បន្ថែម​ថា សមត្ថកិច្ច​យើង​នៅ​តែ​បន្ត​សម្របសម្រួល និង​ត្រៀមលក្ខណៈ សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​លំនៅ​ឋាន​វិញ និង​ការ​ត្រួតពិនិត្យ​សុខភាព និង​ផ្តល់​ស្បៀងអាហារ ដោយ​ឥត​គិតថ្លៃ ។

ជាមួយ​គ្នា​នេះ​ក៏​នៅ​តែ​បន្ត​ទទួល​ពាក្យបណ្តឹង​ស្រាវជ្រាវ​អំពី​បទល្មើស​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​ខុសច្បាប់​នេះ ។ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និង​កងកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផែនការ​តាមដាន​ក្តាប់​សភាពការណ៍ និង​អនុវត្តន៍​វិធានការ​ផ្សេង​ៗ ប្រកបដោយ​ភាព​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់ និង​ត្រូវ​ត្រៀមលក្ខណៈ​ជា​ស្រេច​សម្រាប់​គ្រប់គ្រង​សិ្ថ​តិ​អ្នក​ប្រមូលផ្តុំ និង​ជា​ពិសេស​សកម្មជន​គណបក្ស​ដែល​ពុំ​ទាន់​សម្រេចចិត្ត ចាក​ចេញពី​ក្នុង​ចម្ការ ៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ