ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍ច្បាស់ការណ៍មួយបានទម្លាយឱ្យដឹងថា អាជ្ញាធរក្នុងខេត្តសៀមរាប និងក្រុមសមត្ថកិច្ចមួយចំនួន បានប្រមូលលុយពីអាជីវករផ្សាររាត្រីអង្គរឃ្យុងយូ ក្នុង១ខែៗរាប់លានរៀល ដោយមិនដឹងថា យកទៅចូលថវិកាជាតិ ឬក៏ចែកគ្នាចាយស្ងាត់ៗនោះទេ។ ប្រភពបានទម្លាយទៀតថា លុយចំណូលនៅផ្សាររាត្រីអង្គរឃ្យុងយូ ត្រូវបានអាជ្ញាធរ និងក្រុមសណ្ដាប់ធ្នាប់ប្រមូលយកទៅចែកគ្នាឬយ៉ាងណាទេ?
ប្រភពបានបន្ថែមថា ក្នុង១តូបយ៉ាងហោចណាស់ ត្រូវបង់លុយ១ពាន់រៀល និងថ្លៃអនាម័យ៥០០រៀល, ថ្លៃសណ្ដាប់ធ្នាប់៥០០រៀល ៖ មានតូបចំនួន៣៥០តូប ដែលអាជីវករតែងតែលក់ ជាប្រចាំស្មើ១ថ្ងៃ៣៥ម៉ឺនរៀល និងក្នុង១ខែ ចំណូលបាន១០.៥០០.០០០រៀល មិនគិតចូលពីការយកលុយថ្ងៃយាមរទេះ និងរោងផ្សេងទៀតៗផង។ រីឯចំណូលកំពុងស្ថិតក្នុងអាថ៌កំបាំង។
ទោះជាបីជាយ៉ាងនេះក្តី លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប មិនអាចទាក់ទងសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី៤ មីនានេះ ដោយហៅទូរស័ព្ទទៅលោកចូល តែគ្មានអ្នកទទួល ម្ល៉ោះហើយរកការបំភ្លឺលើមន្ទិលសង្ស័យមិនបាន ។
ជុំវិញករណីខាងលើនេះដែរ កោះសន្តិភាពមិនអាចសុំការបកស្រាយបំភ្លឺពីលោក ពៅ ពិសិទ្ធ អភិបាលរងខេត្តសៀមរាប ដែលប្រភពបានឱ្យដឹងថា លោកជាអ្នកមើលការខុសត្រូវនៅតំបន់នេះ ជំនួសមុខឱ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បាននៅឡើយទេ នារសៀលថ្ងៃទី៤ មីនា នេះ ដោយសារទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។
សូមបញ្ជាក់ផងដែរថា ផ្សាររាត្រីអង្គរឃ្យុងយូរ ដែលអាជីវករបានលក់នៅពេលយប់ជារៀងរាល់យប់នេះ មានចំនួន៥៥១តូប ចំណែកអ្នកលក់ជាប្រចាំមានប្រមាណជាង៣០០តូប៕
ចែករំលែកព័តមាននេះ