ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ជប៉ុន​សហការ​នាំ​ចូល និង​ដំឡើងជណ្ដើរយន្ត និង​ជណ្ដើរយន្ត​ប្រអប់​តាម​អគារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​វិស័យ​សំណង់ អគារ​ខ្ពស់​ៗ និង​ផ្សារ​ទំនើប​ដែល​បាន​រីក​លូតលាស់​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​វិនិយោគិន​កម្ពុជា និង​ជប៉ុន​ចាប់ដៃ​សហការ​គ្នា​នាំ​ចូល​និង​ដំឡើង​ជណ្ដើរយន្ត និង​ជណ្ដើរ

រាជធានី​ភ្នំពេញ ៖ កំណើន​នៃ​វិស័យ​សំណង់ អគារ​ខ្ពស់​ៗ និង​ផ្សារ​ទំនើប​ដែល​បាន​រីក​លូតលាស់​ជា​បន្តបន្ទាប់ បាន​ធ្វើ​ឲ្យ​វិនិយោគិន​កម្ពុជា និង​ជប៉ុន​ចាប់ដៃ​សហការ​គ្នា​នាំ​ចូល​និង​ដំឡើង​ជណ្ដើរយន្ត និង​ជណ្ដើរយន្ត​ប្រអប់​នៅ​តាម​អគារ​ខ្ពស់​ៗ ខុន​ដូ សណ្ឋាគារ និង​ផ្សារ​ទំនើប ដើម្បី​សម្រួល​ដល់​ក្រុមហ៊ុន​សំណង់​ដែល​កំពុង​សាងសង់​នៅ​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២ មីនា កន្លង​ទៅ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា លោក Hiroshi Sato អគ្គនាយក​ក្រុមហ៊ុន Hitachi ផ្នែក​ប្រព័ន្ធ​អគារ បានឱ្យ​ដឹង​ថា ដោយ​បាន​សិក្សា​ស្រាវជ្រាវ​ទីផ្សារ​នៃ​តម្រូវការ​ជណ្ដើរយន្ត និង​ជណ្ដើរយន្ត​ប្រអប់​ឃើញ​ថា មាន​តម្រូវការ​ច្រើន ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ កំណើន​ការ​វិនិយោគ​នៅ​កម្ពុជា​បាន​ស្ទុះ​ងើប​ខ្លាំង ជា​ពិសេស​វិស័យ​អចលនទ្រព្យ ដោយ​សំដៅលើ​សំណង់​អគារ​ខ្ពស់​ៗ សណ្ឋាគារ ខុន​ដូ និង​ផ្សារ​ទំនើប​ជាដើម ។

លោក​មាន​ប្រសាសន៍​ថា ៖ « ដើម្បី​សម្រួល​ដល់​ការ​អភិវឌ្ឍ​អគារ ខុន​ដូ សណ្ឋាគារ ផ្សារ​ទំនើប​កាន់តែ​រហ័ស ទើប​ក្រុមហ៊ុន​បាន​បើក​ដំណើរការ​នៅ​កម្ពុជា​ផ្ទាល់​តែ​ម្ដង ដោយ​បាន​នាំ​ចូល និង​ដំឡើង​ជណ្ដើរយន្ត និង​ប្រអប់​ម៉ាក​Hitachi ដោយ​ជាង​ជំនាញ​ៗ និង​មាន​អ្នកត្រួតពិនិត្យ​បច្ចេកទេស​ត្រឹមត្រូវ » ។

លោក​បន្ត​ថា កាលពី​ឆ្នាំ​មុន​នេះ ក្រុមហ៊ុន Hitachi បាន​ផ្ដល់​ជូន​ជណ្ដើរយន្ត លឿន​ជាងគេ​លើ​ពិភពលោក​ដោយ​មាន​ល្បឿន​រហូត​ដល់​១​ពាន់​ម៉ែត្រ ក្នុង​១​នាទី​លើ​ទីផ្សារ​ពិភពលោក និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រទេស​ជា​ច្រើន ។ កាលពី​ថ្មី​ៗ​នេះ​ដែរ ក្រុមហ៊ុន Hitachi ក៏​បាន​បំពាក់​ជណ្ដើរយន្ត​នៅ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់ ភ្នំពេញ​នៅ​កម្ពុជា​ផង​ដែរ តាម​រយៈ​ក្រុមហ៊ុន Hitachi ប្រទេស​ថៃ ។ ដូចនេះ​ដើម្បី​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​នោះ ទើប​ក្រុមហ៊ុន​មក​បើក​នៅ​កម្ពុជា​តែ​ម្ដង ។

លោក​បន្ថែម​ថា ការ​បើក​ក្រុមហ៊ុន​ថ្មី នាំ​ចូល​ជណ្ដើរយន្ត និង​ប្រអប់​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ត្រឹមតែ​សម្រាប់​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​ពង្រីក​ទីផ្សារ​បន្ថែម​ទៀត​ទៅ​ក្នុង​តំបន់​អាស៊ី​ទាំងមូល​ផង​ដែរ ព្រោះ​វត្តមាន​ជណ្ដើរយន្ត និង​ជណ្ដើរ​ប្រអប់ Hitachi នៅ​ក្នុង​តំបន់​មាន​យូរ​មក​ហើយ​ដែរ ។

លោក Sakchai Worrasangasilpa នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Hitachi ប្រចាំ​កម្ពុជា ក៏​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរការ​អាជីវកម្ម​ជណ្ដើរយន្ត និង​ជណ្ដើរយន្ត​ប្រអប់​នៅ​កម្ពុជា ក្រៅពី​ការ​លក់​ក្រុមហ៊ុន ក៏​មាន​សេវាកម្ម​ថែទាំ និង​ប្រឹក្សារ​ជាមួយ​អតិថិជន​ផង​ដែរ​។ ក្រៅពី​នោះ​ទៀត ក្រុមហ៊ុន​ក៏​បាន​មាន​សេវា​ជួសជុល ត្រួតពិនិត្យ​ជូន​អតិថិជន ព្រោះថា​ក្រុមហ៊ុន​ចង់​ធ្វើ​អ្វី​ជាមួយ​អតិថិជន​ជា​រៀង​រហូត មិនមែន​លក់​ហើយ​ចប់​នោះ​ទេ ។

លោក​បន្ត​ថា ការ​បើក​ក្រុមហ៊ុន Hitachi នៅ​កម្ពុជា ក៏​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា តាម​រយៈ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ដំឡើង និង​ថែទាំ​ជណ្ដើរយន្ត​ផង​ដែរ។ លោក​និយាយ​ថា ៖ « ចំពោះ​ជណ្ដើរយន្ត​ដែល​នាំ​ចូល​និង​ដំឡើង​ជូន​អតិថិជន​នៅ​កម្ពុជា គឺ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ថៃ តែ​ផលិត​ទៅ​តាម​ស្តង់ដា​ប្រទេស​ជប៉ុន​សុទ្ធសាធ និង​មានការ​ត្រួតពិនិត្យ​ពី​អ្នកជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ត្រឹមត្រូវ​ផង​ដែរ​។ ដូចនេះ ផលិតផល Hitachi ទាំងអស់​សុទ្ធតែ​ផលិត​ឡើង​ស្រប​តាម​ស្តង់ដា​តែ​មួយ » ។
លោក ជា ហ៊ុយ ភាគ​ទុ​និក​កម្ពុជា​នៃ​ក្រុមហ៊ុន Hitachi ប្រចាំ​កម្ពុជា ក៏​បានឱ្យ​ដឹង​ថា លោក​ជឿជាក់​លើ​គុណភាព​របស់​ជប៉ុន ទើប​លោក​បាន​សម្រេចចិត្ត​វិនិយោគ​ជាមួយ​ជប៉ុន ដោយ​នាំ​យក​ជណ្ដើរយន្ត​និង​ជណ្ដើរ​ប្រអប់​ម៉ាក​Hitachi​នេះ មក​កាន់​ទីផ្សារ​កម្ពុជា ហើយ​សង្ឃឹមថា ដំណើរការ​ក្រុមហ៊ុន Hitachi នឹង​មាន​ភាពល្អ​ប្រសើរ និង​មាន​ការ​គាំទ្រ​ពី​អតិថិជន​នៅ​កម្ពុជា ដែល​ជា​ម្ចាស់​អគារ ខុន​ដូ សណ្ឋាគារ មន្ទីរពេទ្យ ផ្សារ​ទំនើប​ជាដើម ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Hitachi នៅ​កម្ពុជា ថា​ដើមទុន​ក្នុង​ការ​វិនិយោគ​លើ​ការ​បើក​ក្រុមហ៊ុន Hitachi នៅ​កម្ពុជា ចំណាយ​ទឹកប្រាក់​ប្រមាណ​១,២​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​នោះ ទុន​៤៧% ពី​ក្រុមហ៊ុន​រោងចក្រ Hitachi, ៣០%​ពី​ក្រុមហ៊ុន​ជណ្ដើរយន្ត​ប្រអប់​Hitachi ប្រទេស​ថៃ និង​២៣% ពី​ក្រុមហ៊ុន​កម្ពុជា CMED៕