មនុស្សជាច្រើនសង្ស័យថា ហេតុអ្វីតម្លៃផ្ទះ និងខុនដូកើនឡើងជារៀងរាល់ឆ្នាំ ? ចំពោះអ្នកគិតចង់ទិញផ្ទះត្រូវតែប្រញាប់ទិញ ព្រោះខ្លាចតម្លៃកើនឡើងរហូតដល់ទិញមិនបាន ជាពិសេស ក្នុងទីតាំងល្អៗនៅកណ្តាលក្រុង ធ្វើដំណើរងាយស្រួល តម្លៃក៏កាន់តែកើនឡើងឆាប់រហ័សតាមការលូតលាស់នៃតំបន់នោះ ប៉ុន្តែក្រៅពីចំណុចខាងលើហើយ គឺនៅមានកត្តាផ្សេងទៀតពាក់ព័ន្ធនឹងតម្លៃផ្ទះផងដែរ ខណៈកត្តាអវិជ្ជមានច្រើន ក៏ធ្វើឲ្យតម្លៃផ្ទះធ្លាក់ចុះដូចគ្នា ។ ខាងក្រោមនេះ ជាកត្តា៥យ៉ាងដែលពាក់ព័ន្ធនឹងតម្លៃផ្ទះនៅលើទីផ្សារជាក់ស្ដែង ៖
១-ទីតាំង ៖
បេះដូងសំខាន់របស់ការទិញផ្ទះគឺ «ទីតាំង» ដែលប្រកបទៅដោយគមនាគមន៍អាចចូលដល់ងាយស្រួល ។ លក្ខណៈងាយស្រួលមិនថាជាហាងទំនិញសព្វមុខ, មន្ទីរពេទ្យ, ផ្សារ និងសាលារៀន ។ល។ ទាំងអស់នេះគឺជា «កត្តាសំខាន់» ដែលធ្វើឲ្យតម្លៃផ្ទះកើនឡើងយ៉ាងឆាប់រហ័ស ។
២-បរិស្ថានជុំវិញ និងអ្នកជិតខាង ៖
ការទិញផ្ទះ មិនមែនត្រឹមតែផ្ទះរបស់យើងតែមួយខ្នងនោះទេ ប៉ុន្តែនៅមានការរស់នៅរួមគ្នាជាសហគមន៍ ឬគម្រោង ដែលមានអ្នកជិតខាងទាំងឡាយ ព្រោះអ្នកជិតខាងល្អ គឺសង្គមល្អ ក្រៅពីនេះ នៅរួមទាំងបរិស្ថានជុំវិញផងដែរ ។
ពុំមានអ្នកណាម្នាក់ចង់រស់នៅផ្ទះដែលពេញទៅដោយភាពឧបទ្រពនោះទេ មើលទៅខាងណា ក៏ឃើញតែភាពមិនស្រស់ស្អាត ហើយតម្លៃផ្ទះដែលស្ថិតក្នុងទីតាំងបែបនេះ នឹងកើនឡើងយឺតឬលក់ដោយលំបាក ហៅម្យ៉ាងថា«គ្មានទីផ្សារ»។
៣-មិនទាន់បង្ហាញពីអនាគត ៖
វាជាទិសដៅខាងមុខ ថាតើទីតាំងនេះនឹងបែរទៅរកទិសណា ហើយមានគម្រោងធំៗ ពីផ្នែករដ្ឋ និងឯកជនឬទេ ? មិនថាជាផែនការអភិវឌ្ឍរថភ្លើង, ផែនការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលលក់ទំនិញ, ហាងទំនិញ, ផ្សារទំនើប ឬគម្រោងរស់នៅថ្មីៗនោះទេ បើសិនជាទីតាំងមាននិន្នាការថា នឹងមានគម្រោងអភិវឌ្ឍន៍ច្រើនទៀតនោះ តម្លៃនឹងកើនឡើងខ្ពស់បន្តទៀត ។
៤-ការផ្គត់ផ្គង់នៅសល់នាពេលអនាគត ៖
វិធីសង្កេតពីការកើនឡើងនៃតម្លៃម្យ៉ាងទៀត គឺមើលថា តើការផ្គត់ផ្គង់ក្នុងតំបន់នោះនៅសល់ច្រើនទៀតឬទេ ? អ្នកនឹងមានអារម្មណ៍ថា ចាប់ផ្តើមរកទិញផ្ទះឬខុនដូដោយលំបាកក្នុងទីតាំង ឬគម្រោងនោះ មានន័យថា មានអ្នកចង់រស់នៅក្នុងទីតាំងនេះ ប៉ុន្តែទាំងនេះក៏ត្រូវពិចារណាថា ជាតម្រូវការប្រភេទណា ? ជាវិនិយោគិន ឬអ្នករស់នៅពិតប្រាកដ ព្រោះបើសិនជាអ្នកទិញដើម្បីរស់នៅពិតប្រាកដ គឺបង្ហាញពីតម្រូវការពិតប្រាកដក្នុងទីតាំងនោះ និងធ្វើឲ្យតម្លៃអចលនទ្រព្យកើនខ្ពស់យ៉ាងឆាប់រហ័ស ។
៥-និន្នាការតម្លៃប៉ាន់ស្មាន ៖
បើមិនទាន់មានជំនាញប៉ាន់ស្មានពីតម្លៃអចលនទ្រព្យនោះទេ អ្នកអាចប្រើប្រាស់ទិន្នន័យតម្លៃផ្ទះពីអតីតកាលមកគណនាត្រួសៗសម្រាប់ការផ្លាស់ប្តូរនៃតម្លៃក្នុងឆ្នាំនីមួយៗ ឬហៅថា «Cap Gain» ដើម្បីសម្លឹងពីនិន្នាការនាអនាគតថា នឹងមានការកើនឡើងក្នុង១ឆ្នាំប៉ុន្មានភាគរយ ។ វាជាការស្មានទុកដោយមើលពីទិន្នន័យពេលអតីតកាល ប៉ុន្តែទាំងនេះគួរពិចារណាជាមួយស្ថានការណ៍នាពេលអនាគតផងដែរ ៕
ចែករំលែកព័តមាននេះ