ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែសីហា​ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង ដែល​គ្រោង​សាងសង់​មាន​កម្ពស់​រហូត​ដល់​៥៦០​ម៉ែត្រ និង​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ហើយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​សាងសង់​

រាជធានី​ភ្នំពេញ ៖ បើ​ពុំ​មាន​អ្វី​ប្រែប្រួល​ទេ អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង ដែល​គ្រោង​សាងសង់​មាន​កម្ពស់​រហូត​ដល់​៥៦០​ម៉ែត្រ និង​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ាន ហើយ​គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​សាងសង់​២.១០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ខែសីហា​ខាង​មុខ​នេះ ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អគ្គលេខាធិការ​រង​គណៈ​ស្ថាបត្យករ​កម្ពុជា និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង បាន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​របស់​ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន​ថា អគារ​ពាណិជ្ជកម្ម​នេះ​នឹង​សាងសង់​នៅ​ខែសីហា​ខាង​មុខ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។ លោក​បន្ត​ថា តាម​គម្រោង អគារ​នេះ​នឹង​សាងសង់​រយៈពេល​បី​ឆ្នាំ និង​ចំណាយ​ថវិកា​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សាងសង់ និង​ដាក់​អគារ​នេះ​ឲ្យ​ដំណើរការ​ដោយ​រស់​រវើក ។

« អគារ​ពាណិជ្ជកម្ម​ភ្លោះ​កប់​ពពក​នេះ គ្រោង​ដំឡើង​កម្ពស់​ពី​៥០០​ម៉ែត្រ​ដល់​៥៦០​ម៉ែត្រ និង​មាន​លើស​ពី​១៣៣​ជាន់ ។ គិត​មក​ដល់​ពេល​នេះ ការ​ធ្វើតេស្ត​ដី​បាន​បញ្ចប់​ហើយ ចំណែក​ក្រុមហ៊ុន​ថៃ ប៊ុ​ន​រ៉ុ​ង ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ដើម្បី​សាងសង់​អគារ​នេះ​រួចរាល់​ផង​ដែរ » ។ នេះ​បើ​យោង​តាម​លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន បញ្ជាក់ ។

អគារ​ពាណិជ្ជកម្ម​ភ្លោះ​ថៃ ប៊ុ​ន​រ៉ុ​ង នេះ នឹង​ក្លាយជា​បណ្តុំ​ការិយាល័យ ផ្សារ​ទំនើប អា​ផាត​មិន ខុន​ដូ ភោជនីយដ្ឋាន សណ្ឋាគារ​លំដាប់​ផ្កាយ​៥ និង​ផ្កាយ​៦ ដែល​វា​នឹង​ជា​និមិត្តរូប​នៃ​រាជធានី​ភ្នំពេញ និង​ជា​កិត្យានុភាព​របស់​កម្ពុជា នា​ពេល​អនាគត ។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន ជឿជាក់​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​នឹង​ទទួល​បាន​ជោគជ័យ ហើយ​វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដែល​នឹង​ទាក់ទាញ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​មក​ដាក់​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​បន្ថែម​ទៀត ព្រោះ​រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​អគារ​ការិយាល័យ​លំដាប់​ពិភពលោក ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំ​ៗ​ចូល​មក​ដាក់​ការិយាល័យ​កណ្តាល​នៅឡើយ​ទេ ។

លោក​បន្ត​ថា ក្រៅពី​ចំណាយ​ថវិកា​លើ​ការ​សាងសង់​ប្រមាណ​២.១០០​លាន​ដុល្លារ ក្រុមហ៊ុន​ក៏​បាន​ត្រៀម​ថវិកា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​អគារ​នេះ​មាន​សកម្មភាព​រស់​រវើក និង​ទទួល​បាន​ជោគជ័យ ព្រោះ​ប្រសិនជា​សាងសង់​ចប់ ប៉ុន្តែ​អគារ​នេះ​គ្មាន​សកម្មភាព គឺ​មិន​បញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​គម្រោង​នេះ​ទេ។ រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​សាងសង់​អគារ​នេះ​ហើយ ។

តាម​គម្រោង អគារ​ពាណិជ្ជកម្ម​កប់​ពពក​នេះ នឹង​ត្រូវ​សាងសង់ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សំណង់ Hsin Chong Construction Group Ltd និង​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន Thai Boon Rong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ា​កាវ Sun Kian Ip Group ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​តាំងពិព័រណ៍​គម្រោង​នេះ នៅ​ទល់មុខ​ស្ថានទូត​ចិន កាលពី​ពេល​កន្លង​មក​ថា គម្រោង​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។ លោក​បន្ត​ថា ការ​សាងសង់​បញ្ចប់​អគារ​នេះ​មិន​គ្រប់គ្រាន់​ទេ ដូច្នេះ ក្រុមហ៊ុន​ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អគារ​នេះ​ដំណើរការ និង​មាន​សកម្មភាព​រស់​រវើក ទើប​អាច​បញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​គម្រោង​នេះ ។

អគារ​ពាណិជ្ជកម្ម​ថៃ ប៊ុ​ន​រ៉ុ​ង នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​៦​ហិ​កតា ស្ថិត​ក្នុង​អតីត​តំបន់​ឌ្រី​ម​លែ​ន​ដ៍ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

អ្នកជំនាញ​វិស័យ​អចលនទ្រព្យ​បាន​សម្ដែង​នូវ​ការ​សាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង ប្រសិនបើ​គម្រោង​មហិមា​នេះ​ដំណើរការ​សាងសង់​ដោយ​ជោគជ័យ ដែល​ធ្វើ​ឲ្យ​វិនិយោគិន​អន្តរជាតិ​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ថែម​ទៀត​មក​លើ​កម្ពុជា ។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL ថ្លែង​ថា ប្រសិនជា​ក្រុមហ៊ុន​សាងសង់​អគារ​នេះ​ពិតប្រាកដ លោក​ជឿ​ថា អគារ​នេះ​នឹង​ដំណើរការ​ដោយ​ជោគជ័យ ព្រោះ​មនុស្ស​ជា​ច្រើន​បាន​ត្រៀម​គាំទ្រ​និង​ទិញ​អគារ​នេះ សូ​ម្បី​តែ​លោក​ក៏​នឹង​ទិញ​អគារ​នេះ​ផង​ដែរ ព្រោះ​វា​ជា​អគារ​មួយ​ដែល​ជាប់​លំដាប់​លេខ​១​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ាន ព្រមទាំង​អាច​ប្រកួតប្រជែង​ជាមួយ​អគារ​ខ្ពស់​ៗ​ដទៃ​ទៀត​ក្នុង​ទ្វីបអាស៊ី ។

លោក​បន្ត​ថា ៖ « បើ​យើង​គ្មាន​លុយ​សាងសង់​អគារ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ក៏​ខ្ញុំ​អាច​ចំណាយ​ថវិកា​ពី​២០​ទៅ​៣០​ម៉ឺន​ដុល្លារ​ទិញ​អគារ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ ដែល​ជា​មោទនភាព​ជាតិ​របស់​យើង​ផង​ដែរ ។ យើង​គួរ​នាំ​គ្នា​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​នេះ គាំទ្រ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ ព្រោះ​វា​នឹង​ក្លាយជា​អគារ​មួយ​ដែល​ជា​អំណួត​របស់​ជាតិ » ៕