ខេត្តត្បូងឃ្មុំ ៖ ផ្ទៃដីដាំកៅស៊ូជាង៥០០ហិកតាស្ថិតនៅក្នុងភូមិធ្នង់ ឃុំគរ ស្រុកត្បូងឃ្មុំ ដែលជារបស់ក្រុមហ៊ុនសុភក្តិនីកា អ៊ិនវេសមេន គ្រុប ខូអិលធីឌី ដែលទទួលបានសិទ្ធវិនិយោគពីរដ្ឋនោះ ត្រូវបានប្រជាពលរដ្ឋមកពីចំនួន៧ភូមិ បាននាំគ្នាចូលទៅកាន់កាប់ចាប់យកដោយខុសច្បាប់ ។ ដែលកើតមានឡើងតាំងពីថ្ងៃទី២០ មករា ២០១៧ រហូតមកដល់ព្រឹកថ្ងៃទី៤ មីនា ២០១៧ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះក្នុងនោះមាន ទាហាន អាវុធហត្ថ និងនគរបាលរាប់រយនាក់ បានចុះទៅអនុវត្តន៏តាមផ្លូវច្បាប់យកដីទាំងនោះប្រគល់ឲ្យក្រុមហ៊ុនវិញផងដែរ ។
ប្រជាពលរដ្ឋឈ្មោះ រុន រឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិធ្នង់ ឃុំគរ ស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា នាពេលកន្លងមករូបគាត់ធ្លាប់បានទៅចាប់ដីនៅត្រង់ចំណុចខាងលើបាន១ប្លង់នឹងគេដែរព្រមទាំងបានធ្វើរោង១រួមជាមួយនឹងអ្នកភូមិផ្សេងៗទៀតនោះ តែមកដល់ព្រឹកថ្ងៃទី៤ មីនា ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះមកអនុវត្តន៏ច្បាប់ដោយគាត់មិនបានទៅមើលទេ ។ រោងដែលសង់នោះត្រូវបានគេដុតចោលហើយប្រជាពលរដ្ឋក៏មិនត្រូវបានគេអនុញ្ញាតឲ្យចូលទៅទេ រូបលោកទទួលស្គាល់ថាគាត់ទៅចាប់ដីនោះពិតជាខុសច្បាប់មែន ហើយការដែលដកយកដីប្រគល់ឲ្យទៅក្រុមហ៊ុនដាំកៅស៊ូវិញគាត់សប្បាយរីករាយតែបើយកបែងចែកជាលក្ខណៈគ្រួសារនោះមិនគាំទ្រទេ ។
បើតាមប្រភពពីលោក កេង ប៊ុនណា អភិបាលស្រុកប្រាប់ឲ្យដឹងថា ក្នុងពេលដែលមានប្រជាពលរដ្ឋបានចូលមកចាប់ដីក្រុមហ៊ុនខាងលើដោយខុសច្បាប់ដែលមាននៅតាមឡូត៏កៅស៊ូលេខ 4.16ABCD , 4.17ABCD,5.16ABCD , 5.17 ABCD និងឡូត៏លេខ6.16ABCD ក្នុងពេលដំបូងនោះអាជ្ញាធរស្រុក និងខេត្ត ព្រមទាំងស្ថាប័នជំនាញបានចុះទៅដល់ទីតាំងនេះថែមទាំងបានពន្យល់ប្រាប់ពីហេតុផលផ្លូវច្បាប់គ្រប់បែបយ៉ាងតែប្រជាពលរដ្ឋមិនព្រមស្តាប់នោះទេគឺបាននាំគ្នាមកចាប់ដីកាន់តែច្រើនឡើងៗ ។
លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តធ្លាប់មានប្រសាសន៏ថា ប្រសិនបើនៅពេលដែលអនុវត្តន៏ត្រង់ទីតាំងដីខាងលើនោះធ្វើយ៉ាងណាមិនឲ្យប្រជាពលរដ្ឋ រងគ្រោះថ្នាក់នោះទេ ៕
ចែករំលែកព័តមាននេះ