រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានចុះចោលប្តីក្រោយ និងកូនស្រីម្នាក់ទៅយកប្តីដើមរយៈពេល១ឆ្នាំ ហើយត្រឡប់មកយកកូនស្រីទៅរស់នៅជាមួយ តែត្រូវបានប្តីចុងដណ្តើមយកកូនស្រីវិញ បង្កឱ្យភ្ញាក់ផ្អើលមន្ទីរពេទ្យព្រះកុសុមៈ។ ហេតុការណ៍នោះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ស្ត្រីជាប្រពន្ធមានឈ្មោះ បាយ សុភាព អាយុ៣៨ឆ្នាំ មានមុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិពោធិ៍ស្វាយមីង ឃុំស្វាយមីង ស្រុកអូរាំឪ ខេត្តកំពង់ចាម ប្តីដើមមានឈ្មោះ គឹម ចិន្តា អាយុ៤៣ឆ្នាំ មានមុខរបរម៉ៅការសំណង់ មានស្រុកកំណើតនៅភូមិសំប៊ួរ ឃុំសំប៊ួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង អ្នកទាំង២នាក់ស្នាក់ផ្ទះជួលនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកឯកូនស្រីដែលឪពុកម្តាយដណ្តើមគ្នាយកនោះឈ្មោះ ស៊ុយ សុភក្ក្រ អាយុ១៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយម្តាយមីងនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ រីឯឪពុកមានឈ្មោះ សែត ចាន់ស៊ី អាយុ៣៧ឆ្នាំ មានមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ស្ត្រីជាប្រពន្ធបានឱ្យដឹងថា រូបនាងបានចែកផ្លូវគ្នាជាមួយប្តីដើមបានរយៈពេល៦ឆ្នាំ បានកូនប្រុសម្នាក់ រួចរូបនាងបានយកប្តីក្រោយម្នាក់ទៀត បានរយៈពេល១៧ឆ្នាំបានកូនស្រីម្នាក់ ហើយ់រូបនាងក៏បានចុះចោលប្តីក្រោយទៅរស់នៅជាមួយប្តីដើមវិញបានរយៈពេល១ឆ្នាំ។
ស្ត្រីនោះបានបន្តថា ក្រោយពីរូបនាងចុះចោលប្តីក្រោយទៅរួមរស់នៅជាមួយប្តីដើមមួយរយៈនោះ នៅថ្ងៃទី១ មីនា ប្អូនស្រីបង្កើតរបស់នាងខលទូរស័ព្ទប្រាប់គាត់ថា ប្តីរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។ លុះព្រឹកថ្ងៃទី២ ខែឆ្នាំដដែល រូបនាង និងប្តីដើមបាននាំគ្នាឡើងជិះរថយន្តស្នួលមកភ្នំពេញ ដើម្បីមកមើលប្អូនថ្លៃ។ បន្ទាប់ពីមកដល់មន្ទីរពេទ្យមើលប្អូនថ្លៃបានរយៈពេលមួយថ្ងៃ នៅថ្ងៃទី៤ រូបនាង និងប្តីបាននាំគ្នាទៅលេងនៅផ្ទះប្អូនស្រីបង្កើតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ក៏បានជួបនឹងកូនស្រីរបស់ខ្លួននៅទីនោះ ក៏បបួលកូនស្រីទៅនៅជាមួយគាត់ឯខេត្តបន្ទាយមានជ័យ ខណៈនោះកូនស្រីក៏បានយល់ព្រមទៅនៅជាមួយ ហើយបានរៀបចំខោអាវដាក់វាល់ឡូស្ពាយមកសំរាកនៅក្នុងមន្ទីរពេទ្យ ដើម្បីព្រឹកឡើងចាកចេញធ្វើដំណើរទៅរស់នៅជាមួយម្តាយឯខេត្តបន្ទាយមានជ័យ ក៏ប៉ុន្តែរឿងនេះត្រូវបានបែកធ្លាយដល់ប្តីក្រោយដែលត្រូវជាឪក្មេងនោះ បានជិះម៉ូតូឌុបមកមន្ទីរពេទ្យ ដើម្បីមកយកកូនស្រីវិញ តែស្ត្រីខាងលើមិនព្រមឱ្យកូនវិញនោះទេ ហើយក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ និងធ្វើការសម្របសម្រួលដោយឱ្យភាគីទាំង២នាក់ប្តីប្រពន្ធនាំគ្នាទៅស្រុកកំណើត ដើម្បីធ្វើលិខិតលែងលះចែកកូនឱ្យដាច់ស្រេចជៀសវាងកុំឱ្យមានរឿងបែបនេះ៕
ចែករំលែកព័តមាននេះ