ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ ចុះ​ពិនិត្យ ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ ករណី​កាត់​របង​បន្លា​លួស ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​បង្អែរ​បង្អង់​យូរ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ ពន្យល់​ណែនាំ និង​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ដោយ​មិន​បង្អែរ​បង្អង់​យូរ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​នេះ មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ ពន្យល់​ណែនាំ និង​ស្វែងរក​ដំណោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ជុំវិញ​ករណី​កាត់​របង​បន្លា​លួស ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់ ចូល​អាស្រ័យ​ផល និង​លែង​សត្វពាហនៈ ជាដើម ។

លោក ស៊ឹង សុ​គង់ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អម​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ព្រមទាំង​អ្នកតំណាង​ក្រុមហ៊ុន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ (PPSHV Expressway Cambodia Co.,Ltd) បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង ដែល​ទទួល​រង​ការ​កាត់​របង​បន្លា​លួស​ការពារ​ផ្លូវ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​បញ្ហា​មួយ​ចំនួន បាន​កើតឡើង​នា​ពេល​ថ្មី​ៗ​នេះ ។

ទាក់ទង​នឹង​ករណី​នេះ​ដែរ ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទាល់ ហើយ​ធ្វើការ​ពន្យល់​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​នូវ​សកម្មភាព កាត់​របង​បន្លា​លួស​នេះ​បន្ត​ទៀត ព្រោះ​វា​គឺជា​ទ​ង្វើ​មួយ ដែល​មិន​ត្រឹមត្រូវ និង​អាច​បង្ករ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​បាន ។

ក្នុង​ការ​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នេះ ថ្នាក់ដឹកនាំ​ក្រសួង ក៏​បាន​ទទួលយក​នូវ​មូលហេតុ ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង យក​មក​ពិចារណា និង​ធ្វើ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាងសង់ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​សម​ស្រប​មួយ​រវាង​ក្រុមហ៊ុន និង​ប្រជាពលរដ្ឋ​ផង​ដែរ ។

នៅ​ក្នុង​ស្មារតី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ភាគី​ក្រសួង និង​ក្រុមហ៊ុន បាន​ឯកភាព​ជួយ​សម្រួល​ឈូស​ឆាយ​ផ្លូវ ដែល​មាន​ស្រាប់​ជូន​ពួក​គាត់ និង​បាន​ធ្វើការ​ណែនាំ ពី​ផល​ប៉ះពាល់ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​អាច​ឆក់​យកអាយុ​ជីវិត​ពួក​គាត់​ផង និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ផង ។

សូម​ជម្រាប​ថា ៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រជាពលរដ្ឋ​នាំ​គ្នា​កាត់​បន្លា​លួស សង្ខាង​ផ្លូវ​ល្បឿន​លឿន ដែល​ទុក​សម្រាប់​ទប់ស្កាត់ កុំឱ្យ​មាន​សត្វពាហនៈ​ឆ្លងកាត់​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ក៏​ធ្លាប់​បាន​អំពាវនាវ ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចូលរួម​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ពួក​គាត់​បាន​យល់ និង​បញ្ឈប់​សកម្មភាព​នេះ​បន្ត​ទៀត ។

គួរ​បញ្ជាក់​ដែរ​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នឹង​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ដោយ​ឥត​គិតថ្លៃ​រយៈពេល​១​ខែ​ពេញ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​៣១ ខែតុលា ឆ្នាំ​២០២២ ខាង​មុខ​នេះ ហើយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សង្ឃឹម​យ៉ាង​មុតមាំ​ថា​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​ចូលរួម​អនុវត្ត​តាម​សេចក្តីណែនាំ និង​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ