រាជធានីភ្នំពេញ ៖ បុរស និងស្ត្រី២នាក់ជាប្តីប្រពន្ធ បានធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹង សុំឲ្យជួយអន្តរាគមន៍ស្រាវជ្រាវរកមុខក្រុមចោរលួច ដោយគាត់បានអះអាងថា មានជនសង្ស័យម្នាក់ បានបន្លំចូលទៅក្នុងបន្ទប់របស់គាត់ ហើយបានលួចយកខ្សែក ខ្សែដៃ និងលុយសរុបជាទឹកទាំងអស់ចំនួនជាង១.០០០ដុល្លារ ខណៈដែលពួកគាត់ធ្វើការងារអស់កម្លាំង ហើយបាននាំគ្នាសម្រាកនៅខាងមុខបន្ទប់ ដោយបានបិទទ្វារត្រឹមត្រូវដែរ ប៉ុន្តែមិនបានចាក់សោឡើយ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលជាន់ទី២ ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បុរសរងគ្រោះដែលត្រូវចោរចូលលួចគ្រឿងអលង្ការ ដល់ក្នុងបន្ទប់នោះឈ្មោះ ព្រំ ផល្លា អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅក្នុងភូមិអង្គត្នោត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តកែវ ចំណែកប្រពន្ធរបស់គាត់មិនបានប្រាប់ឈ្មោះឡើយ។
បុរសជាប្តីបានឲ្យដឹងថា នៅវេលាម៉ោង៩យប់ថ្ងៃទី២ ខែមីនា រូបគាត់ និងប្រពន្ធបានចូលសម្រាកនៅខាងមុខ ប៉ុន្តែមិនបានចាក់សោទ្វារពីខាងក្រៅនោះទេ គ្រាន់តែបិទទ្វារធម្មតាប៉ុណ្ណោះ ដោយទុកឲ្យក្មូយស្រីដេកនៅ ក្នុងបន្ទប់ម្នាក់ឯង។
ខណ:នោះជនសង្ស័យ ក៏បានចូលទៅធ្វើសកម្មភាពរើកកាយ ដោយបញ្ចាំងភ្លើងពិលទូរស័ព្ទមើលទៀតផង ពេលនោះក្មួយស្រីរបស់គាត់ ស្មានតែរូបគាត់ក៏មិនបានឆោរឡោអីដែរ ក៏បានសម្ងំរហូតដល់ជនសង្ស័យយកទ្រព្យសម្បត្តិបានក្នុងដៃ ទើបក្មួយស្រីនោះស្រែកសួរថា នរណានឹងពូមែន ភ្លាមនោះជនសង្ស័យបានរត់គេចបាត់ដោយសុវត្ថិភាព ទើបមានការភ្ញាក់ផ្អើលឆោរឡោ ហើយរហូតដល់វេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែមីនា ទើបធ្វើដំណើរទៅប្ដឹងនគរបាលតែម្តង៕
ចែករំលែកព័តមាននេះ