ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គី​ស៊ី​ដា ហ្វូ​មី​អូ ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា ជប៉ុន​នឹង​បង្កើត​រោងចក្រ​ក្រុមហ៊ុន​តូ​យ៉ូ​តា នៅ​ប្រទេស​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ បាន​ថ្លែង​បញ្ជាក់​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ លោកនាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ បាន​ថ្លែង​បញ្ជាក់​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៨ កញ្ញា ២០២២​នេះ​ថា ជប៉ុន​នឹង​បង្កើត​រោងចក្រ​ក្រុមហ៊ុន Toyota នៅ​ប្រទេស​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា​ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គី​ស៊ី​ដា ហ្វូ​មី​អូ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ខែវិច្ឆិកា​ខាង​មុខ​នៅ​កម្ពុជា ។ សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែងអំណរគុណ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​គាំទ្រ​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន ។

លើស​ពី​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ដល់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​ថ្លែង​លើក​ឡើង​នៅ​ក្នុង​សន្និបាត​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​ទៅ​នឹង​វិភាគទាន​របស់​ជប៉ុន ដល់​ប្រទេស​កម្ពុជា ជា​ពិសេស នៅ​ក្នុង​ក្រប​ខណ្ឌ​ការ​រក្សា​សន្តិភាព​របស់​ប្រជាជន​ជប៉ុន​នៅ​កម្ពុជា ។

សម្ដេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា កម្ពុជា និង​បន្ត​ចូលរួម​ក្នុង​ការ​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នា​ពេល​ខាង​មុខ​បន្ត​ទៀត ។

ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ចំពោះ​ការ​អញ្ជើញ​ឯកឧត្តម ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន និង​កិច្ចប្រជុំ​អាស៊ី -​បូព៌ា នៅ​ខែវិច្ឆិកា ខាង​មុខ​នេះ នៅ​កម្ពុជា ។

ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កន្លង​ទៅ​ទទួល​នាវា​ជប៉ុន​ក្នុង​ការ​ចូល​ចត​នៅ​កំពង់​ផែ​ខេត្ត​ព្រះ​សីហ​នុ ។

ឯកឧត្តម ក៏​បាន​លើក​អំពី​ការងារ​ដែល​ធ្វើ​បន្ត​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រវត្តិ​ការ​លើ​វិស័យសេដ្ឋកិច្ច ជា​ពិសេស​ជប៉ុន នឹង​បង្កើត​រោងចក្រ​ក្រុមហ៊ុន Toyota នៅ​ប្រទេស​កម្ពុជា និង​ស្នើ​សុំ​ការ​គាំទ្រ​ក្រុមហ៊ុន​របស់​ជប៉ុន​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា ។

ឯកឧត្តម ក៏​បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាង​មុខ​នេះ នឹង​បន្ត​ពង្រឹងពង្រីក​ប្រ​តិ​បត្ត​ការ​ជាមួយ​ប្រទេស​កម្ពុជា ។ ឯកឧត្តម ក៏​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ គាំទ្រ​ជប៉ុន ក្នុង​ក្រប​ខណ្ឌ​រវាង​អាស៊ាន និង​ជប៉ុន​ផង​ដែរ ។

សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​បាន​ពិភាក្សា​ផ្លាស់​ប្ដូរ​មតិ​គ្នា ជុំវិញ​ស្ថានភាព​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង នៅ​ឧ​ប​ទ្វិ​ប​កូរ៉េ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ។

ចំពោះ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា ឯកឧត្តម​បាន​បញ្ជាក់​ថា ឯកឧត្តម​ពិតជា​អរគុណ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ថ្វី​ត្បិត​ស្ថានភាព​មី​យ៉ា​ន់​ម៉ា​ជា​ការ​បារម្ភ ប៉ុន្តែ​ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​ទាំងឡាយ ។

ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ឯកឧត្តម នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​លើក​ឡើង​ថា ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នុយ​ក្លែ​អ៊ែ​រ និង​ការ​ចាប់ជំរិត​ជនជាតិ​ជប៉ុន ដែល​ជា​ការ​បារម្ភ​របស់​ប្រទេស​ជប៉ុន ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ផង​ដែរ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​គូប​បញ្ជាក់​ថា បញ្ហា​មី​យ៉ា​ន់​ម៉ា យើង​នឹង​បន្តការងារ​នេះ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន ហើយ​យើង​នឹង​បន្ត​ក្នុង​ការ​ជំរុញ ទោះបីជា​ការ​ប្រឈម​ក៏​ដោយ​គឺ​យើង​មិន​បោះចោល​ការងារ​នោះ​ទេ​។ ចំពោះ​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​លើក​ឡើង​ថា យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ