រាជធានីភ្នំពេញ ៖ នៅខែកុម្ភៈនេះកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេសចេញបង្ក្រាបបាន៩២០ករណី ឃាត់ខ្លួន២.០៥៣នាក់ ក្នុងនោះមានស្ត្រី២១៥នាក់ ករណីជួញដូរមាន៥៨២ករណីឃាត់ខ្លួន១.០២៧នាក់ និងករណីប្រើប្រាស់៣៣៨ករណីឃាត់ខ្លួន១.០២៦នាក់ ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ដែលរៀបចំនៅសាលប្រជុំក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី៣ មីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ។
របាយការណ៍បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបពេញ១ខែកុម្ភៈសមត្ថកិច្ចបានចាប់យកសារធាតុញៀន៧២៥១,២៨ក្រោម និងកញ្ឆា ៩៧.៤៧៨ដើម ដកហូតរថយន្ត១៥គ្រឿង ម៉ូតូ២០៨គ្រឿង ទូរស័ព្ទដៃ៦៣៩គ្រឿង ។ គួរកត់សម្គាល់ថា ខែកុម្ភៈនេះកម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូគ្រឿងញៀនធំៗចំនួន២ករណីគឺថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ សហការជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តជាតិភ្នំពេញបង្ក្រាបករណីនាំចូលតូកាអ៊ីន១ករណី ឃាត់ខ្លួនស្ដ្រីជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ចាប់យកកូកាអ៊ីនទម្ងន់ ២០៧១,២២ក្រាម ។ ក្រៅពីនេះនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងជំនាញបានចុះបង្ក្រាប១ករណីទៀតនៅខេត្តស្ទឹងត្រែង ឃាត់ខ្លួនមន្ត្រីនគបាលខេត្តស្ទឹងត្រែងម្នាក់ចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន១២សុង ស្មើនឹង ២៤.០០០គ្រាប់ អាវុធខ្លី១ដើម និងរថយន្ត១គ្រឿង ។
គួរបញ្ជាកផងដែរថា រយៈពេល១ខែក្នុងខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចពាក់ព័ន្ធបានបង្ក្រាបបទល្មើសគ្រឿងញៀនរួមបានចំនួន១.១៤៤ករណីឃាត់ខ្លួនជនសង្ស័យបាន២.៧៧៣នាក់ (ស្រី២៦៧នាក់) និងចាប់បានយកសារធាតុញៀនសរុប៩.១៤៨,៥ក្រាម ។ យោងតាមរបាយការណ៍អនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា សារធាតុញៀនទាំង ៩.១៤៨,៥ក្រាម ក្នុងនោះមាន ម៉ាទឹកកក(ICE) ៥.២៥៤,១៧ក្រាម, និង២៦៥ថង់តូច ៦ថង់ធំ, WY ១០២,៧៣ក្រាម, ខេតាមីន ១៩,៧០ក្រាម, អ៊ិចស្ដាស៊ី ៧៤,៩៥ក្រាម, ហេរូអ៊ីន ០,០១ក្រាម និងកញ្ឆាក្រៀម ៣.៥១៩,៦៧ក្រាម និងរឹបអូសវត្ថុតាងផ្សេងទៀត ដូចជារថយន្ត១១គ្រឿង, ម៉ូតូ២៥៧គ្រឿង, ទូរស័ព្ទដៃ៧០៣គ្រឿង ។
របាយការណ៍បានបន្តថា បទល្មើសគ្រឿងញៀនទាំង១.១៤៤ករណីរួមមានបទល្មើសជួញដូរ៧៥៥ករណី ឃាត់ខ្លួន១.៣៣០នាក់ ស្រី ១៧២នាក់ (នគរបាល៤នាក់ អាវុធហត្ថម្នាក់ និងយោធាម្នាក់), ករណីសំយោគ-កែច្នៃ១ករណី ឃាត់ខ្លួន២នាក់(ស្រីម្នាក់), ប្រើប្រាស់ ៣៨៧ករណី ឃាត់ខ្លួន១.៤៤០នាក់ ស្រី៩៤នាក់ (អប់រំធ្វើកិច្ចសន្យាបញ្ជូនឲ្យអាណាព្យាបាល៤៥២នាក់ បញ្ជូនទៅមណ្ឌលបណ្ដោះអាសន្ន អប់រំព្យាបាលស្ដារនីតិ សម្បទារ ៨១៨នាក់ និងបញ្ជូនទៅតុលាការ ១៧០នាក់) ។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត ។ ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន ៕
ចែករំលែកព័តមាននេះ