ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​ទេសចរ​បរទេស​ទស្សនា​អង្គរ​នៅ​តែ​កើន ទោះបី​ដំឡើង​ថ្លៃ​សំបុត្រ​ក្តី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អាជ្ញាធរ​អប្សរា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវ​បរទេស​ក៏​ដោយ ក៏​ចំនួន​សំបុត្រ​ដែល​លក់​ជូន​ភ្ញៀវ​បរទេស​នៅ​ដើមឆ្នាំ​២០១៧​នេះ នៅ​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​អាជ្ញាធរ​អប្សរា ក៏​ដូច​ជា​រាជរដ្ឋាភិបាល​បាន​សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​សម្រាប់​ភ្ញៀវ​បរទេស​ក៏​ដោយ ក៏​ចំនួន​សំបុត្រ​ដែល​លក់​ជូន​ភ្ញៀវ​បរទេស​នៅ​ដើមឆ្នាំ​២០១៧​នេះ នៅ​តែ​មាន​កំណើន​ដដែល គ្មាន​អ្វី​ប្រែប្រួល ឬ​ធ្លាក់​ចុះ​នោះ​ទេ ។ ជាក់ស្ដែង ចំនួន​សំបុត្រ​ដែល​លក់​ជូន​ភ្ញៀវ​បរទេស​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ បើ​ធៀប​នឹង​ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​កំណើន​២,៤១% ។

បើ​តាម​ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ មីនា ២០១៧ ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​២៥១.៧៥៤​នាក់​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ បើ​ធៀប​នឹង​ខែកុម្ភៈ ២០១៦ កើនឡើង​២,៤១% បើ​ទោះជា​ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ចំនួន​ថ្ងៃ​តិច​ជាង​ខែកុម្ភៈ ឆ្នាំ​២០១៦ មួយ​ថ្ងៃ​ក៏​ដោយ ។ ដោយឡែក ចំពោះ​ចំណូល​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ មាន​ចំនួន​១១.៩៩១.៥៦៣​ដុល្លារ​អា​មេ​រិ​ក ។

គួរ​រំលឹក​ថា នៅ​ក្នុងឆ្នាំនេះ គ្រឹះស្ថាន​អង្គរ​បាន​សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ចំពោះ​ភ្ញៀវ​ទេសចរ​បរទេស ដើម្បី​យក​ថវិកា​មួយ​ភាគ​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សម្រាប់​ជួយ​សង្គ្រោះ​​កុមារ​កម្ពុជា ។ បើ​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ ថវិកា​ដែល​ត្រូវ​ផ្ដល់​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា មាន​ចំនួន​៥០៣.៥០៨​ដុល្លារ​អា​មេ​រិ​ក មាន​ន័យ​ថា ចាប់ពី​ថ្ងៃ​ប្រកាស​ដំឡើង​សំបុត្រ​មក គឺ​ភ្ញៀវ​ទិញ​១​សំបុត្រ អាជ្ញាធរ​អប្សរា​ត្រូវ​បរិច្ចាគ​២​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។

ដោយឡែក សម្រាប់​រយៈពេល​២​ខែ​ក្នុង​ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​តំបន់​អង្គរ មាន​ចំនួន​៥៣៨.៧៩៥​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​កំណើន​ប្រមាណ​៩,១០% ។ ចំពោះ​ចំណូល​វិញ​ក្នុង​រយៈពេល​២​ខែ​ឆ្នាំ​២០១៧ ទទួល​បាន​ចំនួន ២០.២៩៦.៣០៣​ដុល្លារ​អា​មេ​រិ​ក មាន​កំណើន​ប្រមាណ​៤១,៣៥%។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ពី​ជុំវិញ​ពិភពលោក មក​ទស្សនា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស តំបន់​វប្បធម៌​ដ៏​វ័យ​ចំណាស់ គឺ​ប្រាសាទ​ជា​ច្រើន​នៅ​ក្នុង​ខេត្តសៀមរាប ។ ក្នុង​នោះ​ដែរ ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ក៏​បាន​កែ​ច្នៃ និង​មាន​លទ្ធភាព​អនុញ្ញាត​ឱ្យ​យន្តហោះ​ធុន​តូច និង​មធ្យម​ពី​បណ្ដា​ប្រទេស​នានា​ចុះ​ចត​បាន​ផង​ដែរ ។ ក្រសួងទេសចរណ៍ ក៏​បាន​កំណត់​ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ច្រើន​នៅ​ឆ្នាំ​ខាង​មុខ​នេះ និង​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៕