ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ផ្តល់​ប្រាក់​ជាង​36​លាន​ដុល្លារ​ដល់​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បាន​ផ្ដល់​ប្រាក់​ចំនួន​៣៦,៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ការ​អនុវត្ត «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​» នៅ​កម្ពុជា ។ នេះ​បើ​យោង​

រាជធានី​ភ្នំពេញ ៖ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បាន​ផ្ដល់​ប្រាក់​ចំនួន​៣៦,៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ការ​អនុវត្ត «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​» នៅ​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា គម្រោង​ទឹកប្រាក់​នេះ នឹង​ប្រើប្រាស់​សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៧ ដល់​២០២២ និង​មាន​គោលដៅ​ចូលរួម​លើកកម្ពស់​ជីវភាព​កសិករ​ខ្នាត​តូច​ឱ្យ​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ពី​ការ​ធ្វើ​កសិកម្ម តាម​រយៈ​ការ​ចូល​ធ្វើ​អន្តរាគមន៍ ជម្នះ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​ទាំង​ក្នុង​ដំណាក់កាល​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​ការ​ធ្វើ​កសិពាណិជ្ជកម្ម ជា​ពិសេស ការ​ជំរុញ​ត​ភ្ជាប់​ឱ្យ​ដល់ទី​ផ្សារ​កសិកម្ម ។

ក្នុង​ជំហាន​ដំបូង គម្រោង​នេះ​នឹង​ផ្តោត​លើ​ផលិតភាព​កសិកម្ម​ចំនួន​៥​មុខ រួម​មាន ៖ ស្រូវ បន្លែ មាន់​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ ដំឡូង និង​សូត្រ ។ គម្រោង​នឹង​ពិនិត្យ​លទ្ធភាព​ពង្រីក​មុខទំនិញ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត អាស្រ័យ​តាម​តម្រូវការ​ជាក់ស្តែង ។ គម្រោង​ខាងលើ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​កសិករ​ក្រីក្រ​៧​ម៉ឺន​៥​ពាន់​គ្រួសារ​ក្នុង​ខេត្ត​ចំនួន​១៥ រួម​មាន កំពត តាកែវ កណ្តាល ព្រៃវែង ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ក្រចេះ រតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ សៀមរាប បន្ទាយ​មាន​ជ័យ បាត់ដំបង និង​ប៉ៃលិន ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា គម្រោង​នឹង​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​អនុវត្ត​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ធនាគារ​អភិវឌ្ឍន៍ជនបទ ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​កិច្ចព្រមព្រៀង​ទទួល​ជំនួយ​នេះ ជាមួយ​លោក Gilbert Fossoun Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម នៅ​ទីស្នាក់ការ​កណ្តាល​របស់​មូលនិធិ​អន្តរជាតិ  ដោយ​លោក​ទេស​រដ្ឋមន្ត្រី​លើក​ឡើង​ថា ឥណទាន​សម្បទាន​ចំនួន​៣៦,៣០​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ រាជរដ្ឋាភិបាល​នឹង​ចូលរួម​ជា​ថវិកាបដិភាគ​ចំនួន​ប្រមាណ​៨,៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ។ លោក​ទេស​រដ្ឋមន្ត្រី​ថា ៖ «​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច​នេះ នឹង​អាច​កៀរគរ​ទុន​វិនិយោគ​ពី​អ្នក​ទទួលផល និង​ដៃគូ​ក្នុង​វិស័យ​ឯកជន​ប្រមាណ​១៦,៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​គម្រោង​កើនឡើង​សរុប​ប្រមាណ​៦១,៦៥​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ថែម​ថា ៖ « គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ជា​គម្រោង​ទី​១​ហើយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព​កម្រិត​ខ្ពស់ ដោយ​នឹង​កៀរគរ​នូវ​ការ​ចូលរួម​ទុន​វិនិយោគ​របស់​វិស័យ​ឯកជន សម្រាប់​យក​មក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម និង​គាំទ្រ​ការ​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ​ក្រីក្រ»៕