ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ខ្លាំង ​លិចនៅ​ទឹក​ដី​​ឃុំ​​ស្នឹង ខេត្តបាត់ដំបង​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយលុក​យ៉ាង​ខ្លាំង ​ស្ទើរ​ទាំងស្រុង​ចូល​ក្នុងភូមិ​សាស្ត្រ​​​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា បណ្ដាល​ឲ្យ​លិចលង់​លំនៅ​ឋាន ដំណាំ​កសិកម្ម និង​កំណាត់​ផ្លូវលំ​នានា…

ខេត្តបាត់ដំបង ៖ ជំនន់​ទឹកភ្លៀង​បាន​និង​កំពុង​វាយលុក​យ៉ាង​ខ្លាំង ​ស្ទើរ​ទាំងស្រុង​ចូល​ក្នុងភូមិ​សាស្ត្រ​​​ទឹកដី​ឃុំ​ស្នឹង ស្រុក​បាណ​ន់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កញ្ញា បណ្ដាល​ឲ្យ​លិចលង់​លំនៅ​ឋាន ដំណាំ​កសិកម្ម និង​កំណាត់​ផ្លូវលំ​នានា ថែម​ទាំង​គំរាមកំហែង​ដល់​កំណាត់​ផ្លូវជាតិ​លេខ​៥៧​ជា​ច្រើន​កន្លែង​ទៀត​ផង ។ អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​បាន​និង​កំពុង​ស្វះស្វែង​ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​ហក់​ឡើង​យ៉ាង​គំហុក​នេះ ។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ជាប់​ៗ​គ្នា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​កើតឡើង​យ៉ាង​លឿន​បំផុត ។ បើ​តាម​ការ​ពិនិត្យ​នៃ​ស្ថានភាព​ទឹកជំនន់​នេះ គឺ​បាន​ហូរ​ធ្លាក់​មក​ពី​តាម​តំបន់​នានា​នៃ​ប៉ែក​ខាងលិច (​ប៉ែក​ខាងលើ​) ។ ជា​ពិសេស ហូរ​ធ្លាក់​មក​ពី​ទឹកដី ស្រុក​រតន​មណ្ឌល ទើប​ធ្វើ​ឲ្យ​ជន់​លិច​ស្ទើរ​គ្រប់​ទីកន្លែង នៃ​ទឹកដី​ឃុំ​ស្នឹង ។ ហើយ​ទឹក​ចាប់ផ្ដើម​ជន់​លិច​លង់​ខ្លាំង​នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ កញ្ញា នេះ តែ​ម្ដង ។

តាម​រយៈ​របាយការណ៍​បឋម​របស់​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់​បាន​ឲ្យ​ដឹង​ថា មាន​តែ​ឃុំ​ស្នឹង​មួយ​ទេ ក្នុង​ចំណោម​ឃុំ​ទាំងអស់​នៅ​ក្នុងស្រុក​បាណ​ន់ ដែល​កំពុង​ប្រឈម​នឹង​ជំ​ណ​ន់​ទឹកភ្លៀង​មុនគេ ។ ទឹកជំនន់​នេះ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា បាន​ហូរ​ធ្លាក់​មក​ពី​តំបន់​ខាងលិច​នៃ​ទឹកដី​ស្រុក​រតន​មណ្ឌល ។ លោក​អធិការ​បាន​បញ្ជាក់​ថា ឃុំ​ស្នឹង មាន​ភូមិ​ចំនួន​៩ គឺ​រង​ការ​លិចលង់​ទាំងស្រុង គ្រប់​ទីកន្លែង​តែ​ម្ដង ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង លើ​ស្ថានភាព​ទឹក​ដែល​កំពុង​វាយលុក​ចូល​ទឹកដី​ឃុំ​ស្នឹង នា​ពេល​នេះ​គឺ​បាន​លិចលង់ លំ​ឋាន សាលារៀន ដំណាំ​កសិកម្ម ផ្លូវលំ ស្ពាន និង កំណាត់​ផ្លូវជាតិ​លេខ​៥៧​។ ប៉ុន្តែ​​គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ កញ្ញា នេះ​ពុំ​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​ពី​អាជ្ញាធរ ឬ​សមត្ថកិច្ច​អំពី​តុល្យការ​នៃ​ការ​ខូចខាត ឬ​គ្រោះថ្នាក់​មនុស្ស​នៅឡើយ​ទេ ខណៈ​សមត្ថកិច្ច​និង​មន្ត្រី​មូលដ្ឋាន បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​ស្ថានភាព​ទឹក ។

លោក ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​ថា ពេល​នេះ កម្លាំង​អធិការ​ស្រុក និង​កម្លាំង​ប៉ុ​ស្ដ៏​រដ្ឋបាល​ផង បាន​និង​កំពុង​ចុះ​ពិនិត្យ​កន្លែង​គ្រប់​ទីកន្លែង នៅ​ក្នុង​ទឹកដី​ឃុំ​ស្នឹង ដែល​កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ ជា​ពិសេស តំបន់​ដែល​មានការ​លិចលង់​ធ្ងន់ធ្ងរ ដើម្បី​ជួយ​ចាំ​អន្តរា​គម​ន៏​ជួយ​រំដោះ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ខ្លាំង​។ មិនតែប៉ុណ្ណោះ លោក អធិការ​បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នេះ កម្លាំង​របស់​ក៏​កំពុង​ត្រូ​ត​ពិនិត្យ​លើ​កំណាត់​ផ្លូវជាតិ​៥៧ ដែល​ប្រឈម​នឹង​ការ​ខូចខាត ដើម្បី​ស​ម្រូ​ល​ចរាចរ​ណ៏​យានយន្ត និង ដាក់​ស្លាក​សញ្ញា​សម្គាល់​តាម​ចំណុច​នានា ដែល​ទឹក​ហូរ​ច្រោះ​ដាច់​ចៀសវាង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ដែរ​ថា ស្ថានភាព​ទឹក​ហាក់​ថមថយ​បន្តិច​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​នេះ តែ​ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ថែម​ទៀត សន្ទុះ​ទឹក​ក៏​អាច​ហក់​ឡើង​វិញ​ភ្លាម​ដែរ ។ យ៉ាងណា​ក៏​ដោយ បើ​តាម​ប្រភព​ព័ត៌មាន ដែល​កោះសន្តិភាព​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ កញ្ញា​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា សម្រាប់​ស្រុក​បាណ​ន់ មាន​តែ​ឃុំ​ស្នឹង មួយ​ប៉ុណ្ណោះ​ដែល​កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង តែ​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ក្នុង​ខេត្តបាត់ដំបង ពេល​នេះ​ក៏​កំពុង​ប្រឈម​នឹង​ជំនន់​ទឹក​ភ្លៀង​ផង​ដែរ ជា​ពិសេស តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ភាគ​ខាងលិច​នៃ​ខេត្តបាត់ដំបង ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ផ្នែក​ខ្លះ​នៃ​ស្រុក​រតន​មណ្ឌល ស្រុក​ប​វេ​ល ស្រុក​ភ្នំព្រឹក ស្រុក​សំពៅ​លូន និង ស្រុក​កំ​រៀង សុទ្ធតែ​កំពុង​យាយី​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ។ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត លោក ព្រូ​ញ រិ​ទ្ធ​ថា បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​បណ្ដាញ​សង្គម​ថា ពេល​នេះ កំណាត់​ផ្លូវ​ជា​ច្រើន​ខ្សែ​ច្រើន​កន្លែង នៅ​ក្នុង​ខេត្ត កំពុង​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ហូរ​កាត់ និង​ច្រោះ​ដាច់ ។

លោក​បាន​ប្រាប់​ថា ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក​ច្រើន​ក្រុម​បាន​និង​កំពុង​ចុះ​ត្រូ​ត​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវថ្នល់​គ្រប់កន្លែង​ទាំងអស់​ដែល​កំពុង​ប្រឈម ។ ហើយ​ពេល​នេះ រូប​លោក ជាមួយ​និង​មន្ត្រី​ជំនាញ​មួយ​ក្រុម ក៏​កំពុង​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៥៧​បេ ផង​ដែរ ត្រង់​ចំណុច​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ដែល​ស្ថានភាព នៃ​កំណត់​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​កំពុង​ប្រឈម​និង​ជំនន់​ទឹកភ្លៀង​យ៉ាង​ដំណំ ។

ជាមួយនឹង​ដំណើរ​ត្រូវ​ពិនិត្យ​ផ្លូវ​នេះ លោក​ប្រធាន​មន្ទីរ​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ទំនាក់ទំនង​ស្នើ​សុំ​ទៅ​អាជ្ញារ​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គម​ន៏ ដាក់​ស្លាក​សញ្ញា​សម្គាល់​នៅ​តាម​ចំណុច​នានា នៃ​កំណាត់​ផ្លូវ​ដែល​កំពុង​រង​ការ​ខូចខាត​ដោយសារ​ទឹក​ហូរ​កាត់ ដើម្បី​បញ្ចៀស​យានយន្ត​បើក​ឆ្លងកាត់​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោ​យថាហេតុ​៕

អត្ថបទសរសេរ ដោយ