ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ត្រឡោក​ដូង​ត្រៀម​បង្ហាញខ្លួន​ក្នុង​បុណ្យ​ទន្លេ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ «​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​» បាន​បង្កើន​បរិមាណ​និង​គុណភាព​ការ​ច្នៃ​ផលិតផល​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ត្រឡោក​ដូង ត្រៀម​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​អតិថិជន រក​ប្រាក់​ជួយ

ខេត្តស្ទឹងត្រែង ៖ «​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​» បាន​បង្កើន​បរិមាណ​និង​គុណភាព​ការ​ច្នៃ​ផលិតផល​វត្ថុ​អនុស្សាវរីយ៍​ធ្វើ​ពី​ត្រឡោក​ដូង ត្រៀម​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​អតិថិជន រក​ប្រាក់​ជួយ​កុមារ​ក្រីក្រ ។

មន្ទីរ​ពាណិជ្ជកម្ម​បាន​ទៅ​ពិនិត្យ​ផលិតផល​ពី​ត្រឡោក​ដូង​និង​គ្រោង​រៀបចំ​ស្តង់​ឲ្យ​ដាក់​តាំង​លក់​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​នា​ពេល​ខាង​មុខ​នេះ ។ ការ​ពិនិត្យ​បច្ចេកទេស​កែ​ច្នៃ​ផលិតផល​អនុ​ស្សវ​រី​យ៍​ធ្វើ​ពី​ត្រឡោក​ដូង នៅ​ភូមិ​រា​ជានុ​គោល ក្រុង​ខេត្តស្ទឹងត្រែង​នោះ កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៧ ។ លោក​ឡុ​ង លី​ប៉ូ ប្រធាន​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​បញ្ជាក់​ថា ក្នុង ១​ឆ្នាំ​ៗ​កុមារ​ជិត​៣០០​នាក់ ជា​បន្ទុក​សហគមន៍​ជួយ​ទ្រទ្រង់​ដល់​ការ​សិក្សា និង​មើលថែ​ផ្នែក​សុខភាព ។ ការ​ជួយ​ផ្គត់ផ្គង់​ដល់​កុមារ​តម្រូវ​ឲ្យ​សហគមន៍​ស្វែងរក​ប្រាក់​ចំណូល​មក​បង្គ្រប់​បន្ថែម​ពីលើ​ជំនួយ​របស់​អង្គការ​ពិភព​កុមារ តែ​ប្រាក់​ជំនួយ​មាន​កម្រិត ដូច្នេះ​ហើយ ទើប​សហគមន៍​បង្កើត​ផលិតផល​អនុស្សាវរីយ៍​ធ្វើ​ពី​ត្រឡោក​ដូង ហើយ​ស្វែងរក​ទីផ្សារ​ដើម្បី​រក​មូលនិធិ​ពី​អតិថិជន ។

លោក​ឡុ​ង លី​ម៉ូ និយាយ​ថា «​កុមារ​នៅ​ក្នុង​គម្រោង​របស់ខ្ញុំ​ច្រើន​ជិត​៣០០​នាក់​ក្នុង ១​ឆ្នាំ​ៗ អុ​ី​ចឹ​ង​ហើយ​ការ​ផ្តល់​ជំនួយ​ពី​បរទេស គឺ​យើង​មាន​កំណត់ អុ​ី​ចឹ​ង​វា​មិន​ទាន់​មានការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង ។ ដូច្នេះ​យើង​ចេះ​តែ​មានគំនិត ហើយ​យើង​ឃើញ​បញ្ហា​ខាងក្រៅ​ច្រើន ដូច​ជា​កម្ទេច​ឈើ ដូច​ជា​របស់របរ​ដែល​គេ​បោះចោល​ច្រើន ហើយ​ដើម្បី​ជួយ​កាត់​បន្ថយ​នូវ​ការ​បោះចោល​សំរាម​មាន​ន័យ​ថា  ដើម្បី​បរិស្ថាន គោលបំណង​ធំ​បំផុត​គឺ​យើង​ជួយ​សម្រួល​ដល់​បរិស្ថាន​ជុំវិញ​ហ្នឹង ។ អុ​ី​ចឹ​ង​ហើយ​បាន​មានគំនិត​ថា​ធ្វើ​ម៉េច​ជួយ​កាត់​បន្ថយ​បាន​ទាល់តែ​យើង​រើស​យក​របស់​ទាំង​អស់ហ្នឹង​យក​មក​កែ​ច្នៃ​ដើម្បី​ស្វែងរក​ទីផ្សារ​» ។

លោក​ឡុ​ង គឹ​ម​ឡេ​ង អ្នកបច្ចេកទេស​ផលិត​វត្ថុ​អនុ​ស្សវ​រី​យ៍​ឱ្យ​ដឹង​ថា «​ការ​បង្កើន​ផលិតផល​សហគមន៍​ត្រូវ​ចំណាយ​ប្រាក់ ដូច​ជា​ការ​ទិញ​ដូង ល្អ​ៗ​ខ្លះ​យក​ត្រឡោក​មក​កែ​ច្នៃ​ឲ្យ​មាន​រូបរាង​ជា​ប៉ាន់តែ ពែងតែ សម្រាប់​ដាក់​ទឹក​ប្រើប្រាស់ និង​ទុកជា​អនុស្សាវរីយ៍​ស្នាដៃ​របស់​ខ្មែរ មាន​រចនា​បទ លម្អ​នៅ​តាម​ការិយាល័យ ឬ​តាម​គេហដ្ឋាន ។ ផលិតផល​ទាំងនេះ​នៅ​មិន​ទាន់​មាន​ទីផ្សារ​លក់​នៅឡើយ​ទេ ដូចនេះ​ស្នើ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​រិះរក​មធ្យោបាយ​ជួយ​ឲ្យ​មាន​ទីផ្សារ ដើម្បី​បម្រើ​ឲ្យ​ការ​ផលិត​មាន​និរន្តរភាព ខណៈ​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​ជួយ​លើកទឹកចិត្ត​ប៉ុន្មាន​ទេ​» ។

លោក​អ៊ៀ គ​ន្ធា អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្ទឹងត្រែង​សាទរ​ចំពោះ​ការ​ខំប្រឹង​ប្រែង​បង្កើត​មុខរបរ​រក​ប្រាក់​ចំណូល​ជួយ​ទ្រទ្រង់​សហគមន៍​ឲ្យ​រីក​ចម្រើន ហើយ​មន្ទីរ​នឹង​សហការ​ជាមួយ​ផ្នែក​ទីផ្សារ​ពាក់ព័ន្ធ ផ្សេង​ៗ​ទៀត​ដើម្បី​ជួយ​រៀបចំ​ដាក់​បញ្ចូល​ផលិតផល​នេះ​ទៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ដើម្បី​ឲ្យ​អតិថិជន​ជួយ​គាំទ្រ ។ សា្ន​ដៃ និង​ផលិតផល​របស់​ខ្មែរ​យើង​មិន​អន់​ជាង​ផលិតផល​បរទេស​ទេ តែ​ទាមទារ​ការ​ផលិត​កែ​ច្នៃ​វត្ថុ​អនុ​ស្សវ​រី​យ៍​ឲ្យ​មានគុណ​ភាព  សោភ័ណ​ភាព និង​លក់​មាន​តម្លៃ​សមរម្យ​ដើម្បី​ឱ្យ​អតិថិជន​ចាប់អារម្មណ៍ ។

លោកស្រី​ឡុ​ង សុ​គ​ន្ធា សមាជិក​សហគមន៍​ជីវិត​ស្រស់​ត្រកាល​គ្រប់​រដូវ​ទទួលស្គាល់​ថា វត្ថុ​អនុស្សាវរីយ៍​របស់​សហគមន៍​លក់​ថ្លៃ​បន្តិច​ដោយសារ​ចំណាយ​ទុន​ច្រើន តែ​នៅ​ក្នុង​ពិព័រណ៍​ផលិតផល​សម្រាប់​បុណ្យ​ទន្លេ​នៅ​ចុងខែ​មីនា​នេះ សហគមន៍​នឹង​ពិគ្រោះ​យោបល់​គ្នា​បញ្ចុះតម្លៃ​ឲ្យ​បាន​សម​ស្រប​សម្រាប់​ភ្ញៀវ​ជាតិ​ទទួលយក​បាន ។

ខេត្តស្ទឹងត្រែង​មាន​សក្តានុពល​ផ្នែក​វិស័យសេដ្ឋកិច្ច​អាច​បង្កើត​បាន​តាម​រយៈ​ផលិត ផល​ភូមិ​១​ផលិតផល​១​ដែល​បច្ចុប្បន្ន​ខេត្ត​មាន​ផលិតផល​ចង្កឹះ​ទ្រាំង ទឹកត្រី​ព្រះ​រំកិល ស្រា​ដំណើប​កោះ​ស្នែង ម្នាស់​ទឹកឃ្មុំ ផលិតផល​សូត្រ​អង្គការ​អភិវឌ្ឍន៍​ស្ត្រី ក្រមា​សហគមន៍​កិច្ចការ​នារី កាហ្វេ​ឆ្ងាញ់​ស្ទឹង​ត្រែង ស្មុគ​ធ្វើ​ពី​ឫស្សី និង​សិប្បកម្ម​កែ​ច្នៃ​ត្រឡោក​វត្ថុ​អនុ​ស្សវ​រី​យ៍​ជាដើម ៕