ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រុ​ស្ស៊ី​សម្រុក​ភៀសខ្លួន​ចេញពី​ប្រទេស​ ​គេច​ពី​ការ​កោះហៅ​ចូល​បម្រើកងទ័ព

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្សី​នឹង​បើក​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​កងទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស​ក​ហ្ស៊ី

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្សី​នឹង​បើក​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​កងទ័ព​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ហ្ស​ក​ហ្ស៊ី (Georgia) ជា​កន្លែង​តម្រង់​ជួរ​ដ៏​វែង​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ត្រួតពិនិត្យ​លើ​បុរស​ជនជាតិ​រុ​ស្ស៊ី ដែល​ព្យាយាម​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត ដើម្បី​ចៀសវាង​ការ​បញ្ជូន​ចូល​ជួរ​កងទ័ព​ទៅ​ប្រយុទ្ធ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

អាជ្ញាធរ​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា មន្ត្រី​នៅ​ច្រកព្រំដែន​ឆ្លងកាត់ Verkhniy Lars នឹង​មាន​ភារកិច្ច​ក្នុង​ការ​បំពេញ​ការ​កោះហៅ​ប្រជាពលរដ្ឋ​នៃ​ការ​ចល័ត ដែល​គ្រប់​អាយុ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​។ ខណៈ​រូបភាព​ថត​ចេញពី​ផ្កាយ​រណប​នា​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​អំពី​ជួរ​រថយន្ត​រាប់​គីឡូម៉ែត្រ​របស់​ពលរដ្ឋ​រុ​ស្ស៊ី ដែល​ភាគច្រើន​ជា​បុរស​បាន​នាំ​គ្នា​សម្រុក​ចេញពី​ប្រទេស​កំណើត ដើម្បី​ឆ្លង​ចូល​ប្រទេស​ហ្ស​ក​ហ្ស៊ី​។

លោក Rayhan Demytrie អ្នកឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន BBC បាន​និយាយ​ថា អ្នក​ធ្វើ​ដំណើរ​ឆ្លង​ចូល​ប្រទេស​ហ្ស​ក​ហ្ស៊ី​ទាំងអស់​មើលទៅ​ហាក់​អស់កំលាំង​ខ្លាំង​ណាស់​។ ពួក​គេ​មើលទៅ​ឃ្លាន និង​គេង​មិន​លក់ ប៉ុន្តែ​បាន​បង្ហាញ​អារម្មណ៍​ធូរស្រាល នៅ​ពេល​បាន​ទៅ​ដល់​កន្លែង​សុវត្ថិភាព​។

ពួក​គេ​បាន​មក​ជា​ក្រុម​ដោយ​ដើរ​អូស​វ៉ា​លី ចំណែក​អ្នក​ផ្សេង​ទៀត បាន​មក​ដល់​ដោយ​ជិះឡាន ឬ​កង់​។ ហើយ​តាម​ការ​សាកសួរ មនុស្ស​គ្រប់​គ្នា​និយាយ​ស្រ​ដៀង​គ្នា ពួក​គេ​មិន​យល់​ស្រប​នឹង​សង្គ្រាម ប៉ុន្តែ​ទំហំ​នៃ​ការ​គាបសង្កត់​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​សិទ្ធ​អំណាច​របស់​ខ្លួន​។

ក្រសួងមហាផ្ទៃ​នៃ​សាធារណរដ្ឋ Ossetia ភាគ​ខាងជើង​រុ​ស្ស៊ី ជា​កន្លែង​ដែល​ឆ្លងកាត់​ព្រំដែន Verkhniy Lars បាន​លើក​ឡើង​ថា មន្ត្រី​របស់​ខ្លួន​ប្រមាណ​៦០​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីនោះ​រួច​ហើយ ដោយ​ពណ៌នា​អំពី​ស្ថានភាព​ថា «​តានតឹង​ខ្លាំង​» ហើយ​មជ្ឈមណ្ឌល​ចុះ​ឈ្មោះ​កងទ័ព​នឹង​ត្រូវ​បើក​នៅ​ពេល​ឆាប់​ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ដោយឡែក ជួរ​អ្នកដំណើរ​យ៉ាង​វែង​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ឯ​ច្រកព្រំដែន​របស់​រុ​ស្ស៊ី​នឹង​ប្រទេស​ម៉ុង​ហ្គោ​លី និង​កា​ហ្សា​ក់​ស្ថាន​ផង​ដែរ​។ ប្រធានាធិបតី​ប្រទេស​កា​ហ្សា​ក់​ស្ថាន លោក Kassym-Jomart Tokayev កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា បាន​ប្តេជ្ញា​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាជន​រុ​ស្ស៊ី ដែល​ភៀសខ្លួន​ចេញពី​ជាមួយ​ស្ថានភាព​អស់សង្ឃឹម​។

ក្រសួងការពារជាតិ​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​ស្វែងរក​ការ​ធ្វើ​បត្យាប័ន​ជនជាតិ​រុ​ស្ស៊ី ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ដើម្បី​ជៀសវាង​ការ​ត្រូវ​បាន​ព្រាង​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​នោះ​ទេ​។

គួរ​រំលឹក​ជូន​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា បាន​ប្រកាស​អំពី​អ្វី​ដែល​លោក​ពិពណ៌នា​ថា​ជា​ការ​ចល័ត​កងទ័ព​ដោយ​ផ្នែក​ជាមួយនឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Sergei Shoigu ហើយ​ទាហាន​បម្រុង​ប្រមាណ ៣០​ម៉ឺន​នាក់​នឹង​ត្រូវ​បាន​កោះហៅ​។ ប៉ុន្តែ​ទោះ​យ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​រុ​ស្ស៊ី​បាន​រាយការណ៍​ថា ចំនួន​ពិតប្រាកដ​អាច​ច្រើន​ជាង​នេះ​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ