ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​អាទិភាព​ចំនួន​7 ជា​គោលដៅ​ជំរុញ​ចលនា​ភូមិ​1 ផលិតផល​1

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គោលនយោបាយ​ជាតិ ស្ដី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លើក​មក

រាជធានី​ភ្នំពេញ ៖ គោលនយោបាយ​ជាតិ ស្ដី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ មីនា ម្សិលមិញ ដើម្បី​អនុវត្ត​ជំហាន​ដំបូង នឹង​ផ្ដោត​ទៅ​លើ​ខេត្ត​គោលដៅ​ចំនួន​៧ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​បណ្ឌិត ច័ន្ទ សា​រុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ បាន​លើក​ឡើង​ថា ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា បាន​រៀបចំ​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដែល​ត្រូវ​បាន​រាជរដ្ឋា​ភិបាល​អនុម័ត​កាលពី​ថ្ងៃ​ទី​១១ សីហា ឆ្នាំ​២០១៦ កន្លង​មក ។ ការ​អនុវត្ត​នូវ​គោលនយោបាយ​នេះ សំដៅ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​ឱ្យ​មាន​ភាព​ធូរធារ​ប្រសើរ​ឡើង ក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ តាម​រយៈ​ការ​ជំរុញ​ការ​ផលិត និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ភូមិ​មួយ​ផលិតផល​មួយ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផ្ទាល់ ។

លោក​បន្ដ​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ គណៈកម្មាធិការ​ជាតិ និង​គណៈកម្មាធិការ​ខេត្ត​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​គឺជា​តួអង្គ​ចម្បង និង​សំខាន់​ក្នុង​ការ​ដឹកនាំ​កំណត់​ទិស​ដៅ​ផែនការ​ការងារ និង​ភារកិច្ច​ក្នុង​ការ​សម្រេច​នូវ​គោលបំណង​គោលនយោបាយ​ជាតិ​នេះ ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ « ក្នុង​ជំហាន​ដំបូង ក្រុមប្រឹក្សា​ស្តារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​សម្រេច​ជ្រើសរើស​យក​ខេត្ត​គោលដៅ​ចំនួន​៧ ដើម្បី​ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​ជាតិ​ក្នុង​ឆ្នាំ​២០១៧​នេះ ក្នុង​នោះ​រួម​មាន ខេត្តស្វាយរៀង កំពង់ចាម ក្រចេះ តាកែវ កំពត សៀមរាប និង​ឧត្តរមានជ័យ » ។

ការ​អនុវត្ត​គោលនយោបាយ​នេះ ក្រោម​កិច្ចសហការ​និង​សម្របសម្រួល​ពី​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​រៀបចំ​សម្រង់​ព័ត៌មាន និង​ទិន្នន័យបឋម​ភូមិ​មួយ​ផលិតផល​មួយ ដែល​មាន​សក្តានុពល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់​ខ្លួន ធ្វើ​យ៉ាងណា ចងក្រង និង​វិភាគ​ក្នុង​គោលដៅ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​របស់​ខេត្ត ក៏​ដូច​ជា​ពង្រឹង​ការ​ទទួលខុសត្រូវ​របស់​គណៈកម្មាធិការ​ខេត្ត ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អង្គការក្រៅរដ្ឋាភិបាល និង​សមាគម​អ្នក​ផលិត​នៅ​តាម​ភូមិ​-​ឃុំ​ក្នុង​ខេត្ត ៕