ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដាក់​ចេញ​យុទ្ធនាការ «​រួម​គ្នា​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​មាន​និរន្តរភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន ពិសេស​ដើម្បី​ធានា​ឲ្យ​មានការ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ពី​វិស័យ​ទេសចរណ៍​ប្រកបដោយ​សមធម៌ ស្រប​តាម​

រាជធានី​ភ្នំពេញ ៖ ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​មាន​និរន្តរភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន ពិសេស​ដើម្បី​ធានា​ឲ្យ​មានការ​បែងចែក​ផ្លែផ្កា​នៃ​កំណើន​ពី​វិស័យ​ទេសចរណ៍​ប្រកបដោយ​សមធម៌ ស្រប​តាម​ចក្ខុវិស័យ «​វិស័យ​ទេសចរណ៍​ជា​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​» ក្រសួងទេសចរណ៍​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ «​រួម​គ្នា​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​» ដោយ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទូ​ទាំង​២៥​រាជធានី​-​ខេត្ត។ នេះ​បើ​យោង​តាម​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍​រួម ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួងទេសចរណ៍ ។

សេចក្ដីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​នេះ​ដើម្បី​ជួយ​ដល់​ផលិតករ​ក្នុងស្រុក​ដែល​ជា​ប្រជា​កសិករ ម្ចាស់​កសិដ្ឋាន ម្ចាស់​សិប្បកម្ម ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ផលិត​នូវ​វត្ថុ​អនុស្សាវរីយ៍ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​ឱកាស​បន្ថែម​ក្នុង​ការ​ផ្សព្វផ្សាយ និង​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ខ្មែរ​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ សំដៅ​បង្កើន​ប្រាក់​ចំណូល​បន្ថែម និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ហើយ​ចាំបាច់​ត្រូវ​មានការ​ចូលរួម​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ វិស័យ​ឯកជន ប្រតិបត្តិ​ករ​ទេសចរណ៍ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ​-​អន្តរជាតិ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​មូលដ្ឋាន ។

ដោយ​យល់​ឃើញ​ពីសារ​សំខាន់​នៃ​ការ​គាំទ្រ និង​ជំរុញ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​ទៅ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដែល​មាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​, សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​, សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា​, សមាគម​សណ្ឋាគារ​កម្ពុជា​, សមាគម​ភោជនីយដ្ឋាន​កម្ពុជា និង​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​ចូលរួម​សហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដាក់​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​៦​ចំណុច​ដូច​ខាងក្រោម ៖

១-​បង្កើន​ការ​ផ្សព្វផ្សាយ ការ​គាំទ្រ និង​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា ពិសេស ការ​រៀបចំ «​ខ្សែក្រវាត់​បៃតង​» នៅ​តាម​គោលដៅ​ទេស​ចរណ៍ និង​ទីក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

២-​ជំរុញ​ការ​ផ្ទេរ​បច្ចេកវិទ្យា (Transfer of technology) អំពី​ស្តង់ដា​តម្រូវការ​របស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ដល់​ផលិតករ​ក្នុងស្រុក ដើម្បី​បង្កើន​ផលិតភាព និង​លើកកម្ពស់​គុណភាព​ផលិតផល​ខ្មែរ​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់​ឧស្សាហកម្ម​ទេសចរណ៍ ។

៣-​ជំរុញ​ការ​ប្រើប្រាស់​សេវាកម្ម​ជាមួយ​ដៃគូ​ផ្គត់ផ្គង់​សេវាកម្ម​ដែល​ប្រើប្រាស់​ផលិតផល​ខ្មែរ ។

៤-​ចូលរួម​គាំទ្រ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍ (Welcome gift) សម្រាប់​ស្វាគមន៍​ភ្ញៀវ​ពេល​អញ្ជើញ​មក​ដល់ ឬ​នៅ​ពេល​ត្រឡប់​ទៅ​វិញ ។

៥-​គាំទ្រ​ការ​ផលិត​ផលិតផល​ខ្មែរ​ប្រកបដោយ​គុណភាព​ទាំង​ការ​វេច​ខ្ចប់ និង​អនាម័យ​ល្អ ព្រមទាំង​មាន​បរិមាណ​ផ្គត់ផ្គង់​គ្រប់គ្រាន់​ឆ្លើយ​តប​តាម​តម្រូវការ​ទីផ្សារ ។

៦-​គាំទ្រ​គោលនយោបាយ​ផ្តល់​រង្វាន់​លើកទឹកចិត្ត ឬ​ប័ណ្ណសរសើរ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ដែល​គាំទ្រ​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ (​រង្វាន់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​) ។

បន្ថែម​លើ​នេះ ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បាន​រួម​គ្នា​បង្កើត​ក្រុមការងារ​មួយ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​សេចក្ដីថ្លែងការណ៍​រួម​នេះ និង​ឯកភាព​ឲ្យ​មានការ​ជួបជុំ​ពិភាក្សា​គ្នា​រៀង​រាល់​៦​ខែ​ម្ដង ដើម្បី​តាមដាន​ការ​អនុវត្ត និង​លើក​ទិស​ដៅ​បន្ដ ៕