ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​ខិតខំ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស ការ​ជំរុញ​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​ដូច​ជា​

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ជា​ពិសេស ការ​ជំរុញ​ចូល​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ក៏​ដូច​ជា​សកលលោក​នៅ​លើ​វិស័យ​ឧស្សាហកម្ម ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា ស្តី​ពី​សន្ធិសញ្ញា​សហប្រតិបត្តិការ​ប្រកាសនីយបត្រ​កត្ត​កម្ម និង​កិច្ចព្រមព្រៀង​ទីក្រុង​ហេច ទាក់ទង​នឹង​ការ​ចុះបញ្ជី​គំនូរ​ឧស្សាហកម្ម​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ កន្លង​មក​ថា ប្រព័ន្ធ​ប្រកាសនីយបត្រ​កត្ត​កម្ម ឬ​ការ​ផ្តល់​កិច្ច​ការពារ​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​គំនូរ​ឧស្សាហកម្ម គឺជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​ផ្តល់​ភាព​កក់ក្តៅ​ដល់​ការ​ការពារ​កម្មសិទ្ធិបញ្ញា​ម្ចាស់​អាជីវកម្ម ។

លោក​បន្ត​ថា បច្ចុប្បន្ន នៅ​លើ​សកលលោក មាន​ម្ចាស់​អាជីវកម្ម​រាប់​លាន​នាក់​ត្រូវ​បាន​គេ​រក​ឃើញ ហើយ​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ គឺ​ដោយសារ​ប្រព័ន្ធ​ការ​ផ្តល់​កិច្ច​ការពារ​សម្រាប់​វិស័យ​ឧស្សាហកម្ម និង​គំនូរ​ឧស្សាហកម្ម​នៅ​លើ​ពិភពលោក​មាន​ភាពរឹងមាំ និង​ផ្តល់​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត និង​ការ​បង្កើត​ឡើង​ថ្មី​ៗ​ជាដើម ។

សិក្ខាសាលា​នេះ​ក៏​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ចំណេះដឹង និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា និស្សិត មេធាវី កត្តករ សិប្បកម្ម និង​ផ្នែក​វិស័យ​ឯកជន​ផង​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ថា ៖ « សម្រាប់​យុគសម័យ​ថ្មី​នេះ ប្រទេស​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​អាស៊ាន ក៏​ដូច​ជា​សកលលោក​ផង​ដែរ ក្នុង​នោះ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ចំណែក​វិស័យ​កម្មសិទ្ធិ​ឧស្សាហកម្ម ក៏​ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ឧស្សាហកម្ម​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ » ។

លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​កំពុង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​សមាហរណកម្ម​អាស៊ាន និង​ពិភពលោក តាម​រយៈ​ការ​បើកចំហ​របស់​កម្ពុជា ហើយ​លទ្ធផល​ជា​ដុំ​កំភួន​ដែល​មនុស្ស​មួយ​ចំនួន​រង់ចាំ​មើល គឺ​សកម្មភាព​មិន​អាច​មើលឃើញ​ជា​ដុំ​កំភួន​នោះ​ទេ ព្រោះ​កម្ពុជា​បាន​បើកចំហ​ជា​យូរ​មក​ហើយ ហើយ​សមាហរណកម្ម​អាស៊ាន​ប្រៀប​ដូច​ជា​ការ​បើកទ្វារ​មួយ​ដែល​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ។

ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ និង​ការ​ប្រកួតប្រជែង​ក្នុង​សហគមន៍​នេះ លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ថ្លែង​ថា ៖ « សហគ្រិន​កម្ពុជា​មិន​ទាន់​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​រីក​ចម្រើន​នៅ​ក្នុង​តំបន់​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន តាម​រយៈ​ការ​សហការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បរទេស​នានា​ដើម្បី​យើង​អាច​ពង្រីក​ទំហំ​ទុន និង​សិក្សា​រៀនសូត្រ ដក​ពិសោធន៍​ពី​គេ ។ នៅ​ពេល​យើង​រឹង​មាំ​ហើយ យើង​អាច​ដកខ្លួន និង​បើក​អាជីវកម្ម​ខ្លួនឯង​បាន » ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម ថ្លែង​ថា សមាហរណកម្ម​អាស៊ាន ប្រសិនជា​កម្ពុជា​មិន​ទប់ស្កាត់​លំហូរ​ទំនិញ​ពី​ក្រៅប្រទេស គឺ​ធ្វើ​ឲ្យ​ផលិតផល​បរទេស​នឹង​សម្លាប់​ផលិតកម្ម​ក្នុងស្រុក​។ លោក​បន្ត​ថា ៖ « ទោះជា​អាស៊ាន​បើកចំហ​ក្តី ប៉ុន្តែ​ពួក​គេ​និយាយ​តែ​មាត់​ប៉ុណ្ណោះ ពេល​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ពួក​គេ ពួក​គេ​ដាក់​របាំង​មិនមែន​ពន្ធគយ របាំង​ភូតគាម​អនាម័យ​ជាដើម ដែល​ធ្វើ​ឲ្យ​កម្ពុជា​មិន​អាច​នាំ​ចេញ​បាន​។ ហេតុនេះ កម្ពុជា​គួរតែ​ដាក់​របាំង​ផង​ដែរ​ជាមួយ​ប្រទេស​ជិតខាង​ដើម្បី​ជួយ​សហគ្រាស​ក្នុងស្រុក​អាចរ​ស់បាន » ។

យ៉ាងណា​ក៏​ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​លើកទឹកចិត្ត​សហគ្រាស​ក្នុងស្រុក ដោយ​មិន​យក​ពន្ធលើប្រាក់ចំណេញ​រយៈពេល​ពីរ​ឆ្នាំ ដើម្បី​ជួយ​ឲ្យ​សហគ្រាស​ក្នុងស្រុក​អាច​ពង្រីក​សមត្ថភាព​ផលិត​របស់​ពួក​គេ​ផង​ដែរ ៕