ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​យ៉ាង​សម្រួលការ​រួយ​ខ្នង​ឬ​ឈឺចង្កេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

7 ឆ្នាំ មុន

ស្ត្រី​ភាគច្រើន​តែងតែ​ជួប​បញ្ហា​ចុក​រួយ​ចង្កេះ ខ្នង ដោយសារ​តែ​ទម្ងន់​របស់​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំ ។ ខាងក្រោម​នេះ​គឺជា​សារ​សម្រាប់​ជួយ​សម្រួល​ដល់​ស្ត្រី​ដែល​មាន​បញ្ហា​ទាំងនេះ ក្រោម​ការ​បកស្រាយ​របស់​មន្ទីរ​

ស្ត្រី​ភាគច្រើន​តែងតែ​ជួប​បញ្ហា​ចុក​រួយ​ចង្កេះ ខ្នង ដោយសារ​តែ​ទម្ងន់​របស់​កូន​ក្នុង​ផ្ទៃ​កាន់តែ​ធំ ។ ខាងក្រោម​នេះ​គឺជា​សារ​សម្រាប់​ជួយ​សម្រួល​ដល់​ស្ត្រី​ដែល​មាន​បញ្ហា​ទាំងនេះ ក្រោម​ការ​បកស្រាយ​របស់​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ៖

១-​ការ​ឈរ ឬ​អង្គុយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​៖
ត្រូវ​រក្សា​ខ្នង​ឱ្យ​ត្រង់ ។ ពេល​អង្គុយ​គួរ​ចាំបាច់​ដាក់​កំណល់​ជើង ដើម្បី​បន្ធូរ​ការ​កន្ត្រាក់​របស់​សាច់ដុំ​ខ្នង ។ ពេល​ឈរ​ចៀសវាង​ការ​ឈរ​អែ​៊​ន គួរ​ចាំបាច់​អង្កុញ​ជង្គង់​បន្តិច ដើម្បី​ឱ្យ​ពោះ​រុញ​ទៅ​ក្រោយ​ការពារ​កុំឱ្យ​មានការ​ទាញ នៃ​សាច់ដុំ​ខ្នង ។

២-​ការ​ឱន​រើស​របស់​នៅ​លើ​ដី​៖
ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​រើស​របស់​ដែល​ជ្រុះ​នៅ​លើ​ដី ដោយ​អង្កុញ​ជង្គង់​សិន ហើយ​រក្សា​ខ្នង​ឱ្យ​ត្រង់​មិន​ត្រូវ​ឱន​ខ្លាំង​ពេក​នោះ​ទេ ។

៣-​ការ​ក្រោក​ពី​គ្រែ​៖
ពេល​ក្រោក​ពី​គ្រែ គួរ​ចាំបាច់​ផ្អែក​ទៅ​ចំហៀង​សិន ទើប​យកដៃ​សង្កត់​លើកខ្លួន​ឡើង ។ ដូច​គ្នា​ដែល​ពេល​ចូល​គេង​ត្រូវ​អង្គុយ រួច​ផ្អៀង​ទម្លាក់​ខ្លួន បន្តិច​ម្តង​ៗ​ទៅ​លើ​គ្រែ ។

៤-​ចៀសវាង​ស្បែកជើង​កែង​ចោត​៖
មិន​ត្រូវ​ពាក់​ស្បែកជើង​កែង​ចោត ដែល​មាន​កម្ពស់​ពី​៣​ទៅ​៤​សង្ទីម៉ែត្រ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​បាត់បង់​លំនឹង​នៃ​អាង​ត្រគាក និង​ឆ្អឹងខ្នង ។

៥-​ការ​ហែល​ទឹក​៖
ការ​ហែល​ទឹក ឬ​គេង​លើ​ទឹក គឺ​ជួយ​សម្រាល​ទម្ងន់​របស់​ពោះ​ទៅ​លើ​ឆ្អឹងខ្នង ។ ត្រូវ​ហែល​ទឹក​ឱ្យ​បាន​ញឹកញាប់ និង​អាច​ជួយ​សម្រួល​ដល់​ការ​ឈឺចង្កេះ​ពេល​ពពោះ ។

៦-​ការ​គេង​ឱ្យ​បាន​ត្រឹមត្រូវ​៖
ការ​គេង​ផ្អៀង ត្រូវ​ប្រើ​ខ្នើយ​កល់​ក្រោម​ពោះ ឬ​ចន្លោះ​ជើង​ទាំង​ពីរ​ដើម្បី​ជួយ​សម្រួលការ​សម្រាក​របស់​សាច់ដុំ​ខ្នង​ហើយ​បន្ថយ​នូវ​ភាព​តានតឹង​ដែល​ជា​កត្តា​បង្ក​ឱ្យ​មានការ​ឈឺចង្កេះ ។ ការ​គេង​ផ្ងារ​ត្រូវ​ប្រើ​ខ្នើយ​កល់​ផ្នែក​ខាងក្រោយ​ក គន្លាក់​ជង្គង់ ឬ​កល់​ជើង ដើម្បី​ជួយ​សម្រួល​ដល់​ការ​សម្រាក​នៃ​សាច់ដុំ​ខ្នង ឬ​ចង្កេះ ។

៧-​ការ​ធ្វើ​ម៉ាស្សា​ខ្នង​៖
ការ​ឈ្លី​ខ្នង​ជាមួយ​ប្រេង​គឺ​ដើម្បី​បន្ធូរ​នូវ​ភាព​តានតឹង​នៃ​សាច់ដុំ​ខ្នង​ហើយ​ក៏​ជួយ​បំបាត់​នូវ​ការ​ឈឺចង្កេះ​ដែរ ។

៨-​ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ខ្នង​៖
ការ​ឈឺចង្កេះ​ភាគច្រើន​បណ្តាល​មក​ពី​សាច់ដុំ​សរសៃ ឬ​សន្លាក់​មាន​ភាព​ចុះ​ខ្សោយ ។ ដូច្នេះ​ការ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ខ្នង​គឺ​អាច​ជួយ​បន្ថយ​នូវ​ការ​ឈឺចង្កេះ​ក្នុង​ពេល​មាន​ផ្ទៃពោះ ។

៩-​ការ​ប្រើ​ក្រវាត់​ចង្កេះ​៖
ដោយសារ​តែ​ការ​ប្រែប្រួល​នៃ​អ៊័​រ​ម៉ូ​ន​ក្នុង​ខ្លួន​របស់​ស្ត្រី​ពេល​កំពុង​មាន​ផ្ទៃពោះ ធ្វើ​ឱ្យ​សរសៃ ឬ​សាច់ដុំ​នៃ​អាង​ត្រគាក​មាន​ភាព​ទន់ខ្សោយ​ក្នុង​ការ​ទ្រ​ទម្ងន់​របស់​កូន ។ ក្រវាត់​ចង្កេះ​ដែល​ជួយ​ទ្រ​ទម្ងន់​កូន​គឺ​អាច​ជួយ​សម្រាល​ការ​ឈឺ​ចុកចាប់​ផ្នែក​ចង្កេះ​របស់​មាតា​បាន ។

១០-​ការ​ធ្វើ​ដំណើរ​តាម​ឡាន​ត្រូវ​មានការ​កំណត់​៖
ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​តាម​រថយន្ត​មិន​ត្រូវ​អនុញ្ញាត​ទេ​ក្នុង​ករណី​មាន​រោគ​សញ្ញា​នៃ​ការ​ឈឺចង្កេះ​។ បើ​មិន​អាច​ចៀសវាង​បាន​ត្រូវ​ឈប់​សម្រាក​តាម​ផ្លូវ​ឱ្យ​បាន​ញឹកញាប់ ដើម្បី​សម្រួល​សាច់ដុំ​ខ្នង​កុំឱ្យ​មានការ​តានតឹង​ខ្លាំង​ពេក ៕