ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កំពុង​បារម្ភ មាន​ជន​ម្នាក់​ជិះ​ម៉ូតូ​ចាប់​ក្មេង​ស្រី​សួរនាំ​ក្នុង​សកម្មភាព​ចម្លែក

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ ដែល​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង មានការ​ភ្ញាក់ផ្អើល

ខេត្តបាត់ដំបង ៖ រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ ដែល​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​បាត់ដំបង មានការ​ភ្ញាក់ផ្អើល រហូត​មាន​អាណាព្យាបាល​មួយ​ចំនួន​ស្ទើរ​មិន​ហ៊ាន​ឲ្យ​កូនចៅ​ទៅ​សាលារៀន​ទៀត​ផង បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បង្ហាញ​សកម្មភាព​ដ៏​ចម្លែក​ជិះ​ម៉ូតូ​ចូល​តាម​ភូមិ​ចាប់​ក្មេង​ស្រី​តូច​ៗ​សួរនាំ​ស្ងាត់​ៗ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​សង្ស័យ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ជិះ​ម៉ូតូ​ដេញ​តាម​ឃ្លាំមើល​អំពី​សកម្មភាព​ជន​ចម្លែក​នោះ​ទៀត​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មួយ​ចំនួន ក្នុង​សង្កាត់​ក្ដុល​ដូនទាវ និង​សង្កាត់​ចម្ការ​សំរោង ក្នុង​ក្រុង​បាត់ដំបង បាន​ជួប​ហេតុការណ៍​នេះ​ដោយ​ផ្ទាល់​។ ប្រភព​ដដែល​បន្ត​ថា ជន​ចម្លែក​នោះ​ជា​បុរស​វ័យ​ជិត​៣០​ឆ្នាំ ក្នុង​ឯកសណ្ឋាន​ដូច​ភ្នាក់ងារឥណទាន ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ តែ​ពេល​ខ្លះ​ស៊េរី​ឆ្នាំ​២០០៩ និង​ពេល​ខ្លះ​ស៊េរី​២០១១​។ ជាង​មួ​យស​ប្ដា​ហ៍​ហើយ​ដែល​គេ​ប្រទះ​ឃើញ​ជន​ចម្លែក​នោះ ជិះ​ម៉ូតូ​ចូល​ភូមិ​តា​ព្រូ​ច ភូមិ​ចុង​ព្រែក ភូមិ​អូរ​តា​នប់ ក្នុង​សង្កាត់​ក្ដុល​ដូនទាវ និង​ភូមិ​ចម្ការ​សំរោង​១ សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង រីឯ​នៅ​ភូមិ​ដទៃ​ទៀត​ក៏​មានរឿង​បែប​នេះ​ដែរ​។

លោក ថៃ តារា​រ័​ត្ន អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ក្ដុល​ដូនទាវ ដែល​បាន​ជួប​ហេតុការណ៍​ផ្ទាល់​បាន​និយាយ​ថា កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ កន្លង​ទៅ គាត់​បានឃើញ​ជន​ចម្លែក​នោះ​ជិះ​ម៉ូតូ​ចូល​ក្នុងភូមិ​ចំនួន​២​លើក​ហើយ ក្នុង​ឯកសណ្ឋាន​ដូច​ភ្នាក់ងារឥណទាន​។ លោក​ថា លោក​បានឃើញ​ជន​នោះ​ជិះ​ម៉ូតូ​ឈប់​ក្នុងភូមិ ហើយ​បក់ដៃ​ហៅ​ក្មេង​ស្រី​ម្នាក់​មក​ក្បែរ​ខ្លួន​។ ឃើញ​សកម្មភាព​បែប​នេះ លោក​ក៏​ជិះ​ម៉ូតូ​ទៅ​ឈប់​ទល់មុខ ហើយ​សួរ​ជន​នោះ​ថា តើ​មករ​កអី ជន​នោះ​ម្ដង​ប្រាប់​ថា ខ្លួន​មក​រក​បងប្អូន និង​ម្ដង​ថា ខ្លួន​ជា​ភ្នាក់ងារ​អង្គការ តែ​គ្មាន​ប័ណ្ណសម្គាល់ខ្លួន​ទេ ព្រោះ​ទើប​ចូល​ថ្មី​។

លោក តារា រ័​ត្ន បាន​បញ្ជាក់​ថា ដោយ​ឆ្លើយ​មិន​សម​ហេតុផល លោក​ក៏​និយាយ​គំរាម​ថា បើ​មក​ក្នុង​បំណង​មិនល្អ​មក​លើក​ក្រោយ​ប្រយ័ត្ន​ពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ទើប​ជន​នោះ​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ​។ ដោយឡែក​លោក លូន ណាត អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ចម្ការ​សំរោង​១ សង្កាត់​ចម្ការ​សំរោង បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៦ កុម្ភ​: ជន​ចម្លែក​នោះ​បាន​ជិះ​ម៉ូតូ​មក​ដល់​ជិត​ផ្ទះ​គាត់​។ លុះ​ឃើញ​កូនស្រី​គាត់​កំពុង​ដើរទៅ​ទិញ​នំ​ដល់​កន្លែង​ស្ងាត់ ស្រាប់តែ​ជន​នេះ​ឈប់​ម៉ូតូ ហើយ​ចាប់​ក្របួច​ក​អាវ​កូន​គាត់​។

គាត់​និយាយ​ថា ភ្លាម​នោះ​កូនស្រី​គាត់​បាន​រើបម្រះ តែ​អ្នក​ភូមិ​ម្នាក់​បានឃើញ​ទាន់​ក៏​ស្រែក​សួរនាំ ធ្វើ​ឲ្យ​ជន​នេះ​ភ័យ​ក៏​ជិះ​ម៉ូតូ​គេច​បាត់​ទៅ តែ​លោក​មិនដឹង​ថា ជន​ចម្លែក​នោះ​ចាប់​កូនស្រី​គាត់​ក្នុង​បំណង​អ្វី​នោះ​ទេ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​មានការ​លេចឮ​ត​ៗ​គ្នា​ថា មាន​មនុស្ស​ចម្លែក​ជិះ​ម៉ូតូ​ចាប់​ក្មេង​វះ​យក​ក្រលៀន ទើប​ធ្វើ​ឲ្យ​អ្នក​ភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ឥឡូវ​ប៉ះ​លើ​កូនស្រី​គាត់​តែ​ម្ដង​។ ជាមួយនឹង​ការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ កុមារី​ឈ្មោះ ឈឿ​ត សៃ​ហ្វុ​ង អាយុ​១២​ឆ្នាំ និង​កុមារី​ឈ្មោះ អាន វិ​ជ្ជ​រ៉ា អាយុ​៦​ឆ្នាំ នៅ​ភូមិ​អូរ​ទំនប់ បាន​និយាយ​ដែរ​ថា ពួក​នាង​ធ្លាប់​ត្រូវ​ជន​នោះ​ហៅ​៣​លើក​ដែរ ហើយ​ធ្លាប់​ឲ្យ​លុយ​ពួក​នាង​១០០០​រៀល​ទៀត​ផង​។

នាង​បន្ត​ថា លើក​ចុង​ក្រោយ​ជន​នោះ​បាន​បក់ដៃ​ហៅ​នាង ហើយ​ចាប​អង្អែល​ដៃ​នាង លុះ​អ្នក​ភូមិ​ឃើញ​ស្រែក​សួរនាំ ស្រាប់តែ​ជន​នោះ​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាម​ៗ​ដែរ​។ អ្នក​ភូមិ​បាន​បញ្ជាក់​ដែរ​ថា ក្រោយ​ពី​ជន​ចម្លែក​នោះ​ចេញ​ផុត ស្រាប់តែ​ពួក​នាង​មាន​អាការ​:​ស្ងួត​បំពង់ក ងុ​យ​ដេក និង​រឹង​ថ្គាម រហូត​អាណាព្យាបាល​បញ្ជូន​ទៅ​ពេទ្យ​ភ្លាម​ៗ​ដែរ​។ អ្នក​ភូមិ​និយាយ​ថា សកម្មភាព​ដ៏​ចម្លែក​របស់​ជន​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ដោយ​គិត​ថា សកម្មភាព​ជន​ចម្លែក​នោះ​អាច​ជា​សកម្មភាព​ចាប់​ក្មេង​វះ​យក​ក្រលៀន​។ ជុំវិញ​ការ​ភ្ញាក់​ផ្អើ​ន​នេះ អធិការ​ក្រុង​បាត់ដំបង លោក ប៉ា​ង ហៀ​ង បាន​បដិសេធ​ថា មិន​មានរឿង​ដូច​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​ទេ​។

លោក​ថា កម្លាំង​មូលដ្ឋាន​បាន​ចុះ​ស្រាវជ្រាវ​អំពី​រឿង​នេះ តែបើ​តាម​ព័ត៌មាន​ដែល​លោក​ទ​ទូល​បាន ភិនភាគ​ជន​ចម្លែក​នោះ គឺជា​ជន​មិន​គ្រប់ទឹក​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា រឿង​នេះ​មិន​ពិត​ទេ តែ​មន្ត្រី​របស់​លោក​កំពុង​តាម​ស្វែងរក​ជន​ចម្លែក​នោះ​ហើយ​៕