ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ណា​ក៏​វាយ ថ្ងៃ​ណា​ក៏​ជេរ នាង​ទ្រាំ​មិន​បាន​ក៏​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រីម្នាក់​បាន​និយាយ​បណ្ដើរ យំ​បណ្ដើរ​ប្រាប់​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ថា នាង​បាន​ទទួល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ ដោយ​ថ្ងៃ​ណា​ក៏​វាយ ថ្ងៃ​ណា​ក៏ជេរពី​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រៀបរាប់​ប្រាប់​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ថា នាង​បាន​ទទួល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ពី​សំណាក់​ប្ដី​ជាទី​ស្រលាញ់​របស់​នាង​អស់​រយៈពេល​១​ឆ្នាំ​កន្លង​មក​ហើយ ដែល​ថ្ងៃ​ណា​ក៏​ត្រូវ​លោក​ប្ដី​វាយ​ធ្វើបាប និង​ជេរ​បញ្ចោរ​គ្មាន​លស់​ពេល​ណា​ឡើយ ដោយសារ​តែ​ការ​អត់ទ្រាំ​មាន​កំណត់​នោះ ទើប​ពេល​នេះ​នាង​ទ្រាំ​តទៅ​ទៀត​លែង​បាន ក៏​សម្រេចចិត្ត​ថា ត្រូវ​តែ​លែងលះ​ប្ដី​កំហូច​នោះ​ចោល ព្រោះ​បើ​នៅ​តែ​បែប​នេះ​ទៀត នាង​គ្មាន​សេចក្ដីសុខ និង​សុភមង្គល​ឡើយ ហើយ​បន្ទាប់​គិត និង​សម្រេចចិត្ត​រួច​ហើយ នាង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​សង្កាត់​តែ​ម្ដង​។

ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ បាន​និយាយ​បណ្ដើរ យំ​បណ្ដើរ​ប្រាប់​ឲ្យ​អាជ្ញាធរ​ឱ្យ​ដឹង​ថា នាង​មានឈ្មោះ មៀ​ច មុំ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ជំរៅ ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។​ចំណែក​លោក​ប្ដី​របស់​នាង​ឈ្មោះ ង៉ែត សា​វុ​ធ អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ ជាមួយ​គ្នា និង​ស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ស្ត្រី​នោះ​បាន​បន្ត​ថា នាង​និង​ប្ដី​បាន​រៀប​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ  ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នោះ​ឡើយ ហើយ​ការ​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ គឺ​មុន​ដំបូង​ឡើយ​មាន​សេចក្ដីសុខ និង​សុភមង្គល​ណាស់ មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ឡើយ មិនតែប៉ុណ្ណោះ​ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួក​នាង គឺ​បានកូន​ស្រី​ម្នាក់​ជាទី​ស្រលាញ់​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​ផង​ដែរ​។ ប្ដី​មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប  ចំណែកឯ​នាង​មានមុខរ​បរជា​កម្ម ការិនី​រោងចក្រ​កាត់ដេរ ហើយ​នៅ​ពេលទំនេរ​បាន​អ៊ុតសក់​ឲ្យ​គេ​ផង​ដែរ មិន​ដែល​នៅ​ទំនេរ​នោះ​ឡើយ គឺ​ខំ​រួម​គ្នា​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នៅ​ក្នុង​គ្រួសារ ហើយ​នាង​ស្មោះត្រង់​ជាមួយ​ប្ដី​ខ្លាំង​ណាស់ មិន​ដែល​ថា មានគំនិត​គិត​ក្បត់​ប្ដី​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា សេចក្ដីសុខ​មាន​តែ​មួយ​រយៈពេល​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ​នៅ​រយៈពេល​ប្រហែល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ភាព​រកាំរកូស​កើតឡើង នៅ​ក្នុង​រង្វង់​គ្រួសារ ដោយ​នាង​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​លោក​ប្ដី​ដែរ លោក​ប្ដី​តែងតែបាន​រករឿង​គ្មាន​ហេតុផល រហូត​ឈាន​ដល់​ការ​វាយតប់​ធ្វើបាប​នាង​ជា​បន្តបន្ទាប់​។ ទោះជា​បែប​ណា នាង​នៅ​តែ​ស្រលាញ់​ប្ដី ហើយ​ក៏​ចេះ​តែ​ស៊ូទ្រាំ​ជា​និច្ច ព្រោះ​យល់​ថា ជីវិត​គឺជា​ការ​តស៊ូ និង​គិត​ថា សូ​ម្បី​តែ​ចាន​ក្នុង​រាវ ក៏​តែងតែ​ប៉ះទង្គិច​គ្នា​មិន​ខាន ប៉ុន្តែ​ទីបំផុត​ការ​អត់ធ្មត់​ធ្វើ​ជា​មនុស្ស​គ មនុស្ស​ថ្លង់ គឺ​មាន​កំណត់​ដែល​ការ​មិន​តបត​យូរ​ៗ​ទៅ​បាន​ធ្វើ​ឲ្យ​ប្ដី​បានចិត្ត​កាន់តែ​ខ្លាំង រករឿង​វាយ​ធ្វើបាប នាង​គ្មាន​ល្ហែ​។

នាង​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​ចុង​ក្រោយ​នេះ បាន​ប្ដី​បាន​ចាប់​វាយ​ច្របាច់ក​នាង​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ហើយ​ក៏​បាន​ធ្វើ​ឲ្យ​នាង​ចាប់ផ្ដើម​អស់ចិត្ត អស់​និស្ស័យ​ស្នេហ៍​ជាមួយនឹង​ប្ដី​នោះ​តទៅ​ទៀត​ដែរ នាង​សម្រេចចិត្ត​ថា ត្រូវ​តែ​លែង​គាត់​ចោល ទើបបាន​សុខ បើ​មិន​ដូច្នេះ​ទេ មាន​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ ព្រោះ​ពេល​នេះ​លោក​ប្ដី​ហាក់ គ្មាន​មេត្តា​នៅ​ក្នុង​ខ្លួន​បន្តិច​សោះឡើយ​។ មាន​តែ​ការ​វាយ​ធ្វើបាប ជេរ​បញ្ចោរ​ឥត​សំចៃមាត់​មក​លើ​រូប​នាង​តែ​ប៉ុណ្ណោះ គ្មាន​សុភមង្គល​ដូច​ពេល​មុន​ទៀត​ឡើយ ហើយ​បន្ទាប់​ពី​គិត និង​សម្រេចចិត្ត​ដើរ​តាម​ផ្លូវ​ខាងលើ ទើប​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់​ក្នុង​ការ​លែងលះ​ប្ដី​នោះ​។ ប៉ុន្តែ​លោក​ប្ដី​នាង​វិញ​ប្រាប់​ថា មិន​លែង​នាង​ដាច់ខាត និង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​បាត់​ហើយ រង់ចាំ​នាង​ទៅ​តាម​ក្រោយ​សម្របសម្រួល​គ្នា​។

ទាក់ទិន​ទៅ​នឹង​ស្ត្រី​ខាងលើ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​បាន​និយាយ​ថា ក៏​មានការ​អាណិតអាសូរ​នាង​ណាស់  ប៉ុន្តែ​អាជ្ញាធរ​មិន​អាច​ទទួល​ដោះស្រាយ​បាន​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​គ្រាន់តែ​ជា​អ្នក​បញ្ញើរ​ក្អែក ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​តែ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​ស្នាក់​នៅ​អចិន្ត្រៃយ៍ ហើយ​កាលពី​ពួក​គេ រៀប​ការ​គឺ​នៅ​ឯ​ស្រុក​កំណើត ដូច្នេះ​អាជ្ញាធរ​បាន​ត្រឹម​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​តទៅ​ទៀត​។ ចំណែក​ការ​សម្របសម្រួល ឬ​បែប​ណា​នោះ គឺ​ទាល់តែ​ពួក​គេ​នាំ​គ្នា​ទៅ​រក​អាជ្ញាធរ​ឃុំ ដែល​ពួក​គេ​រស់នៅ និង​សុំ​ច្បាប់​ការ​នោះ​វិញ ម្យ៉ាង​ការ​លែងលះ​គ្នា​រវាង​ប្ដី និង​ប្រពន្ធ គឺ​មាន​តែ​តុលាការ​ទ ទើប អាច​សម្រេច​បាន​៕