ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​តោះ​! និយាយ​ពី​លុយ​» ជា​សៀវភៅ​អប់រំ​ពលរដ្ឋ​ឱ្យ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ «​តោះ​! និយាយ​ពី​លុយ​» ជា​ឯកសារ​អំ​ណា​ន​បន្ថែម​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​៨​ដល់​១២​ឆ្នាំ​បាន​យល់​ដឹង​ពី​លុយកាក់ និង​មាន​គោលបំណង​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់

រាជធានី​ភ្នំពេញ ៖ សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ «​តោះ​! និយាយ​ពី​លុយ​» ជា​ឯកសារ​អំ​ណា​ន​បន្ថែម​សម្រាប់​កុមារ​ដែល​មាន​អាយុ​ពី​៨​ដល់​១២​ឆ្នាំ​បាន​យល់​ដឹង​ពី​លុយកាក់ និង​មាន​គោលបំណង​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​ទម្លាប់​អ្នក​ប្រើប្រាស់​សេវា​ធនាគារ ពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​ងាយ​រង​គ្រោះ​ចេះ​គ្រប់គ្រង​លុយកាក់ ។ នេះ​បើ​តាម​អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង ។

ថ្លែង​ក្នុង​ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ កុម្ភៈ នៅ សាលា​បឋម​សិក្សា​ភ្នំ​ដូនពេញ លោក​ជំទាវ ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « សៀវភៅ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​នេះ រៀបចំ​ឡើង​ផ្អែក​លើ​សារ​អប់រំ​របស់​យុទ្ធនាការ «​តោះ​! និយាយ​ពី​លុយ​»​។ សៀវភៅ​នេះ គឺ​សម្រាប់​យើង​ទាំង​អស់​គ្នា ព្រោះ​គោលបំណង​របស់​យើង គឺ​ចង់​ផ្លាស់​ប្តូរ​ទម្លាប់​របស់​អ្នក​ប្រើប្រាស់​សេវា​ធនាគារ ពិសេស ប្រជាជន​មាន​ចំណូល​ទាប និង​ងាយ​រង​គ្រោះ​ឲ្យ​ចេះ​គ្រប់គ្រង​លុយកាក់ និង​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​លើកយក​បញ្ហា​លុយ​មក​ពិភាក្សា ។ ហេតុ​ដូច្នេះ​ទើប​យើង​យល់​ថា អ្នក​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​ទាំងនោះ​ជឿជាក់ គឺ​កូន​ៗ​របស់​គាត់ គឺ​ក្មួយ​ៗ​កុមារ​របស់​យើង » ។

លោក​ជំទាវ​បន្ដ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចែក​សៀវភៅ​នេះ​ឲ្យ​បាន​ទូលំទូលាយ​នៅ​តាម​សាលា​ចំណេះ​ទូទៅ ពិសេស​សាលា​បឋម​សិក្សា​ទូ​ទាំង​ប្រទេស ។ តាម​តួលេខ​ប៉ាន់ស្មាន​ដែល​ផ្តល់​ដោយ​ក្រសួង​អប់រំ គឺ​ត្រូវការ​សៀវភៅ​នេះ​ប្រមាណ​១០​ម៉ឺន​ក្បាល​។ លោក​ជំទាវ​ថា ៖ « បច្ចុប្បន្ន តាម​រយៈ​ការ​ឧបត្ថម្ភ​ដែល​យើង​ទទួល​បាន​អាច​បោះពុម្ព​សៀវភៅ​ជាង​២​ម៉ឺន​ក្បាល មាន​ន័យ​ថា យើង​នៅ​ត្រូវការ​សៀវភៅ​នេះ​ជាង​៧​ម៉ឺន​ក្បាល​ទៀត ឬ​អាច​ច្រើន​ជាង​នេះ » ។

លោក​ជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ព្រោះ​ការ​យល់​ច្បាស់​ពី​ផលិតផល​ហិរញ្ញវត្ថុ ការ​ជ្រើសរើស និង​ប្រើប្រាស់​ផលិតផល​ទាំងនោះ​បាន​ត្រឹមត្រូវ អាច​ការពារ​អតិថិជន​ឱ្យ​រួច​ផុត​ពី​ការ​កេង​បន្លំ និង​បំណុល​វ័ណ្ឌក ។ ហេតុនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​គម្រោង​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ជា​ច្រើន ។

កន្លង​មក ធនាគារជាតិ​នៃ​កម្ពុជា សហការ​ជាមួយ​អង្គការ Good Return ធ្លាប់​ប្រកាស​បើក​យុទ្ធនាការ​មួយ​ឈ្មោះ​ថា «​តោះ​! និយាយ​ពី​លុយ​» មាន​រយៈពេល​១២​ស​ប្តា​ហ៍ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ និង​បញ្ចប់​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៦ កន្លង​មក ។

ទាក់ទង​នឹង​យុទ្ធនាការ​នេះ មាន​គោលបំណង​ផ្លាស់​ប្តូរ​ឥរិយាបថ​ហិរញ្ញវត្ថុ និង​ពង្រឹង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​គ្រួសារ ព្រមទាំង​សហគមន៍​ដែល​មាន​ចំណូល​ទាប​និង​ងាយ​រង​គ្រោះ ក្នុង​នោះ ក្រុម​គោលដៅ គឺជា​យុវជន​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ដែល​រស់នៅ​តាម​ទីក្រុង​និង​ជនបទ តាម​រយៈ​ប្រធានបទ​សំខាន់​ៗ៤ គឺ ៖ ១-​ជ្រើសរើស​, ២-​ប្រើ​ប្រាស់​, ៣-​តថ្លៃ និង​៤-​ទំនាក់ទំនង ។ យុទ្ធនាការ​នេះ​ជំរុញ​យុវជន​ឲ្យ​ចាប់ផ្តើម​ពិភាក្សា​អំពី​លុយ​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ដើម្បី​ឲ្យ​ពួក​គេ​អាច​សម្រេច​ចិត្តបាន​ប្រសើរ​ជាង​មុន​ក្នុង​ការ​ប្រើប្រាស់ ឬ​ចាត់ចែង​លុយកាក់​ទៅ​អនាគត ។ លើស​ពី​នេះ មាន​សារ​អប់រំ​ថត​ជា​វី​ដេ​អូ​ខ្លី​ចំនួន​៦​រឿង រួម​មាន ៖ ១-​សន្សំ​, ២-​ដើរ​ត​, ៣-​អត់​បញ្ហា​, ៤-​ត្រី​មួយ​កំណាត់​, ៥-​អ្នក​ដើរ​ផ្សារ និង​៦-​ខ្សឹបខ្សៀវ ដើម្បី​ឲ្យ​យុវជន​ឈ្វេងយល់​ពី​ការ​ជ្រើសរើស និង​ប្រើប្រាស់​ផលិតផល​ហិរញ្ញវត្ថុ រៀន​តថ្លៃ​ដើម្បី​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ទៅ​តាម​តម្រូវការ និង​បង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ ៕