ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន ប្រកាស​ផ្តល់​អង្ករ​ចំនួន​៦​ពាន់​តោន​ដល់​រដ្ឋាភិបាល​គុយ​បា

2 ឆ្នាំ មុន
  • ភ្នំពេញ

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​ជាមួយ​ឯកឧត្តម Miguel Diaz -Canel ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយ​បា​។ បន្ទាប់​ពី​

ប្រទេស​គុយ​បា ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​ជាមួយ​ឯកឧត្តម Miguel Diaz -Canel ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយ​បា​។ បន្ទាប់​ពី​ប្រារព្ធ​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួច​មក ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក៏​មាន​ជំនួប​កំពូល​ដែល​នៅ​ក្នុង​ជំនួប​នោះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា យើង​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្រោយ​ពេល​បដិវត្តន៍​នៃ​ប្រទេស​គុយ​បា​។

ជា​ការ​ពិត​យើង​ពិតជា​មាន​ភាពរឹងមាំ និង​ចំណុចខ្លាំង​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​។ ទំនាក់ទំនង​របស់​យើង​បាន​ចាប់ផ្ដើម ជា​ពិសេស​រវាង ឯកឧត្តម ហ្វី ដែល​កា​ស្ត្រូ និង​អតីត​ព្រះមហាក្សត្រ​សម្ដេច នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ​។ ក្នុង​ន័យ​នេះ យើង​នឹង​អបអរសាទរ​នៅ​ក្នុង​ខែតុលា​ខាង​មុខ នៅ​ខួប​១០០​ឆ្នាំ នៃ​ព្រះ​ជន្មាយុ​ព្រះករុណា​សម្ដេចឪ​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា ភាគច្រើន​នៃ​ថ្នាក់ដឹកនាំ​របស់​យើង​ពេល​នេះ កើត​ក្រោយ​បដិវត្តន៍​ប្រទេស​គុយ​បា ហើយ​បានដឹង​ក្តី​ជា​ពិសេស​បាន​ស្ដាប់ និង​រៀនសូត្រ​អំពី​ដំណើរការ​នៃ​ការ​ស្វែងរក​សេរីភាព​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូច​ជា ប្រទេស​ឡាវ កម្ពុជា​និង​វៀតណាម​ផង​ដែរ​។

ឯកឧត្តម Miguel Diaz-Canel ប្រធានាធិបតី​គុយ​បា មាន​ប្រសាសន៍​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា និង​គុយ​បា បាន​គាំទ្រ​ការ​ស្វែងរក​សន្តិភាព ក៏​ដូច​ជា​យុត្តិធម៌​នៅ​លើ​ពិភពលោក​នេះ​។​នេះ​គឺជា​មូលដ្ឋាន​នៃ​ទំនាក់ទំនង​ប្រទេស​គុយ​បា និង​កម្ពុជា​។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​កើតឡើង​ថ្វី​ត្បិត​ភូមិសាស្ត្រ​នៅ​ឆ្ងាយ​ពី​គ្នា​មែន ប៉ុន្តែ​មិត្តភាព​ប្រទេស​ទាំង​ពីរ​មាន​យូរអង្វែង​មក​ហើយ​។ មិត្តភាព​នេះ បាន​រឹង​មាំ និង​មាន​សាមគ្គី​ខ្ពស់​ផង​ដែរ​។ នេះ​ជា​ហេតុផល​ដែល​នាំ​ឲ្យ​មាន​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៅ​គុយ​បា ដើម្បី​ពង្រឹង​ឯករាជ្យ​ភាព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​យើង​។

ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​មាន​ប្រសាសន៍​ថា គុយ​បា ទទួលស្គាល់​ភាព​ក្លាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ ដើម្បី​ការពារ​ឯករាជ្យ​ភាព និង​អធិបតីភាព​របស់​កម្ពុជា​។ យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេរ​ភាគី ជា​ពិសេស​ការ​ជំរុញ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។

ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ឆ្លុះ​បញ្ចាំង​យ៉ាង​សំខាន់​ជា​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ និង​គឺជា​សាក្សី​មួយ​ដ៏​សំខាន់​នៃ​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​យើង​ទាំង​ពីរ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ផ្តល់​អង្ករ​ចំនួន ៦​ពាន់​តោន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​គុយ​បា សម្តេច​តេ​ជោ​បានឱ្យ​ដឹង​ថា អង្ករ ៦​ពាន់​តោន​នេះ មាន ៣​ពាន់​តោន ជា​ជំនួយ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ហើយ ៣​ពាន់​តោន​ទៀត​ជា​ជំនួយ​របស់​វិស័យ​ឯកជន​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា អង្ករ​៦​ពាន់​តោន​នេះ នឹង​ដឹក​ចេញពី​កម្ពុជា​នៅ​ខែតុលា ហើយ​ដឹក​ដល់​ប្រទេស​គុយ​បា នៅ​ក្នុង​ខែធ្នូ​។

ឯកឧត្តម ប្រធានាធិបតី​គុយ​បា ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ប្រជាជន និង​វិស័យ​ឯកជន​របស់​កម្ពុជា សម្រាប់​ការ​ផ្តល់​ជំនួយ​ជា​អង្ករ​នេះ​។

ហើយ​នៅ​ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ប្រធានាធិបតី​គុយ​បា បាន​ជជែក​គ្នា​ពី​ការ​រៀបចំ​ឱ្យ​មាន​ទស្សនកិច្ច​របស់​ក្រុម​អ្នកបច្ចេកទេស​ផ្នែក​កសិកម្ម ដើម្បី​សិក្សា​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​លើ​ដំណាំ​ស្រូវ​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា កម្ពុជា​ជា រ៉ាប់រង​រាល់​ការ​ចំណាយ​លើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ចាត់​ទុក​ការ​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម គឺជា​ចំណែក​មួយ​សម្រាប់​ធានា​ដល់​សន្តិសុខ​ស្បៀង​រវាង​កម្ពុជា និង​ប្រទេស​គុយ​បា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ