ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល​ជាប់​គាំង​ស្ទះចរាចរណ៍ ក្រោយ​ស្ពាន​ត្រូវ​កាត់​ផ្តាច់​ព្រោះ​ទឹក​ហូរ​ខ្លាំង

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​ក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស ជាប់​គាំង​ស្ទះចរាចរណ៍​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយសារ​តែ​ស្ពាន​បណ្ដោះអាសន្ន​ឆ្លងកាត់​ទំនប់​ចាក់​ទឹម ត្រូវ​បាន​កាត់​ផ្ដាច់ ដោយសារ​តែ​ទឹក​ហូរ

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល ស្ថិត​ក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស ជាប់​គាំង​ស្ទះចរាចរណ៍​មិន​អាច​ត្រឡប់​មក​វិញ​បាន ដោយសារ​តែ​ស្ពាន​បណ្ដោះអាសន្ន​ឆ្លងកាត់​ទំនប់​ចាក់​ទឹម ត្រូវ​បាន​កាត់​ផ្ដាច់ ដោយសារ​តែ​ទឹក​ហូរ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២២​នោះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត រួម​ដំណើរ​ដោយ​លោក​ជំទាវ កែវ ចន្ទ​មុន្នី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​។

ក្នុង​ស្ថានភាព​ដ៏​លំបាក​ខាងលើ​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ក៏​បាន​បញ្ជា​ទៅ​កងកម្លាំង មាន​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដើម្បី​បញ្ជូន​កម្លាំង​ចុះ​អន្តរាគមន៍​ជា​បន្ទាន់​។ ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់ និង​បាន​ធ្វើការ​ជួសជុល​ស្ពាន រហូត​ដល់​ម៉ោង​ប៉ុន្មាន​ជាង​៧​យប់ ស្ពាន​ដែល​រង​ការ​ខូចខាត​ត្រូវ​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ ដែល​អាច​ឲ្យ​ភ្ញៀវ​ទៅ​លេង​ទឹកធ្លាក់​ថ្ម​ក្រាល បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​មក​វិញ​ដោយ​សុវត្ថិភាព​។

ភ្ញៀវ​ទេសចរ​បាន​សម្ដែង​ទឹកចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង និង​បាន​លើកដៃ​សំពះ​ថ្លៃ​ង​អំណរ​គុណ​ដល់​ឯកឧត្តម​អភិបាលខេត្ត ដែល​បាន​យកចិត្តទុកដាក់​ដោះស្រាយ​បន្ទាន់​ជូន​ពួក​គាត់​ទាន់​ពេលវេលា ធ្វើ​ឲ្យ​គាត់​អាច​ធ្វើ​ត្រឡប់​មក​លំនៅ​ឋាន​វិញ​ដោយ​សុវត្ថិភាព​។

ជាមួយ​គ្នា​នោះ ឯកឧត្តម អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ផ្នែក គ្រប់​ជាន់ថ្នាក់ ដែល​បាន​សហការ​គ្នា​ក្នុង​ការ​យកចិត្តទុកដាក់​ជួសជុល​ស្ពាន​ឆ្លងកាត់​ទំនប់​ចាក់​ទឹម ជា​បណ្ដោះអាសន្ន​នេះ​ទាន់​ពេលវេលា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ឆ្លងកាត់​មក​វិញ​បាន​។

សូម​រំ​ឮ​កថា ទំនប់​ចាក់​ទឹម ក្នុងភូមិ​កោះ​ខ្ទម ឃុំ​ជៀប ស្រុក​ទឹកផុស គឺជា​ផ្លូវ​គមនាគមន៍​ដ៏​សំខាន់​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កំសាន្ត​នៅរ​ម្មណី​យ​ដ្ឋា​ន ទឹកធ្លាក់​ថ្ម​ក្រាល​។ ហើយ​ទំនប់​នេះ ត្រូវ​បាន​កាត់​ផ្តាច់​កាលពី​វេលា​ម៉ោង​១​ជាង​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២ ហើយ​ត្រូវ​បាន​ក្រសួង​ធនធានទឹក អាជ្ញាធរ និង​សហគមន៍​ទេសចរណ៍ ទឹកធ្លាក់​ថ្ម​ក្រាល កសាង​ស្ពាន​បណ្តោះអាសន្ន ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​បានជា​ធម្មតា​។

ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា បន្ទាប់​ពី​ទឹក​ហូរ​ខ្លាំង​ពេក ធ្វើ​ឱ្យ​ស្ពាន​រង​ការ​ខូចខាត​ជា​ថ្មី​ម្តងទៀត​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ ជាប់​គាំង​មិន​អាច​ត្រឡប់​មក​វិញ​បាន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ ឯកឧត្តម អភិបាល លោក​ជំទាវ អ្នកតំណាង​រាស្ត្រ ចុះ​អន្តរាគមន៍​ជា​បន្ទាន់ ហើយ​បាន​ធ្វើ​ដំណើរ​ជា​ប្រក្រតី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ