ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​អាជ្ញាកណ្ដាល​ពេក​គប់​ទឹកបរិសុទ្ធ​1​ដប​ត្រូវ​កញ្ចឹងក​កីឡាករ​ថៃ​សន្លប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ កីឡាករ​ថៃ​ឈ្មោះ​ធីង ភូ​ថុ​ន ដែល​ប្រកួត​ជាមួយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែល​រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ កីឡាករ​ថៃ​ឈ្មោះ​ធីង ភូ​ថុ​ន ដែល​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា​ឈ្មោះ​ចាន់ ស៊ី​ណាត មក​ពី​ក្លិប​និរោធ​មាន​ជ័យ​នោះ ត្រូវ​បាន​អ្នក​ទស្សនា​ម្នាក់​ដែល​ងប់​នឹង​ការ​ប្រកួត​ខ្លាំង​ពេក​គប់​មួយ​ដប​ទឹក​បរិសុទ្ធ​ដែល​មានទឹក​ពេញ​ចំ​កញ្ចឹងក​បណ្ដាល​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣ ។

ដោយសារ​តែ​កើត​មាន​បញ្ហា​បែប​នេះ ទើប​ការ​ប្រកួត​គូ​នេះ ​ត្រូវ​បាន​ផ្អាក​ត្រឹម​ទឹក​ទី​៣​នោះ ដោយ​មិន​ប្រកាស​លទ្ធផល​ឡើយ ។ ចំណែក​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​សាកសួរ​ភ្លាម​ៗ​និង​បាន​សារភាព​ថា គាត់​ពិតជា​បាន​គប់​មែន ​ដោយសារ​តែ​ខឹង​នឹង​អាជ្ញាកណ្ដាល​ គឺ​លោក​ឡុ​ង ស៊ី​លី​ន លម្អៀង​កាន់ជើង​កីឡាករ​ថៃ​ពេក ។

លោក រាជ សុ​ផែន ដែល​ជា​ប្រធាន​គណៈវិនិច្ឆ័យ​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ចាត់​ទុក​ថា នេះ​ជា​ការ​បង្កហេតុ​ខុស​ទំនង​របស់​ជន​ដៃដល់​រូប​នេះ ខណៈ​ជន​ដៃដល់​បាន​បន្ទោស​លោក ឡុ​ង ស៊ី​លី​ន ថា​កាន់ជើង​កីឡាករ​ថៃ ។

ជាក់ស្ដែង​នៅ​ក្នុង​ទឹក​ទី​២ ​និង​ទី​៣ គេ​ឃើញ​ចាន់ ស៊ី​ណាត មាន​ប្រៀប​ជាង​កីឡាករ​ថៃ ធ្វើ​ឱ្យ​អ្នកគាំទ្រ​មាន​ទឹកមាត់​លេប​មិន​តិច​ទេ នៅ​ពេល​ឃើញ​លោក​វាយ​ម៉ាត់​ចូល​មុខ​គូ​ប្រកួត​ពេញ​ៗ​ស្ទើរតែ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​រូប​នោះ​ទប់ខ្លួន​លែង​ចង់​ជាប់​ទៅ​ហើយ តែ​លោក​អាជ្ញាកណ្ដាល​មិន​រាប់​ទេ​ បាន​ត្រឹមតែ​ចាប់​ឃាត់​រួច​អនុញ្ញាត​ឱ្យ​ប្រកួត​បន្ត​ទៀត ទើប​កើត​មានការ​ខឹងសម្បា​ពី​សំណាក់​ជន​ដៃដល់​យក​ទឹកបរិសុទ្ធ​១​ដប​គប់​តែ​ម្ដង ។

ទោះបី​យ៉ាងណា​បើ​តាម​អ្នកជំនាញ​ខាង​ប្រដាល់​ថា អាជ្ញាកណ្ដាល​មិន​បាន​កាន់ជើង​កីឡាករ​ថៃ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ។ បើ​ទោះជា​ចាន់ ស៊ី​ណាត វាយ​ចូល​មុខ​គូប្រកួត​ជា​ច្រើន​ដៃ​មែន​តែ​កម្លាំង​ដៃ​ដែល​វាយ​ចេញ​មិន​អាច​ធ្វើ​ឱ្យ​កីឡាករ​ថៃ​បាត់បង់​ស្មារតី​រហូត​ដល់​ថ្នាក់​ឱ្យ​អាជ្ញាកណ្ដាល​រាប់​នោះ​ទេ ព្រោះ​រាល់ពេល​វាយ​ចូល​មុខ​គេ​នៅ​តែ​ងក់ក្បាល​ដើរ​ចូល​វាយ​និង​ទាត់​សង​វិញ​យ៉ាង​ចាស់ដៃ​ទៅ​លើ​កីឡាករ​កម្ពុជា ។

លោក ញាន សុធី អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​និយាយ​ថា តាម​ការ​សាកសួរ​ជនល្មើស​ជំហាន​ដំបូង​ប្រាប់​ថា រូបគេ​ខឹង​នឹង​អាជ្ញា​កណ្ដាល​ដែល​លម្អៀង​ពេក​ហើយ​ទប់​កំហឹង​មិន​បាន​ក៏​យក​ទឹកបរិសុទ្ធ​១​ដប​គប់​ស្រប​ពេល​កីឡាករ​ទាំង​២​កំពុង​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ទឹក​ទី​៣ ។

លោក​បន្ត​ថា សង្វៀន​អាស៊ី​អាគ្នេយ៍​បច្ចុប្បន្ន​កំពុង​មាន​ប្រជាប្រិយភាព និង​មាន​អ្នក​ឧបត្ថម្ភ​កម្មវិធី​ច្រើន​ជាងគេ​ បើ​ធៀប​នឹង​សង្វៀន​ផ្សេង​ទៀត ហើយ​ការ​ប្រកួតប្រជែង​បែប​នេះ លោក​បារម្ភ​ពី​ក្រុម​មនុស្ស​ទុច្ចរិត​មួយ​ចំនួន​ដែល​មាន​បំណង​ចង់​ឆាឆៅ​កម្មវិធី​របស់​យើង ។

លោក ញាន សុធី បាន​បញ្ជាក់​ថា ​៖ «​ក្រុម​សន្តិសុខ​បាន​ចាប់​បញ្ជូន​ជន​បង្ក​ទៅ​នគរបាល​ប៉ុស្តិ៍ ហើយ​ប្រសិនបើ​ទ​ង្វើ​នោះ​គ្មាន​ការ​ឃុបឃិត​ណាមួយ ឬ​គ្រាន់តែ​ជា​អំពើ​ហិង្សា​ដោយ​​ទឹកចិត្ត​គាំទ្រ​ខ្វះ​ការ​ពិចារណា​មួយ​ពេល ហើយ​សុំ​ទោស​នោះ យើង​អាច​អនុគ្រោះ​ឲ្យ​បាន ពីព្រោះ​យើង​ចង់បាន​ការ​ទស្សនា​ដោយ​សប្បាយ​រីករាយ ។ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ ខាង​ប៉ូលិស​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ ហើយ​ភាគី​កីឡាករ​ថៃ​រង​គ្រោះ​ក៏​មិន​ប្រកាន់​ដែរ ។ ទោះបី​យ៉ាងណា សម្រាប់​គូ​ប្រកួត​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​នោះ គណៈ​កម្ម​ការ​មិន​ប្រកាស​លទ្ធផល​ឡើយ តែ​បាន​បើក​លុយ​តម្លៃ​ខ្លួន​រៀងខ្លួន​» ។

តាម​ការ​សង្កេត​ការ​ប្រកួត​របស់​គូ​នេះ កីឡាករ​កម្ពុជា​ចាន់ ស៊ី​ណាត ពិតជា​មាន​ប្រៀប​ជាង​កីឡាករ​ថៃ​មែនហើយ បើ​ការ​ប្រកួត​បន្ត​រហូត​ដល់​ចប់​ទឹក​អាច​មាន​ភាគរយ​ឈ្នះ​ច្រើន​ជាង​ចាញ់​ ទើប​កីឡាករ​ថៃ ប្រហែលជា​ដឹងខ្លួន​មុន​ក៏​ធ្វើ​ពុត​ជា​សន្លប់​ បន្ទាប់​ពី​មានការ​គប់​ដប​ទឹកបរិសុទ្ធ​ត្រូវ​រូបគេ ។ ទាំង​អស់នេះ​គ្រាន់តែ​ជា​ការ​វិភាគ​របស់​អ្នកគាំទ្រ​កីឡាករ​កម្ពុជា​ដែល​បានឃើញហេតុការណ៍​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះ ។

តាម​ព័ត៌មាន​ចុង​ក្រោយ ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ ​និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​ទ​ង្វើ​មិន​គួរ​គប្បី​នាំ​ឱ្យ​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ និង​បង្ក​ឱ្យ​មាន​ភាព​អាម៉ាស់​បែប​នេះ​ទៀត​រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

គួរ​បញ្ជាក់​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​មាន​ចៅក្រម និង​អាជ្ញាកណ្ដាល​ចំនួន​៣​រូប ​ហើយ​ដែល​ត្រូវ​បាន​ទស្សនិកជន​បន្ទោស​ថា​ មិន​យុត្តិធម៌​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន ក្នុង​នោះ​ក៏​មាន​លោក ឡុ​ង ស៊ី​លី​ន ម្នាក់​ដែរ ៕