ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​រិះគន់! លិខិត​រដ្ឋបាល​សាលាឃុំ​មួយ​ច្បាប់ ខុស​គ្នា​រហូត​ដល់​ទៅ​៣​អត្ថន័យ​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានការ​ចែករំលែក​ត​ៗ​គ្នា និង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លិខិត​រដ្ឋបាល​សាលាឃុំ​

​រាជធានីភ្នំពេញ ៖ មានការ​ចែករំលែក​ត​ៗ​គ្នា និង​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​លិខិត​រដ្ឋបាល​សាលាឃុំ​មួយ​ច្បាប់ ដែល​មាន​វាយ​ត្រា​និង​ហត្ថលេខា​មេឃុំ​ផង​នោះ គឺ​មាន​កំហុសឆ្គង​ធ្ងន់ធ្ងរ ដោយសារ​អត្ថន័យ​ក្នុង​ក្បាល​លិខិត​បាន​សរសេរ​បញ្ជាក់​ថា «​លិខិតបញ្ជាក់​មរណភាព​» ស្រាប់តែ​ឃ្លា​បន្ទាប់ សរសេរ​ថា បាត់​សញ្ញាបត្រ និង​ចុង​ឃ្លា បែរជា​សរសេរ​ថា មេឃុំ​ចេញ​លិខិត​នេះ​បញ្ជាក់​ឱ្យឈ្មោះ រូបវន្តបុគ្គល​មួយ យក​ទៅ «​កាន់​ទុក​ប្រើ​ដើម្បី​ស្នើ​សុំ​កាន់កាប់​និង​ចុះបញ្ជី​ដី ទៅ​វិញ​។

ពិត​ឬ​មិន​ពិត ដែល​លិខិត​រដ្ឋបាល​សាលាឃុំ​មួយ​ច្បាប់ ខុស​គ្នា​រហូត​ដល់​ទៅ​៣​អត្ថន័យ (​ចំណងជើង​)
លិខិត​រដ្ឋបាល​មួយ​ច្បាប់​ដែល​រង​ការ​រិះគន់​ថា មេឃុំ​មាន​ភាព​ខ្ជីខ្ជា វាយ​ត្រា​និង​ចុះហត្ថលេខា​មិន​ពិនិត្យ​លិខិត​បទដ្ឋាន​ឱ្យ​បាន​ត្រឹមត្រូវ​នោះ គឺ​បាន​បញ្ជាក់​ថា ចេញ​ដោយ​ឃុំ​កោះ​ចូ​រ៉ា​ម ស្ថិត​នៅ​ស្រុក​ខ្សាច់កណ្តាល​និង​ខេត្តកណ្តាល និង​ចុះ​ថ្ងៃ​ទី ១៩ ខែកញ្ញា ឆ្នាំ​២០២២​។

យោង​តាម​លិខិត​រដ្ឋបាល​មួយ​ច្បាប់​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​ពាស​ពេល​បណ្តាញ​សង្គម​បាន​ឲ្យ​ដឹង​ថា អត្ថន័យ​ទី​១ លិខិតបញ្ជាក់​មរណភាព យើង​មេឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល សូម​បញ្ជាក់​ថា ឈ្មោះ ចេ​ង លាង​ខេ​ង ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ឆ្នាំ​កំណើត​១១ វិច្ឆិកា ១៩៩៩ មាន​ទីកន្លែង​កំណើត​ភូមិ​កណ្តាល ឃុំ​កោះ​ចូ​រ៉ា​ម ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ អត្ថន័យ​ទី​២ ពិតជា​បាន​បាត់​សញ្ញាប័ត្រ​ទុតិយភូមិ ដោយសារ​គ្រួសារ​របស់​គាត់​បាន​រុះរើ​ផ្ទះ​ធ្វើ​ថ្មី ហើយ​មិនដឹង​ថា​បាន​បាត់​ទៅ​ណា ហើយ​អត្ថន័យ​ទី​៣ យើង​មេឃុំ​ចេញ​លិខិត​នេះ ដើម្បី​ឲ្យ​ឈ្មោះ ចេ​ង លាង​ខេ​ង កាន់​ទុក​ប្រើ​ដើម្បី​ស្នើ​សុំ​កាន់កាប់ និង​ចុះបញ្ជី​ពិតប្រាកដ​មែន ។

លិខិត​រដ្ឋបាល​របស់​សាលាឃុំ​កោះ​ចូ​រ៉ា​ម ដែល​បាន​ចុះ​លេខ និង​មាន​ត្រា​ត្រឹមត្រូវ កំពុង​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម ក្នុង​នោះ​សូ​ម្បី​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កា​ញា​រិ​ទ្ធ ក៏​បាន​ចែករំលែក​និង​សរសេរ​ជា​ច​ម្ង​ល់​ថា «​មាន​អ៊ីចឹង​មែន​ក៏​អី​» ផង​ដែរ​។

បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​បាន​បង្ហោះ​លិខិត​រដ្ឋបាល​នេះ​នៅ​លើ​បណ្តាញ​សង្គម គេ​សង្កេត​ឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ចូលរួម​បញ្ចេញមតិ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​ដូច​ជា ខ្ញុំ​ថា​លិខិត​នេះ ជា​លិខិត​កាត់ត​, ជន​ស៊ី​វិល គាត់​អ្នក​វាយ​កុំ​ព្យូ​រ​ទ័​រ​ទេ ឯកឧត្តម​ពូ​, លិខិត​កូនកាត់​៣​សាសន៍​, យក​ទៅ​ដាក់​ពាក្យ​ធ្វើការ​នៅ​ឋាន​ប្រេត ទាន់​ពេល​ឋាន​ប្រេត​បើកទ្វារ​ហើយ​, អ្នកខ្លះ​បាន​សរសេរ​ថា អាច​ដែរ ខ្លះ​យក​គំរូ​ចាស់ យក​មក​កែ​មិន​, បើ​មែន មិន​គួរ​ណា​ឲ្យ​ឡើង​មក​ធ្វើ​មេឃុំ ឬ​ស្មៀន​ទេ បើ​មេឃុំ​មានចំណេះ​ពិតមែន មុន​នឹង​វាយ​ត្រា ឬ​ស៊ី​ញ៉េ គួរតែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ។

រហូត​មក​ដល់​វេលា​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ ក្រុមការងារកោះសន្តិភាព​ នៅ​មិន​ទាន់​ទទួល​បានការ​បំភ្លឺ​ណាមួយ​នៅឡើយ​ទេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ពី​សាលាឃុំ​កោះ​ចូ​រ៉ា​ម ឬ​ក៏​រដ្ឋបាល​ស្រុក​ខ្សាច់កណ្តាល និង​ខេត្តកណ្តាល ។ ដូច្នេះ​បើ​ចង់​ដឹង​ច្បាស់ ថា​តើ​លិខិត​រដ្ឋបាល​មួយ​ច្បាប់​ដែល​ខុស​គ្នា​រហូត​ដល់​ទៅ​៣​អត្ថន័យ ពិត​ឬ​មិន​ពិត​យ៉ាងណា​នោះ មាន​តែ​រង់ចាំ​ការ​បកស្រាយ​ពី​រដ្ឋបាល​សាលាឃុំ​កោះ​ចូ​រ៉ា​ម​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ