ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​ម វាសនា ៖ ជីវិត​បត់បែន​ពី​តួកុន ​ជា​អ្នកនយោបាយ ​ហើយ​មក​ជា​អបិយ​ជំនឿ

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ខឹ​ម វាសនា ដែល​ជា​អ្នកសិល្បៈ​ កាលពី​ទស​វត្ស ឆ្នាំ​១៩៩០ បាន​ចូល​ប្រឡូក​នយោបាយ ហើយ​ចុង​ក្រោយ​នេះ​…

រាជធានី​ភ្នំពេញ ៖ លោក ខឹ​ម វាសនា ដែល​ជា​អ្នកសិល្បៈ​ កាលពី​ទស​វត្ស ឆ្នាំ​១៩៩០ បាន​ចូល​ប្រឡូក​នយោបាយ ហើយ​ចុង​ក្រោយ​នេះ​ បាន​ប្រែក្លាយ​ពីនយោបាយ ​មក​ជា​អបិយ​ជំនឿ​ ដែល​គេ​ប្រដូច​នឹង​របៀប «​មួយ​ចាន​ទឹក មួយ​ចាន​គោក​» ដែល​អាច​ធ្វើ​ឱ្យ​ខូច​ជីវិត​នយោបាយ​របស់​គាត់ ​ដែល​ខំ​កសាង​​ជាង​ ២០​ឆ្នាំ​មកនេះ​។

កើត​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​១៩៦៥ លោក ខឹ​ម វាសនា ជា​កូនប្រុស​ច្បង ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​បងប្អូន​ ២​នាក់ (​ប្រុសម្នាក់ ស្រី​ម្នាក់​) នៅ​ក្នុង​ខេត្តព្រៃវែង​។ ​បន្ទាប់​ពី​ជាប់​បាក់​ឌុ​ប ​នៅ​ឆ្នាំ​១៩៨៦ លោក ខឹ​ម វាសនា បាន​ប្រឡង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​វិចិត្រសិល្បៈ ផ្នែក​ភាពយន្ត​។ នៅ​ពេល​រៀន​ចប់ ​លោក​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត ​ដោយ​ដើរតួ​សម្តែង​ផង និង​បង្កើត​ផលិតកម្ម​ភាពយន្ត​ផ្ទាល់ខ្លួន​ផង​។

ជា​តួកុន​ជំនាន់​លោក ទេព រិ​ន្ទ​ដា​រ៉ូ កាល​ណោះ​ លោក ខឹ​ម វាសនា ធ្វើ​ជា​ថៅកែ​កុន​ផង ​ជា​អ្នកនិពន្ធ​ផង ​ជា​អ្នកដឹកនាំ​រឿង​ផង និង​ជា​តួ​សម្តែង​ផង​។ ប៉ុន្តែ​ដោយសារ​តែ​ទស្សនៈ​របស់​លោក ខុស​គេ ហើយ​បាន​ប្រៀបធៀប​ខ្លួនឯង​ ទៅ​នឹង​ព្រះពុទ្ធ​ផង​ លោក ខឹ​ម វាសនា ក៏​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ នៅ​ឆ្នាំ​១៩៩៧ នៅ​ក្នុង​គណបក្សប្រឆាំង សម រ​ង្ស៊ី ហើយ​នៅ​ឆ្នាំ​១៩៩៨ លោក​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ ​នៅ​មណ្ឌល​ខេត្តព្រៃវែង ដែល​ជា​ស្រុក​កំណើត​របស់​លោក​។​ តែ​មិន​ជាប់​ឆ្នោត ហើយ​រហូត​ដល់​ឆ្នាំ​២០០៣ ទើប​លោក ខឹ​ម វាសនា ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​ខេត្តព្រៃវែង​។

ប៉ុន្តែ​ដោយសារ​តែ​ជម្លោះផ្ទៃក្នុង​ លោក ខឹ​ម វាសនា បាន​ចាក​ចេញពី​គណបក្សប្រឆាំង​សមរ​ង្ស៊ី ហើយ​បង្កើត​គណបក្ស​ថ្មី ​ឈ្មោះ​ សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ LDP នៅឆ្នាំ២០០៦ ដែល​លោក​ធ្វើ​ជា​ប្រធាន​ មក​ដល់​សព្វថ្ងៃ​។ ជាមេដឹកនាំនយោបាយ​ក្នុង​គណបក្ស LDP លោក ខឹ​ម វាសនា មាន​គោលនយោបាយ​ឃោសនា ​ដែល​ផ្តោត​លើ​ប្រជាធិបតេយ្យ ​ដោយ​ផ្តល់​អំណាច​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​ ជា​ម្ចាស់​​ប្រទេស​។

ក្នុង​គណបក្ស LDP លោក ខឹ​ម វាសនា អូស​ទាញ​បាន​យុវជន​យ៉ាងច្រើន។ ប៉ុន្តែ​រាល់​ការ​បោះ​ឆ្នោតជាតិ ​ចាប់តាំងពី​ឆ្នាំ​២០០៨ មក​ គណបក្ស​របស់​លោក ខឹ​ម វាសនា មិន​ដែល​ជាប់​ឆ្នោត​ទទួល​បាន​អាសនៈ​តំណាងរាស្ត្រ​ម្នាក់​ឡើយ​។ ​រីឯ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​វិញ គឺ​ចាប់តាំងពី​ឆ្នាំ​២០០៧ មក​ដល់​ឆ្នាំ​២០១៧ គណបក្ស LDP របស់​លោក ខឹ​ម វាសនា ជាប់​បាន​ត្រឹម​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ហើយ​ក៏​មិនបាន​ច្រើន​នាក់​ដែរ​។

ចុង​ក្រោយ​នេះ លោក ខឹ​ម វាសនា បាន​ប្រែក្លាយ​ពី​នយោបាយ​ មក​អបិយ​ជំនឿ។ ​ដំបូង​គាត់​គិត​ពី​នយោបាយ តែ​ឥឡូវ​មក​ជា​អបិយ​ជំនឿ ដែល​ហាក់ដូចជា «​មួយ​ចាន​ទឹក មួយ​ចាន​គោក​» និង​អាច​ធ្វើ​ឱ្យ​ខូច​ដល់​ជីវិត​នយោបាយ​របស់​ខ្លួនឯង​ទៅ​វិញ​ទេ​។

កាលពី​ខែសីហា ឆ្នាំ​២០២២ លោក ខឹ​ម វាសនា បាន​តាំង​ខ្លួនឯង ​ជា​ព្រហ្ម​សង្គ្រោះ​លោក​ផង និង​ជា​អ្នកចេះ​ដឹង​ធម៌​ព្រះពុទ្ធ​ផង​។ លោក​បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ បង្ក​ឡើង​ដោយ​រណ្តៅ​ខ្មៅ (Black Hole) ដែលលោកថា នឹងនាំ​ឱ្យ​មាន​គ្រោះ​ទឹកជំនន់ លិចលង់​ផែនដី ហើយ​មាន​តែ​នៅ​ដីចំការ ដែល​លោក​រស់នៅ ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជើងភ្នំ​គូលែន​ប៉ុ​ណ្ណោះ ជា​កន្លែង​សុខសាន្ត​។ លោក ខឹ​ម វាសនា បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​លោក​ ​​ជួបជុំ​គ្នា​ កាលពី​ចុងខែ​សីហា ឆ្នាំ​២០២២​នេះ នៅ​ដីចំការ​របស់​លោក​។

ជា​លទ្ធផល មនុស្ស​ទាំងចាស់ទាំងក្មេង ទាំងប្រុស​ទាំងស្រី រហូត​ដល់​មាន​ពលករ​ខ្មែរ និង​អ្នករៀន​សូត្រ អ្នកធ្វើការងារនៅ​ថៃ នៅ​ជប៉ុន និង​នៅ​កូរ៉េ បាន​ទៅ​ប្រមូលផ្តុំ​នៅ​ក្នុង​ដីចំការ​របស់​លោក ខឹ​ម វាសនា ជិត ​២​ម៉ឺន​នាក់​។

ប៉ុន្តែ​ដោយសារ​តែ​អាជ្ញាធរ​សមត្ថកិច្ច​ចាត់​ទុក​ថា លោក ខឹ​ម វាសនា ឃោសនា​បែប​ប្រជាភិថុតិ​ ខុស​ការ​ពិត ហើយ​នៅ​ថ្ងៃ​កំណត់​របស់​លោក ​នៅ​ចុងខែ​សីហា ឆ្នាំ​២០២២ មិន​មាន​អភូតហេតុ​ គ្រោះ​មហន្តរាយ ទឹកជំនន់ លិចលង់​ផែនដី ដូច​ការ​លើក​ឡើង​របស់​លោក​ ក៏​អាជ្ញាធរ​សមត្ថកិច្ច ​ចាត់វិធានការ​បិទផ្លូវ និង​ហាមឃាត់​ឈប់​ឱ្យ​មាន​អ្នក​ចូល​ទៅ​ប្រមូលផ្តុំ​នៅ​ដីចំការ​នោះ ហើយ​តម្រូវ​ឱ្យ​រំសាយ​ការ​ជួបជុំ នៅ​ដើមខែ​កញ្ញា​នេះ​។

ប៉ុន្តែ​រាជរដ្ឋាភិបាល មិន​បាន​ចាត់វិធានការ ដោយ​ប្រើ​កងកម្លាំងប្រដាប់អាវុធ​ ចូល​ទៅ​បង្ក្រាប និង​បំបែក​ការ​ជួបជុំ​ ហើយចាប់​លោក ខឹ​ម វាសនា ឡើយ​។ ពោល គឺ​រាជរដ្ឋាភិបាល «រុញទូកបណ្តោយទឹក» ដោយ​ទុក​អោយ​អបិយ​ជំនឿ​របស់ ខឹ​ម វាសនា ស​ម្លា​.​ប់​ជីវិត​នយោបាយ​របស់​លោក​ដោយ​ខ្លួនឯង​។​

មក​ដល់​ពេល​នេះ អ្នក​ជឿ​ការ​ឃោសនា​របស់​លោក ខឹ​ម វាសនា ថា មាន​គ្រោះ​ទឹកជំនន់​លិចលង់​ផែនដី​នោះ ​នៅ​សល់​ប្រមាណ​ជាង​ ១០០០​នាក់​ទៀត ដែល​មិន​ព្រម​ចាក​ចេញពី​ដីចំការ​របស់​លោក ខឹ​ម វាសនា នៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ ចំណែក​អ្នក​ផ្សេង​ទៀត បាន​ចាកចេញ​ទៅ​ស្រុក​កំណើត​​វិញ​ជា​បន្តបន្ទាប់ ​អស់ហើយ​។ ដោយសារ​តែ​រឿង​អបិយ​ជំនឿ​នេះ អ្នកខ្លះ​បាន​គិត​ថា លោក ខឹ​ម វាសនា មាន​បញ្ហា​សតិអារម្មណ៍ ដែល​ត្រូវការ​ព្យាបាល​ជំងឺផ្លូវចិត្ត ប៉ុន្តែ​មិន​ទាន់​មានការ​បញ្ជាក់​ណាមួយ​ពី​គ្រូពេទ្យ​នៅឡើយ​។

ងាក​មក​មើល​ជីវិត​នយោបាយ​របស់​លោក ខឹ​ម វាសនា ក្នុង​នាម​គណបក្ស LDP គឺ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ កាលពី​ខែមិថុនា ឆ្នាំ​២០២២ គណបក្ស​នេះ​ បាន​ដកខ្លួន​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ទៀត​ទេ ហើយ​នៅ​ឆ្នាំ​២០២៣ គេអាច​​មើលឃើញ​ថា លោក ខឹ​ម វាសនា ដែល​​ប្រែ​ពី​អ្នកនយោបាយ មក​ជា​អ្នក​អបិយ​ជំនឿ​នោះ ក៏​ហាក់ដូចជា លែង​ប្រឡូក​នយោបាយទៀតហើយ។ លោក​ហាក់មិន​មាន​អ្វី​ទៅ​ឃោសនា ទាក់ទាញ​អ្នកបោះឆ្នោត ក្រៅពីបក្សពួកគាត់​​ទៀត​ហើយ ព្រោះ​លោក បាន​​ប្រើស​ម្តី​ជេរ​ប្រមាថ​ពលរដ្ឋ ដែលមិន​គាំទ្រ​លោក និងមិនយល់ពីសម្ព័ន្ធរបស់ក្រុមលោក ​ថា​ជា​អ្នក​ល្ងង់ខ្លៅ​។

កន្លងមក ក៏មាន​អ្នកចូលរួម​ធ្វើនយោបាយ​ជា​ច្រើននាក់ ​បាន​ចាក​ចេញពី​លោក ខឹ​ម វាសនា ហើយ​ឈប់​ជឿ​ការ​ឃោសនា​របស់​លោក។ លោក ខឹ​ម វាសនា ​បានអប់រំ​យុវជនសម្ព័ន្ធរបស់ខ្លួន លែងឳ្យស្គាល់គុណ​​ឪពុក​ម្តាយ ​ប្តី​លែង​ស្គាល់​ប្រពន្ធ ហើយ​ប្រពន្ធ ក៏​លែង​ស្គាល់​ប្តី ដោយសារ​តែ​លង់ខ្លួន​ជឿ​ និងយល់ពីសម្ព័ន្ធរបស់លោក ខឹ​ម វាសនា។ ក្រុមយុវជន ដែលលង់ជឿ​ការឃោសនារបស់​លោក ឃឹម វាសនា អាចក្លាយ​ជាបន្ទុក​មួយ សម្រាប់សង្គមជាតិយើង ទៅថ្ងៃក្រោយ បើសិនជា​មិនមានវិធានការទប់ស្កាត់ និងមិនភ្ញាក់រលឹក​ ស្វែងរក​ការសិក្សា​រៀនសូត្រ និងខិតខំធ្វើការងារទេនោះ៕