ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើ​កំណាយ​ខឿន​តម្កល់​លិ​.​ង្គ​នៅ​លើ​ភ្នំ​បូក ដើម្បី​ឈាន​ទៅ​រក​ការ​ជួសជុល​សំណង់​​បុរាណ​នោះ​ឡើង​វិញ

1 ឆ្នាំ មុន
  • សៀមរាប

ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កំណាយ​ស្រាវជ្រាវ​ខឿន​តម្កល់​លិ​.​ង្គ​ទំហំ​ធំ​នៅ​លើ​ភ្នំ​បូក និង​មាន​តែ​មួយ​គត់​នៅ​តំបន់​អង្គរ ដែល​រង​ការ​ខូចខាត ក្នុង​​គោលបំណង

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​កំណាយ​ស្រាវជ្រាវ​ខឿន​តម្កល់​លិ​.​ង្គ​ទំហំ​ធំ​នៅ​លើ​ភ្នំ​បូក និង​មាន​តែ​មួយ​គត់​នៅ​តំបន់​អង្គរ ដែល​រង​ការ​ខូចខាត ក្នុង​គោលបំណង​ជួសជុល​លើក​តម្លៃ​ខឿន​តម្កល់​លិ​.​ង្គ​ឱ្យ​លេច​រូបរាង​ល្អ​ប្រសើរ​ឡើង​វិញ​។ បច្ចុប្បន្ន​នេះ ក្រុមការងារ​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ​សិក្សា​ពី​រចនាសម្ព័ន្ធ មុន​នឹង​ឈាន​ទៅ​ដល់​រៀបចំ​ផែនការ ជួសជុល​លើក​តម្លៃ​បុរាណ​ដ្ឋា​ន​ឡើង​វិញ​។

លោក ហួរ សុ​ធន បុរាណ​វិទូ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ការ​ធ្វើ​កំណាយ​បាន​ចាប់ផ្តើម​តាំងពី​ដើមខែ​សីហា ឆ្នាំ​២០២២ ហើយ​គម្រោង​សិក្សា​ស្រាវជ្រាវ នឹង​បញ្ចប់​ទៅ​វិញ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២២ ខាង​មុខ​។

លោក ហួរ សុ​ធន ឱ្យ​ដឹង​ទៀត​ថា សំណង់​បុរាណ​តម្កល់​លិ​.​ង្គ​នៅ​លើ​ភ្នំ​បូក​នេះ ធ្វើ​ពី​ថ្មបាយក្រៀម​ប្រវែង​បណ្តោយ​១៩​ម៉ែត្រ ទទឹង​២០​ម៉ែត្រ កម្ពស់​៣,៥​ម៉ែត្រ ហើយ​នៅ​លើ​ខឿន​ថ្មបាយក្រៀម​នេះ មាន​ជើង​ទម្រ​ធ្វើ​ពី​ថ្មភក់​មាន​ប្រវែង​៥.២​ម៉ែត្រ​បួន​ជ្រុង​ស្មើ សម្រាប់​តម្កល់​លិ​.​ង្គ​ដែល​មាន​ទំហំ​មុខកាត់​ជាង​១​ម៉ែត្រ និង​ប្រវែង​៤.២​ម៉ែត្រ​។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន ជើង​ទម្រ​លិ​.​ង្គ​ធ្វើ​ពី​ថ្មភក់​នោះ រង​ការ​ខូចខាត​ស្ទើរតែ​៩០​ភាគរយ ហើយ​លិង្គ​ក៏​រង​ខូចខាត​យ៉ាង​ខ្លាំង​តាំងពី​ផ្នែក​គល់ រហូត​ដល់​ចុង គឺ​បែកបាក់​ជា​ច្រើន​បំណែក​។

លោក ហួរ សុ​ធន សន្និដ្ឋាន​ថា ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​នេះ អាច​បណ្តាល​មក​ពី​ការ​បំផ្ទុះ​ដោយសារ​គ្រា​.​ប់​រំសេវ ពីព្រោះ​រូបថត​ចាស់​ជាងគេ ដែល​បារាំង​ថត​នៅ​សម័យ​បារាំង​មាន​សភាព​បាក់បែក​ដូច​សព្វ​ថ្ងៃនេះ​ដែរ​។ ដោយឡែក ខឿន​ថ្មបាយក្រៀម​បាន​រង​ការ​ខូចខាត​ដោយ​កត្តា​អាយុកាល​ធម្មជាតិ ដោយ​ការ​ក្រៀក​ហែក រលុះ​ថ្ម​ធ្លាក់​មក​ក្រោម​នៅ​តាម​ជ្រុង​ខ្លះ ជាមួយ​គ្នា​នេះ​ដើមឈើ ឬ​ស​ឈើ​បាន​ចាក់​ជ្រែកចូល​ថ្ម​ដោយ​កង្វះ​ការ​ថែទាំ​។

សូម​បញ្ជាក់​ថា បុរាណ​វិទូ​រូប​នេះ បន្ត​ឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ធ្វើ​កំណាយ​សិក្សា​ពី​រចនាសម្ព័ន្ធ​គ្រឹះ​នៃ​សំណង់​តម្កល់​លិង្គ​នេះ កន្លង​មក​បាន​ប្រទះ​ឃើញ​បំណែក​ថ្ម​លិង្គ ក្បឿង និង​នាងច្រាល​ជា​ច្រើន​ដែល​អាច​បញ្ជាក់​បាន​ថា ទី​តម្កល់​លិ​.​ង្គ​នេះ ដើម​ឡើយ គេ​ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​គ្រប​ពីលើ​លិ​.​ង្គ​។ ក្រុមការងារ​កំពុង​សិក្សា​រិះរក​បច្ចេកទេស​ក្នុង​ការ​ជួសជុល​លិ​.​ង្គ​ដ៏​ធំ​មួយ​នេះ​ឡើង​វិញ ក៏​ប៉ុន្តែ​ការដ្ឋាន​នេះ​ស្ថិត​នៅ​លើ​ភ្នំ ពិបាក​ដឹក​ជញ្ជូន​សម្ភារៈ ណាមួយ​លិ​.​ង្គ​ថ្ម​ក៏​មាន​ទម្ងន់​ច្រើន​តោន ដែល​អាច​ធ្វើ​ឱ្យ​កម្លាំង​មនុស្ស​ពិបាក​ក្នុង​ការ​លើក​ដូរ​ទីតាំង​ដើម្បី​ជួសជុល​ជាដើម​។

ពាក់ព័ន្ធ​នឹង​សំណង់​បុរាណ​តម្កល់​លិង្គ​នៅ​លើ​ភ្នំ​បូក​នេះ មិន​មាន​សិលាចារឹក ឬ​ឯកសារ​ណា​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការ​សាងសង់​ឡើយ ប៉ុន្តែ​តាម​ការ​ពិនិត្យ​មើល​លើ​ខ្សែ​ក្បាច់​មាននៅ​តាម​ជើង​ទម្រ​តម្កល់​លិ​.​ង្គ គេ​អាច​សន្និដ្ឋាន​បាន​ថា វា​ប្រហែលជា​ស្ថិត​នៅ​អំឡុង​សតវត្សរ៍​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​ទី​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ