រាជធានីភ្នំពេញ ៖ នារីម្នាក់ចូលទៅសួរសុខទុក្ខបងប្អូននៅក្នុងមណ្ឌលកែប្រែដោយលាក់សារធាតុញៀនជាប់នឹងខ្លួនត្រូវបាននាក់កាន់បន្ទប់ឃាត់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៨យប់ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅមណ្ឌលកែប្រែ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីលោក ថេង កុសល មេប៉ុស្តិ៍ចោមចៅបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ សុវណ្ណារី ភេទស្រី អាយុ៣០ឆ្នាំ ជាអ្នករើសអេតចាយ ស្នាក់នៅសង្កាត់បឹងព្រលឹតខណ្ឌដូនពេញ មុនពេលកើតហេតុជនសង្ស័យខាងលើបានសុំនាក់មើលការខុសត្រូវថា ចូលមើលបងប្អូននៅក្នុងមណ្ឌលកែប្រែខាងលើនោះ ហើយពួកគាត់បានឆែកទៅលើរបស់របរជនសង្ស័យបានប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូចសៀតចំហៀងកញ្ចប់បារី ហើយនៅពេលនោះដែរពួកគាត់បានរាយការណ៍ដល់សមត្ថកិច្ចអន្តរាគមន៍ភ្លាមៗផងដែរ ។
ក្រោយពេលការសាកសួរសមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ