ខេត្តតាកែវ ៖ ជាការពិតណាស់ មនុស្សយើងម្នាក់ៗកើតមកមានជីវិតមិនដូចគ្នាឡើយ ខ្លះមានសុខភាពរាងកាយមាំមួន សម្រស់ស្រស់ស្អាត ជីវភាពធូរធា ខ្លះកើតមកក្នុងក្រុមគ្រួសារអ្នកមាន តែរូបរាងកាយបែរជាពិការភាពទៅវិញ រីឯខ្លះទៀតកើតមកពិការភាព ថែមទាំងគ្រួសារក្រក្សត់លំបាកខ្លាំង គ្មានសូម្បីតែផ្ទះរស់នៅ និងអាហារបរិភោគជាដើម។
តួយ៉ាង កាលពីកន្លងទៅនេះ លោកគ្រូម្នាក់ឈ្មោះ គឹម នី មានពិការភាពពីកំណើតបានបង្ហោះពីស្ថានភាពដ៏លំបាករបស់គ្រួសារមួយ នៅក្នុងភូមិព្រៃរុន ស្រុកទ្រាំង ខេត្តតាកែវ នៅលើបណ្ដាញសង្គម ដើម្បីស្វែងរកសប្បុរសជួយដល់ពួកគាត់។

យ៉ាងណាមិញ បើតាមការសាកសួរ លោកគ្រូ គឹម នី បានផ្ដល់ព័ត៌មានមកកាន់ក្រុមការងារសារព័ត៌មានកោះសន្តិភាពឲ្យដឹងថា «បងស្រីឈ្មោះ ម៉ាង ទូច អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិព្រៃរុន ឃុំស្រងែ ស្រុកទ្រាំង ខេត្តតាកែវ ជាជនពិការភាពតាំងពីកំណើត ដោយត្រចៀកធ្ងន់ស្ដាប់អ្វីមិនបាន និយាយក៏មិនលឺ រស់នៅក្នុងខ្ទមដ៏កម្សត់ជាមួយស្វាមីឈ្មោះចាន់ ក្ដិច អាយុ៧៥ឆ្នាំ មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ឈឺដៃនិងជើង ឈរមិនបានយូរឡើយ ហើយធ្វើការអ្វីក៏មិនកើតដែរ»។

លោកគ្រូ គឹម នី បានប្រាប់មកកាន់កោះសន្តិភាពបន្តថា «សព្វថ្ងៃបងប្រុស ចាន់ ក្ដិច ដែលត្រូវជាស្វាមីរបស់បងស្រី ម៉ាង ទូច មិនអាចប្រកបការងារអ្វីបានឡើយ ដោយត្រូវប្រពន្ធជាអ្នករកលុយចិញ្ចឹមជីវិតតែប៉ុណ្ណោះ ខណៈបងស្រីមិនមានប្រកបរបរការងារអ្វីឡើយ ក្រៅពីការងារប្រតិបត្តិបម្រើការងារនៅវត្តមួយក្នុងខេត្តតាកែវ ឈ្មោះ វត្តព្រៃរុន ដូចជារៀបចំចម្អិនម្ហូបអាហារក្នុងវត្ត លាងសម្អាតចាន ឆ្នាំង និងបោសសម្អាតទីធ្លានៅក្នុងទីវត្តអារាម ដើម្បីបានម្ហូបអាហារនិងប្រាក់បន្តិចបន្ទួចពីព្រះសង្ឃផ្ដល់ឲ្យ និងត្រូវបានពុទ្ធបរិស័ទដែលទៅធ្វើបុណ្យឃើញដោយក្ដីអាណិតក៏ផ្ដល់ថវិការខ្លះៗជួយប៉ុណ្ណោះ។ លោកគ្រូ គឹម នី បានបញ្ជាក់ថា បងស្រី ម៉ាង ទូច បានប្រតិបត្តិបម្រើការងារក្នុងវត្តអស់រយៈពេល៤០ឆ្នាំមកហើយ»។

លោកគ្រូខាងលើបានប្រាប់បន្តថា «គ្រួសារខាងលើនេះ មានកូនប្រុសចំនួន២នាក់ ដោយម្នាក់ឈ្មោះ ចាន់ ចិន អាយុ១៦ឆ្នាំ កំពុងសិក្សាថ្នាក់អនុវិទ្យាល័យ មិនទាន់មានការងារអ្វីធ្វើឡើយ គឺម្ដាយឪពុកជាអ្នកទំនប់បំរុង ចំណែកឯកូនប្រុសម្នាក់ទៀត ជាកូនបងអាយុជាង២០ឆ្នាំ មិនត្រូវបានប្រាប់ឈ្មោះ ដើរតែលតោលគ្មានកូនចៅ គ្មានដំណឹង មិនដែលវិលមកលេងម្ដាយឪពុក ឬផ្ដល់ថវិការជូនពួកគាត់ឡើយ។ អ្វីដែលគួរឲ្យស្រណោះនោះ នៅពេលមាននរណារំលឹកពីកូនប្រុសច្បងនេះ គឺធ្វើឲ្យបងស្រី ម៉ាង ទូច និងស្វាមីអួលដើម.ក ស្រក់ទឹកភ្នែកគ្រប់ពេលវេលា។
ដោយឡែក ក្រឡេកមកមើលស្ថានភាពជីវភាព និងលំនៅដ្ឋានរបស់គ្រួសារខាងលើនេះវិញ ត្រូវបានលោកគ្រូ គឹម នី ប្រាប់ថា «ផ្ទះរបស់បងស្រី និងស្វាមី គឺជាខ្ទមដ៏កំសត់តូចមួយ លិចមុខលិចក្រោយ ដំបូលនិងជញ្ជាំងធ្លុះធ្លាយ ផ្ទះពោរពេញដោយភក់ជ្រាំ រីឯជីវភាពដុនដាបខ្លាំង រកព្រឹកហូបល្ងាច រកល្ងាចហូបព្រឹក ពេលខ្លះគ្មានអាហារក្នុងការបរិភោគ រីឯលុយកាក់វិញបានមកបន្តិចបន្ទួចទុកសម្រាប់ផ្គត់ផ្គង់កូនរៀនសូត្រប៉ុណ្ណោះ»។

ចំពោះកូនប្រុសទី២ ដែលមានឈ្មោះ ចាន់ ចិន អាយុ១៦ឆ្នាំ កំពុងសិក្សាថ្នាក់អនុវិទ្យាល័យនេះ ត្រូវបានលោកគ្រូប្រាប់ថា «ប្អូនប្រុសខ្វះខាតសម្ភារៈសិក្សាច្រើនណាស់ លុយកាក់រៀនសូត្រក៏មិនមានច្រើនដែរ នៅពេលប្អូនប្រុសបានលុយតិចតួចពីម្ដាយឪពុក គ្នាមិនហ៊ានចាយឡើយ គឺសន្សំទុកសម្រាប់ទិញសម្ភារៈសិក្សាប៉ុណ្ណោះ ។ នេះគឺបញ្ជាក់ថា បើទោះបីជាឪពុកម្តាយក្រីក្រប៉ុណ្ណាក៏នៅតែខិតខំរក ដើម្បីអោយកូនបានសិក្សារៀនសូត្រ ដោយមិនខ្វល់ថា ហត់នឿយយ៉ាងណាក៏ដោយ»។
ជាចុងក្រោយ លោកគ្រូ គឹម នី ដែលជាបុរសមានពិការភាពពីកំណើត ជិះលើរទេះរុញ ត្រូវបានប្រជាពលរដ្ឋក្នុងភូមិហៅថា ជាជនគំរូ ក្រោយលោកគ្រូបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនក្នុងការជួយបង្រៀនភាសាខ្មែរ ភាសាអង់គ្លេស និងកុំព្យូទ័រដល់កូនអ្នកក្ររាប់រយនាក់ ដោយមិនគិតប្រាក់ និងតែងតែចែករំលែកនៅអំពើល្អដល់ចាស់ជរាគ្មានទីពឹងក្នុងភូមិដូចជាការជូននៅស្បៀងអាហារ និងថវិការបន្តិចបន្ទួចនៅក្នុងខេត្តតាកែវនោះ បានធ្វើការអំពាវនាវដល់សប្បុរសជនទាំងអស់ឲ្យជួយដល់បងស្រីផង។ ចង់ដឹងព័ត៌មានលំអិត សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 097 382 06 54 គឺជាលេខបងស្រីផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា បងស្រី ម៉ាង ទូច មានអាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ ចាន់ ក្ដិច អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិព្រៃរុន ស្រុកទ្រាំង ខេត្តតាកែវ។ បងស្រីជាជនពិការភាពពីកំណើត ស្ដាប់មិនបាន និយាយមិនសូវលឺ សព្វថ្ងៃប្រតិបត្តិបម្រើការងារក្នុងវត្តព្រៃរុន ចំណែកស្វាមីមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ឈឺដៃនិងជើង ឈរមិនបានយូរ ហើយមិនមានប្រកបរបរអ្វីឡើយ និងត្រូវចិញ្ចឹមកូនប្រុសម្នាក់ឈ្មោះ ចាន់ ចិន អាយុ១៦ឆ្នាំ កំពុងសិក្សាថ្នាក់អនុវិទ្យាល័យ សូមបងប្អូនសប្បុរសជន មេត្តាជួយទៅតាមលទ្ធភាព ដើម្បីអោយកូនរបស់បងស្រីបានសិក្សាចប់ចុងចប់ដើម ពីព្រោះកម្លាំងបងស្រីតែម្នាក់ឯង តែត្រូវទទួលបន្ទុកមនុស្ស២នាក់ បើថ្ងៃណាមួយគាត់មានបញ្ហាអ្វី តើប្តីនឹងកូនរបស់គាត់នឹងទៅជាយ៉ាងណា?៕

ចែករំលែកព័តមាននេះ