ភ្នំពេញ៖ «ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជា គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ឪពុកម្តាយ នៅពេលពួកគាត់ចាស់ជរា»។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
ក្នុងន័យនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា កិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយ តាមគ្រប់រូបភាព ដែលអាចធ្វើទៅបាន ពីព្រោះ ឪពុកម្តាយបានធ្វើការលះបង់ច្រើនណាស់ ក្នុងការកសាងគ្រួសាររឹងមាំដោយខិតខំចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យកូនៗ បានសិក្សារៀនសូត្រ និងកសាងអនាគត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា យ៉ាងណាមិញ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏បានដើរតួនាទីសំខាន់ នៅក្នុងដំណើរការកសាងប្រទេសជាតិពីបាតដៃទទេ រហូតមានការអភិវឌ្ឍរឹងមាំ ដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេស ដែលមានសង្គ្រាមហែកហួរ រហូតដល់ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយ ដែលខ្វះខាតធនធានមនុស្ស ទៅជាប្រទេសមួយ ដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ឪពុកម្តាយ បានត្រួសត្រាយផ្លូវ និងផ្តល់ឱកាសឱ្យកូនចៅមានមូលដ្ឋាន អាចដើរទៅមុខបានរឹងមាំ គឺដូចគ្នានឹងអតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ដែលបានត្រួសត្រាយផ្លូវ និងកសាងមូលដ្ឋាន សម្រាប់ផ្តល់ឱកាសឱ្យយោធិន និងមន្ត្រីរាជការជំនាន់ក្រោយ អាចបន្តការងារបម្រើជាតិកាន់តែមានប្រសិទ្ធភាព។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ឪពុកម្តាយ ទោះបីជាគាត់មានវ័យចំណាស់ ឬបានចូលសម្រាកពីការងារក៏ដោយ ប៉ុន្តែគាត់នៅតែជាធនធានមួយយ៉ាងសំខាន់ សម្រាប់គ្រួសារ ដែលអាចនៅបន្តផ្តល់ការណែនាំ ផ្តល់យោបល់ តម្រង់ទិស និងផ្តល់ការគាំទ្រគ្រប់ពេលវេលាដល់កូនចៅជំនាន់ក្រោយ។ ក្នុងន័យនេះ អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ ក៏នៅតែជាធនធានយ៉ាងសំខាន់ ដែលពោរពេញទៅដោយបទពិសោធន៍ការងារ និងជាប្រភពសំខាន់នៃចំណេះដឹង និងចំណេះធ្វើ ដែលអាចចែករំលែកដល់អ្នកជំនាន់ក្រោយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ ក្នុងពេលលោក ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជា មន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានរដ្ឋាភិបាល ធ្វើជាប់ជាប្រចាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ថ្ងៃ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ ដែលអ៊ំពូមីងបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោលនយោបាយនានា រួមមាន៖ ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់, ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ, ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ, ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត, ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោក ក៏បានផ្តល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជននៅក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខណ្ឌនៅតាមស្ថាប័ន កងអង្គភាពចំណុះ ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ។ល៕ សុខ សារ៉ាយ






ចែករំលែកព័តមាននេះ