ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា ដល់យុវជន​កម្ពុជា​

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃ​សាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ “ក្រុមអឺរ៉ុប” បានរៀបចំពិព័រណ៍អាហារូបករណ៍អឺរ៉ុប​លើក​ដំបូង…

​រាជធានីភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា រួមជាមួយស្ថានទូតនៃ​សាធារណរដ្ឋឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ “ក្រុមអឺរ៉ុប” បានរៀបចំពិព័រណ៍អាហារូបករណ៍អឺរ៉ុប​លើក​ដំបូង – ឱកាសសិក្សាថ្នាក់ឧត្តមសិក្សានៅអឺរ៉ុប” សម្រាប់យុវជនកម្ពុជា ដែលមានបំណង​ក្នុងការបន្ត​ការ​សិក្សាថ្នាក់ឧត្តម​សិក្សានៅអឺរ៉ុប និងដែលមានបំណងស្វែងរកអាហារូបករណ៍។

ព្រឹត្តិការណ៍កាលពីថ្ងៃទី២២ ខែកញ្ញានេះ ក៏រៀបចំឡើង ដើម្បីអបអរសាទរដល់បុគ្គលិកសិក្សា និងនិស្សិតកម្ពុជា ដែលបានទទួល​អាហារូបករណ៍ក្រោម “កម្មវិធី Erasmus+” របស់សហភាពអឺរ៉ុប​ផងដែរ​។

ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ សហភាពអឺរ៉ុប បានផ្តល់អាហាររូបបករណ៍ដល់និស្សិត និងបុគ្គលិក​ឧត្តមសិក្សាជាដៃគូ នៅកម្ពុជា ជិត ២០០នាក់ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិតចំរុះ ឬក៏​ផ្តល់ការបង្រៀន និងការបណ្តុះ​បណ្តាលនៅក្នុងសាកលវិទ្យាល័យនានា នៅអឺរ៉ុប។ ព្រឹត្តិការណ៍នៅប្រតិភូសហភាពអឺរ៉ុប ទទួលបាននូវការចូលរួមយ៉ាងល្អ។ យុវជនកម្ពុជា​ជាងមួយ​រយ​នាក់​ មកពីសាកលវិទ្យាល័យ​រដ្ឋ និង​ឯកជនចំនួន​ជាង ២០ បានមកចូលរួម​ក្នុងពិព័រណ៍​​អាហារូបករណ៍អឺរ៉ុប ដែលប្រារព្ធ នៅការិយាល័យប្រតិភូ​សហភាព​អឺរ៉ុប។

អាហារូបករណ៍ថ្នាក់សាកល​វិទ្យា​​ល័យ ទាំងរបស់សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន (ឆេក បារាំង អាល្លឺម៉ង់ ហុងគ្រី និងប៉ូឡូញ) ត្រូវបានបង្ហាញនិងចែករំលែក។ តំណាង​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និងកីឡា បានគាំទ្រយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍នេះ ដោយបានលើក ឡើងពី​សារៈសំខាន់​នៃគុណភាពអប់រំ។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា​ “ការអប់រំ មិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ សម្រាប់ការសម្រេចដោយជោគជ័យនូវគ្រប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលមានចែងក្នុងរបៀបវារៈឆ្នាំ២០៣០។ ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគ​ដ៏មានឥទ្ធិពលបំផុត ដែលប្រទេសមួយៗ អាចធ្វើបាន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និង​ការងារ។ កាលានុវត្តភាព ដែលសតវត្សរ៍ទី២១ និងការ​ផ្លាស់ប្តូរឌីជីថល ផ្តល់ឱ្យយើងនូវតម្រូវ​ការ​ធ្វើបរិវត្តកម្មការអប់រំ ដែលផ្តោតលើគុណភាព និងសមធម៌ និង​ការទទួលយកនូវឧបករណ៍​ឌីជីថល។ យើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះការវិនិយោគ និងគាំទ្រផ្នែកហិរញ្ញវត្ថុ​សម្រាប់ការអប់រំ។“

លោក​បណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមាន​ប្រសាសន៍ថា​ “អាហារូបករណ៍ទៅសិក្សានៅអឺរ៉ុប ដែលផ្តល់ថវិកាដោយ​កម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប ឬដោយកម្មវិធីទ្វេភាគីដ៏សប្បុរសរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុប គឺជាការគាំទ្រដ៏ល្អក្នុងការបង្កើនចំណេះដឹងដល់និស្សិតបញ្ចប់ការសិក្សាកម្ពុជា ដើម្បីឱ្យប្រទេសនេះ ទទួលបានអត្ថប្រយោជន៍នៃសមាហរណកម្ម​អាស៊ាន និងបដិវត្តន៍​ឧស្សាហកម្មជំនាន់ទី៤” ។

Erasmus+ គឺជាកម្មវិធីដ៏ចម្បងរបស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់ការអប់រំ ការបណ្តុះបណ្តាល យុវជន និងកីឡា ដែលមានថវិកា ចំនួន ២៦.២ ពាន់លានអឺរ៉ូ សម្រាប់រយៈពេលចន្លោះពីឆ្នាំ ២០២១ – ២០២៧។

តាមរយៈ Erasmus+ និងកម្មវិធីមួយចំនួនទៀត សហភាពអឺរ៉ុបបានលើកកម្ពស់គុណភាព​នៃឧត្តមសិក្សា នៅកម្ពុជា និងផ្តល់ឱកាស សម្រាប់ការផ្លាស់ប្តូរគ្រូ និងសិស្សរវាងកម្ពុជា និងអឺរ៉ុប។ ត្រឹមតែរយៈពេល ៣ឆ្នាំចុងក្រោយ (២០២០, ២០២១, ២០២២) និស្សិតកម្ពុជាចំនួន ១២៩ នាក់ គ្រូបង្រៀន ៥៩ នាក់ ទទួល បានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនានា នៅអឺរ៉ុប៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ