រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៤ថ្ងៃមកនេះ គិតចាប់ពីថ្ងៃទី១៩ ខែកញ្ញា អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរខណ្ឌទួលគោក និងតុលាការ បើកប្រតិបត្តការត្រួតពិនិត្យឆែកឆេរកុងស៊ីបញ្ចាំ នៅតំបន់ឃ្លាំងរំសេវ ដោយដកហូតបានម៉ូតូមិនប្រក្រតីចំនួនប្រមាណជិត ១០០០គ្រឿង នៅលើទីតាំងចំនួន១០ ព្រមទាំងឃាត់ខ្លួនម្ចាស់កុងស៊ី និងអ្នកមើលការខុសត្រូវចំនួន ៩នាក់។ នេះបើតាមលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ។
ម៉ូតូ ដែលដកហូត ត្រូវបានដឹកជញ្ជូន យកទៅរក្សាទុក នៅឃ្លាំងមួយកន្លែង នៅក្នុងបុរីរុងរឿង ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋ អាចនាំគ្នាទៅរកម៉ូតូរបស់ខ្លួន ដែលបាត់នៅទីនោះ។
លោក ឃ្លាំង ហួត បានអោយដឹងថា នៅក្នុងរយៈពេល ៤ថ្ងៃ គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានដកហូត និងដឹកជញ្ជូនម៉ូតូចេញពីទីតាំងហាងបញ្ចាំ ដែលខុសប្រក្រតីចំនួន ១០ទីតាំង បានម៉ូតូចំនួនជិត ១០០០គ្រឿង ដើម្បីយកទៅរក្សាទុកនៅឃ្លាំងមួយកន្លែង នៅតំបន់ OCIC ដើម្បីរង់ចាំបងប្អូនប្រជាពលរដ្ឋ ដែលបានបាត់ម៉ូតូកន្លងមក យកឯកសារ មកផ្ទៀងផ្ទាត់រកម៉ូតូរបស់ខ្លួន។ បើឃើញច្បាស់ថាជាម៉ូតូរបស់ខ្លួន អាជ្ញាធរនឹងប្រគល់ជូនវិញ។ ដោយឡែកម្ចាស់កុងស៊ី និងអ្នកមើលការខុសត្រូវ ចំនួន ៩នាក់ ត្រូវបានឃាត់ខ្លួន ដោយជាប់សង្ស័យផ្សំគំនិតទទួលផលចោរកម្ម។
ព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ជាថ្ងៃទី៤ ដែលអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃ្លាំង ហួត ដែលទើបឡើងជាអភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកុងស៊ីបញ្ចាំនៅតំបន់ឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដើម្បីរកច្បាប់អនុញ្ញាត និងរកម៉ូតូ ដែលមានពាក់ព័ន្ធនឹងបទល្មើស ក្នុងគោល បំណងបំបាត់ចោរកម្ម និងបទល្មើសផ្សេងៗ។
គួរបញ្ជាក់ថា នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្នុងតំបន់ឃ្លាំងរំសេវ មានកុងស៊ីបញ្ចាំចំនួន ៦០ទីតាំង។ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា អាជ្ញាធរបានចុះត្រួតពិនិត្យកុងស៊ីបាន ៤ទីតាំង ហើយបិទឃ្លុំបេ ៣ទីតាំង ព្រមទាំងដកហូតម៉ូតូ ជាបន្តបន្ទាប់។ នៅថ្ងៃទី២០ ខែកញ្ញាឆែកឆេរ បាន ៨ទីតាំង។ នៅថ្ងៃទី២១ ខែកញ្ញា ឆែកបាន ៧ទីតាំង និងថ្ងៃទី២២ ខែកញ្ញានេះ ឆែកបាន ១ទីតាំង នៅផ្ទះលេខ៤D ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ និងដកហូតបាន ២៩គ្រឿង ព្រមទាំងដកហូតម៉ូតូពីទីតាំងចាស់ សរុបទាំងអស់ បានប្រមាណជិត ១០០០គ្រឿង៕ ម៉េង ធា











ចែករំលែកព័តមាននេះ