ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងវប្បធម៌កំពុងរៀបចំស្នើចុះបញ្ជីនំបញ្ចុក និងល្បុក្កតោទៅអង្កការយូណេស្កូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា​ក្រសួង​បាន​កំពុង​រៀបចំ​និង​នាំ​មរតក​វប្បធម៌​អរូបី​ចំនួន ២​គឺ​នំ​បញ្ចុក និង​ល្បុក្កតោ​ដើម្បី​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​។ ឯកឧត្តម​ឡុ​ង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់​ថា​ក្រសួង​បាន​កំពុង​រៀបចំ​និង​នាំ​មរតក​វប្បធម៌​អរូបី​ចំនួន ២​គឺ​នំ​បញ្ចុក និង​ល្បុក្កតោ​ដើម្បី​ចុះបញ្ជី​ក្នុង​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​។

ឯកឧត្តម​ឡុ​ង ប៉ុណ្ណា​ស៊ី​រី​វត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ឆ្នាំ​២០២២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថា ក្រសួង​កំពុង​រៀបចំ​ដើម្បី​ស្នើ​ចុះបញ្ជី​នំ​បញ្ចុក និង​ល្បុក្កតោ​ក្នុង​សម្បត្តិ​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដាក់​ក្នុង​បញ្ជី​ត្រៀម ដើម្បី​ស្នើ​សុំ​ចុះបញ្ជី​ក្នុង​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ក្រៅពី​មរតក​វប្បធម៌​អរូបី​ក្រសួង​ក៏​បាន​ត្រៀម​ស្នើ​សុំ​ចុះបញ្ជី​ប្រាសាទ​កោះ​កេរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

ឯកឧត្តម​លើក​ឡើង​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​កំពុង​ពិនិត្យ​សម្បត្តិ​វប្បធម៌​រូបី​មួយ​ចំនួន​ទៀត​ដូច​ជា ក្រុម​ប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋាន​អង្គរបុរី និង​ភ្នំ​ដា រមណីយដ្ឋាន​គូលែន ក្រុម​ប្រាសាទបេង​មាលា ក្រុម​ប្រាសាទព្រះខ័ន​កំពង់ស្វាយ រមណីយដ្ឋាន​ឧត្តុង្គ សារមន្ទីរ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង ម​ជ្ឍ​មណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​អតីត​មន្ទីរឃុំឃាំង «​ម​-១៣» ដាក់​ក្នុង​បញ្ជី​ត្រៀម ដើម្បី​ស្នើ​សុំ​ចុះបញ្ជី​។

សូម​ជម្រាប​ថាបើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មានសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ហើយ​ដែល​បាន​ចុះបញ្ជី​ដោយ​អង្គការ យូ​ណេ​ស្កូ ដែល​ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្បធម៌​រូបី​៣ និង​សម្បត្តិ​វប្បធម៌​អរូបី ៥ ដូច​ជា ៖ តំបន់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ១៩៩២​។

របាំ​ព្រះរាជ​ទ្រព្យ​ជា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ២០០៣​។​ប្រាសាទព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៧ កក្កដា ២០០៧​។​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥​។

ល្បែង​ទាញព្រ័ត្រ​ជា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២ ធ្នូ ២០១៥​។​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់​ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៦​។

តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ចុះបញ្ជី​នៅ​ថ្ងៃ​ទី​៨ កក្កដា ២០១៧​។​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​ជា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី ត្រូវការ​សង្គ្រោះ​បន្ទាន់ ចុះបញ្ជី​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ