ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​មេ​ខ្មែរក្រហម​ ៖ ដំណើរការ​ស្មុ​គ​ស្មាញ​រយៈ​ពេល​១៦​ឆ្នាំ​បាន​បញ្ចប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាក្តី​ខ្មែរក្រហម​បង្កើត​ឡើង​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​សាលដីកា​លើ​សំណុំរឿង ០០២/០២ ប្រឆាំង​នឹង​លោក ខៀវ សំ​ផ​ន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ…

រាជធានី​ភ្នំពេញ ៖ សាលាក្តី​ខ្មែរក្រហម​បង្កើត​ឡើង​រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​សាលដីកា​លើ​សំណុំរឿង ០០២/០២ ប្រឆាំង​នឹង​លោក ខៀវ សំ​ផ​ន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដោយ​តម្កល់​សាលក្រម​ផ្តន្ទាទោស​លោក ខៀវ សំ​ផ​ន ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​ឧក្រិ.ដ្ឋកម្ម​ទាំងឡាយ​នៅ​សម័យ​ខ្មែរក្រហម​។

លោក ខៀវ សំ​ផ​ន មាន​អាយុ​៩១​ឆ្នាំ នៅ​ឆ្នាំ​២០២២​នេះ និង​ជា​មេដឹកនាំ​ខ្មែរក្រហម​កំពូល​តែ​ម្នាក់​គត់ ដែល​នៅ​រស់រាន​មានជីវិត​បាន​ប្តឹង​សារ​ទុក​ចំពោះ​ការ​សម្រេច​របស់​តុលាការ​សាលាដំបូង ដែល​ផ្តន្ទាទោស លោក​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​បទ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ស​ម្លា​.​ប់​មនុស្ស ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ពេល​ខ្មែរក្រហម​កាន់​អំណាច​។

ការ​ប្រកាស​សាលដីការ​របស់​តុលាការ​កំពូល លើ​សំណុំរឿង ០០២/០២ ពេល​នេះ គឺជា​សញ្ញា​បង្ហាញ​ថា សាលាក្តី​កូនកាត់​ដែល​មាន​អាយុកាល​១៦​ឆ្នាំ គិត​ពី​ឆ្នាំ​២០០៦ មកនេះ ត្រូវ​បិទ​បញ្ចប់​នីតិ​វី​ធី​នៃ​សំណុំរឿង​ក្តី​ប្រឆាំង​អតីត​មេដឹកនាំ​ជាន់ខ្ពស់​សម័យ​ខ្មែរក្រហម​។ ពោល គឺ​ចាប់តាំងពី​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ តុលាការ​ចម្រុះ​នេះ​បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូល​ៗ ៥​នាក់​រួម​មាន ៖ លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ​ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ស​២១ នៅ​ក្នុង​សំណុំរឿង​០០១ និង​សំណុំរឿង​០០២ មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម លំដាប់​កំពូល ៤​នាក់ គឺ​លោក នួន ជា លោក ខៀវ សំ​ផ​ន លោក អៀង សារី និង​ភរិយា​របស់​លោក​គឺ​លោកស្រី អៀង ធី​រិ​ទ្ធ​។

ក៏​ប៉ុន្តែ​ក្នុង​សំណុំរឿង​០០២ នេះ ត្រូវ​បំបែក​ជា​សំណុំរឿង​០០២/០១ និង​សំណុំរឿង​០០២/០២ ហើយ​អង្គ​ជំនុំជម្រះ​តុលាការ​សាលាដំបូង​ផ្តន្ទាទោស​បាន​តែ​លោក ខៀវ សំ​ផ​ន និង​លោក នួន ជា ប៉ុណ្ណោះ កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៤ ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​ឧ​ក្រិ​.​ដ្ឋ​កម្ម​ស​ម្លា​.​ប់​មនុស្ស​ក្នុង​សម័យ​ខ្មែរក្រហម​។

ការ​ផ្តន្ទាទោស​នោះ​ត្រូវ​លោក នួន ជា និង​លោក ខៀវ សំ​ផ​ន បាន​ប្តឹង​ជំទាស់ ហើយ​តុលាការ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជា​ច្រើន​ឆ្នាំ​ដោយ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៧-២០១៨​។ ប៉ុន្តែ​លោក នួន ជា ប្រធានរដ្ឋសភា​សម័យ​ខ្មែរក្រហម និង​ជា​ថ្នាក់ដឹកនាំ​កំពូល​ទី​២ បន្ទាប់​ពី​ប៉ុ​ល​ពត បាន​ស្លា​.​ប់​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ ក្នុង​អាយុ​៩៣​ឆ្នាំ នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ដោយ​ជំងឺ​ទឹកនោមផ្អែម​។
លោក នួន ជា ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​តុលាការ​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០០៧​។​ដូច្នេះ​មក​ដល់​ពេល​នេះ មាន​តែ​លោក ខៀវ សំ​ផ​ន ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម ដែល​មាន​អាយុ​៩១​ឆ្នាំ នៅ​ឆ្នាំ​២០២២​នេះ​ទេ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។

ដោយឡែក​លោក អៀង សារី និង​លោកស្រី អៀង ធី​រិ​ទ្ធ ដែល​ជា​ភរិយា គឺ​អ្នក​ទាំង​ពីរ​មិន​ត្រូវ​បាន​ផ្តន្ទាទោស​ឡើយ​។ លោកស្រី អៀង ធី​រិ​ទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី សម័យ​ខ្មែរក្រហម ក្រោយ​ពី​តុលាការ​ខ្មែរក្រហម ចោទប្រកាន់ និង​ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៧ គឺ​ជំនុំជម្រះ​កាត់ទោស​បាន​តែ​បន្តិច លោកស្រី​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជំងឺ​សរសៃ​ប្រាសាទ​វង្វេងស្មារតី ហើយ​ក៏​ត្រូវ​តុលាការ​ខ្មែរក្រហម​ដោះ​លែង ហើយ​បន្តិច​ក្រោយមក​លោកស្រី អៀង ធី​រិ​ទ្ធ បាន​ស្លា​.​ប់​ក្នុង​អាយុ​៨៣​ឆ្នាំ នៅផ្ទះ​របស់​កូនលោក​ស្រី​នៅ​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៥​។

មិនយូរ​ប៉ុន្មាន​ប្តី​របស់​លោកស្រី គឺ​លោក អៀង សារី រដ្ឋមន្ត្រី​ការ​បរទេស​សម័យ​ខ្មែរក្រហម​បាន​ស្លា​.​ប់ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៣ ក្នុង​អាយុ​៨៧​ឆ្នាំ គឺ​អំឡុង​ពេល​លោក​ជាប់​ឃុំ​នៅ​សាលាក្តី​ខ្មែរក្រហម ហើយ​សំណុំរឿង​០០២ របស់​លោក​ក៏​កំពុង​បន្ត​ដំណើរការ​សវនាការ​ជំនុំ​ជម្រះក្តី​ជាមួយនឹង​លោក នួន​ជា និង​លោក ខៀវ​សំ​ផ​ន​។

រីឯ​លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួល​ស្លែង ត្រូវ​បាន​កងទ័ព​កម្ពុជា​ចាប់​ឃុំខ្លួន កាលពី​ឆ្នាំ​១៩៩៩ ហើយ​ពេល​បង្កើត​សាលាក្តី​ខ្មែរក្រហម ឌុ​ច ត្រូវ​បាន​ផ្ទេរ​ទៅ​ឃុំឃាំង​នៅ​តុលាការ​ខ្មែរក្រហម នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៧​។ ឌុ​ច ស្ថិត​ក្នុង​សំណុំរឿង​០០១ ត្រូវ​បាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​ផ្តន្ទាទោស នៅ​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១២ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

សេចក្តីសម្រេច​នេះ គឺជា​សេចក្តីសម្រេច​ចុង​ក្រោយ និង​បិទផ្លូវ​តវ៉ា​។ ឌុ​ច ក៏​ត្រូវ​បាន​ផ្ទេរ​ការ​ឃុំឃាំង​ពី​សាលាក្តី​ខ្មែរក្រហម ទៅ​ពន្ធនាគារ​ខេត្តកណ្តាល​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២០ លោក​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច បាន​ស្លា​.​ប់ ក្នុង​អាយុ​៧៨​ឆ្នាំ​។

ក្នុង​ចំណោម​មេដឹកនាំ​ខ្មែរក្រហម​កំពូល ដែល​ឆ្លងកាត់​ការ​ចោទប្រកាន់ និង​ការ​កាត់ទោស​ទាំង​៥​នាក់​នេះ គឺ​មាន​តែ​លោក កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ទទួលស្គាល់​នូវ​ទោស​កំហុស ហើយ​បាន​ថ្លែងការណ៍ សុំ​អភ័យទោស​ដល់​ជន​រង​គ្រោះ​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស រួម​ទាំង​ថ្នាក់ដឹកនាំ​កំពូល​ៗ របស់​ខ្មែរក្រហម​មួយ​ចំនួន​មាន​ទាំង​គ្រូ​របស់​លោក​ផង​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​គុក​ទួល​ស្លែង ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​ធ្វើ​ទា​រុ​.​ណ​ក​.​ម្ម​នាំ​ឱ្យ​ស្លា​.​ប់ និង​ត្រូវ​ស​ម្លា​.​ប់​នៅ​ជើងឯក​។

ចំណែក​មេដឹកនាំ​កំពូល​ខ្មែរក្រហម ៤​នាក់​ទៀត គឺ​នួន​ជា ខៀវ​សំ​ផ​ន អៀង​សារី និង​អៀង​ធី​រិ​ទ្ធ បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ទាំងឡាយ​ក្នុង​របប​ខ្មែរក្រហម​។

នៅ​តុលាការ​ខ្មែរក្រហម​នេះ ក៏​នៅ​មាន​សំណុំរឿង​០០៣ និង​០០៤ ដែល​មាន​ជនសង្ស័យ ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម ប្រចាំ​តំបន់ និង​ភូមិភាគ​ដែល​នៅ​រស់រាន​មានជីវិត​ដល់​សព្វថ្ងៃ ដូច​ជា មាស​មុត យឹ​ម​ទិ​ត្យ អោ​អាន និង​អ៊ឹម​ចែ​ម ជាដើម​។ ប៉ុន្តែ​សំណុំរឿង​០០៣ និង​០០៤ នេះ មិន​មានការ​ឯកភាព​គ្នា​រវាង​ភាគី​អន្តរជាតិ និង​ភាគី​ជាតិ​ឡើយ​។ ក្នុង​សំណុំរឿង​បន្ថែម​ទាំង​ពីរ​នេះ សហ​ព្រះរាជអាជ្ញា និង​សហ​ចៅក្រម​អន្តរជាតិ​ចង់​បន្ត​ចោទប្រកាន់ និង​នាំ​មក​កាត់ទោស​ទៀត ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា និង​សហ​ចៅក្រម​ជាតិ បាន​យល់​ឃើញ​ដូច​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ គឺ​បញ្ចប់​សំណុំរឿង​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រឹមតែ​សំណុំរឿង​០០១ និង​សំណុំរឿង​០០២ ដែល​មាន​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូល តែ​៥​នាក់​ប៉ុណ្ណោះ​។

ចុងបញ្ចប់​សំណុំរឿង​០០៣ និង​០០៤ ក៏​មិន​ត្រូវ​បាន​ដំណើរការ​តទៅ​ទៀត​ឡើយ ទោះបីជា​មានការ​បើក​ការ​ស៊ើបអង្កេត និង​ចោទប្រកាន់​ពី​ភាគី​អន្តរជាតិ​ក៏​ដោយ​។

ជា​សរុប​មក ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម ដែល​បង្កើត​ឡើង​ដោយ​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដំណើរការ​អស់​រយៈពេល​ជាង ១៦​ឆ្នាំ គិត​ពី​ឆ្នាំ​២០០៦ ហើយ​បាន​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ៣៣៨​លាន​ដុល្លារ ( ភាគី​ជាតិ​ចំនួន ៩៩​លាន​ដុល្លារ និង​ភាគី​អន្តរជាតិ​ចំនួន ២៣៩​លាន​ដុល្លារ​) គឺ​ត្រូវ​បិទ​បញ្ចប់​ហើយ នៅ​បំណាច់​ឆ្នាំ​២០២២ នេះ​។

សាលាក្តី​ខ្មែរក្រហម ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ថា បាន​ដំណើរការ​ទៅ​ប្រកបដោយ​ជោគជ័យ​។ សាលាក្តី​ចម្រុះ​នេះ បាន​ជួយ​ស្វែងរក​យុត្តិធម៌ និង​ការ​ពិត​ជូន​ជន​រង​គ្រោះ នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ រួម​នឹង​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ផ្សះផ្សារ​ជាតិ និង​ការ​ពង្រឹង​សន្តិភាព​នៅ​កម្ពុជា​។ ក៏​ប៉ុន្តែ​សាលាក្តី​ខ្មែរក្រហម ក៏​រង​នូវ​ការ​រិះគន់​ពី​មតិ​មួយ​ចំនួន ពី​ការ​យឺតយ៉ាវ​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ខណៈ​ដែល​មេដឹកនាំ​សំខាន់​ៗ នៃ​របប​ខ្មែ​ក្រហម បាន​បាត់បង់​ជីវិត​ស្ទើរ​អស់ ហើយ​កាត់ទោស​មិន​អស់ ដោយសារ​តែ​មេដឹកនាំ​ខ្មែរក្រហម មួយ​ចំនួន ដែល​មាន​បាតដៃ​ប្រឡាក់​ឈាម ដែល​អ្នកស្រុក​អ្នក​ភូមិ ស្គាល់​ច្បាស់ មិន​ត្រូវ​បាន​កាត់ទោស​។ រីឯ​ប្រទេស ដែល​គាំទ្រ​របប​ខ្មែរក្រហម ក៏​មិន​ត្រូវ​បាន​បង្ហាញ និង​ផ្តន្ទាទោស​ដែរ​។

យ៉ាងណា​ក៏​ដោយ ដំណើរការ និង​នីតិវិធី​ក្នុង​តុលាការ​ចម្រុះ​នេះ បាន​ធ្វើ​ឡើង តាម​ស្តង់ដារ​អន្តរជាតិ ហើយ​គួរតែ​ត្រូវ​បាន​យក​មក​អនុវត្ត នៅ​ក្នុង​សវនាការ​ជំនុំជម្រះ​នានា នៅ​តុលាការ​គ្រប់​ជាន់ថ្នាក់​នៅ​ប្រទេស​កម្ពុជា​យើង​។ ពោល គឺ​សវនាការ​បើកចំហរ​អាច​ឱ្យ​សាធារណជន អ្នក​សង្កេតការណ៍ និង​អ្នកកាសែត តាមដាន​ការ​កាត់ក្តី និង​យក​ព័ត៌មាន​បាន​ពេញលេញ​។

ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម រយៈពេល​ជាង​១៦​ឆ្នាំ​នេះ មាន​ជន​រង​គ្រោះ​ចំនួន ៣.៨៦៥ នាក់ បាន​ចុះ​ឈ្មោះ ជាដើម​បណ្តឹងរដ្ឋប្បវេណី ដើម្បី​ចូលរួម ក្នុង​ដំណើរការ​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នេះ​។ តុលាការ​កូនកាត់​នេះ​បាន​ផ្តល់​សំណង​ដល់​ដើមបណ្តឹង និង​ជន​រង​គ្រោះ​ទូទៅ ជា​សមូហភាព ក្នុង​រូបភាព ដូច​ជា ការ​ជួយ​ព្យាបាល​ផ្សះផ្សា​ផ្លូវចិត្ត តាម​រយៈ​ការ​អប់រំ ការ​ផ្សព្វផ្សាយ ការ​អភិរក្ស​ទីតាំង​ឧក្រិដ្ឋកម្ម ពិធីបុណ្យ​ជា​សាធារណៈ ការ​ដាក់​ឈ្មោះ​សារៈមន្ទីរ មជ្ឈមណ្ឌល​សាធារណៈ ដើម្បី​រំ​ឮ​ក​ការ​ចង​ចាំ ការ​សាងសង់​ស្តូប​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​អ្នក​ស្លា​.​ប់​ក្នុង​របប​ខ្មែរក្រហម ការ​បញ្ចូល​ប្រវត្តិសាស្ត្រ​អំពី​របប​ខ្មែរក្រហម​ទៅ​ក្នុង​កម្មវិធី​សិក្សា ជាដើម​។

ជា​សរុប ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ក្នុង​សំណុំរឿង​០០១ និង​០០២ បាន​បង្ហាញ​អំពី​យុត្តិធម៌ និង​ការ​ផ្សះផ្សារ​ជាតិ​ក្នុង​កម្រិត​ដែល​អាច​ទទួលយក​បាន​សម្រាប់​កម្ពុជា​។

តុលាការ​កូនកាត់​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ស្វែងរក​ការ​ពិត និង​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ឧ​ក្រិ​.​ដ្ឋ​កម្ម​សង្គ្រាម និង​ឧ​ក្រិ​.​ដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ដែល​បាន​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខ្មែរក្រហម ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩​។ មនុស្ស​ប្រមាណ​ពី ១​លាន ៧​សែន​នាក់ ទៅ ២​លាន​២​សែន​នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​បាត់បង់​ជីវិត​ក្នុង​របប​ដែល​មាន​រយៈពេល​៣ ឆ្នាំ​៨ ខែ​និង ២០​ថ្ងៃ​។

ក្នុង​រយៈពេល​ជាង ១៦​ឆ្នាំ​មកនេះ សាលាក្តី​ខ្មែរក្រហម បាន​ផ្តល់​យុត្តិធម៌​ផ្លូវច្បាប់ និង​ការ​ផ្សះផ្សា​ផ្លូវចិត្ត​ដល់​ជន​រង​គ្រោះ ក្នុង​កម្រិត​ខ្ពស់​មួយ បើ​ទោះបីជា​យុត្តិធម៌ និង​ការ​ផ្សះផ្សា​ទាំងនោះ មិន​អាច​មាន​ពាក្យ​ថា គ្រប់គ្រាន់​ក្តី​។ ប៉ុន្តែ​ក៏​ជា​សារ​មួយ​ទៅ​កាន់​មេដឹកនាំ​កុំឱ្យ​ប្រព្រឹត្តិ​បទ​ឧ​ក្រិ​.​ដ្ឋ​ណាមួយ​ព្រោះថា អំឡុង​ពេល​នៅ​កាន់​អំណាច​ទ​ង្វើ​ទាំងនោះ​មិន​ត្រូវ​បាន​កាត់ទោស​ឡើយ តែ​ចូរ​កុំ​ភ្លេច​ថា ក្រោយ​ដួល​រលំ​របប​ដឹកនាំ​របស់​ខ្លួន​រាប់​សិប​ឆ្នាំទៅ​ហើយ​ក៏​ដោយ ក៏​គេ​អាច​នាំ​ខ្លួន​មេដឹកនាំ ដែល​ប្រព្រឹត្ត​បទ​ឧ​ក្រិ​.​ដ្ឋ​ទាំងនោះ យក​មក​កាត់ទោស​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ