ខេត្តកំពង់ឆ្នាំង ៖ ដើម្បីអភិរក្សរបាំស្នែងទន្សោងដែលជារបាំប្រពៃណី មានដើមកំណើតនៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូងស្រុកបរិបូណ៌ និងជារបាំមានវ័យចំណាស់ពីបុរាណកាល នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារទៅភូមិអញ្ជាញរូង ដើម្បី ស្រាវជ្រាវរកអ្នកដែលធ្លាប់សំដែងរបាំបុរាណមួយនេះ ហើយក៏បានជួបគាត់មែន ។ ប៉ុន្តែពួកគាត់សុទ្ធតែមានវ័យចំណាស់ណាស់ទៅហើយ ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានថាជាសិល្បៈករ សិល្បការិនី ដែលធ្លាប់សម្ដែងនៅក្នុងភូមិអញ្ចាញរូងពីសង្គមដើម ពួកគាត់មានអាយុចាប់ពី៧៨ឆ្នាំដល់ ៨៤ឆ្នាំ ប៉ុន្តែពួកគាត់នៅចាំចេះស្ទាត់ពីការសម្ដែងរបាំទាំងនេះនៅឡើយ ។ ប្រការដែលគួរឱ្យសោកស្ដាយ របាំស្នែងទន្សោងដែលពួកគាត់ចេះបានកប់បាត់លែងមានការសម្ដែងអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីពួកគេមានវ័យចំណាស់។

លោក សុខ ធួក បានបញ្ជាក់ថា របាំស្នែងទន្សោងជារបាំមូយនេះធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ពីសង្គមចាស់ផងដែរ តែលោកមិនបានដឹងថាៈ តើរបាំស្នែងទន្សោងរបស់អ្នកភូមិអញ្ជាញរូងនោះ កើតមានពីជំនាន់ណា ឆ្នាំណានោះទេ ។ ពួកគាត់ដែលមានវ័យចំណាស់ធ្លាប់បានសម្ដែងពីជំនាន់ដើម គឺនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ កឋិនទាន និងបុណ្យផ្កាផ្សេងៗ។ ការសម្ដែងរបាំស្នែងសន្សោងរបស់អ្នកភូមិអញ្ជាញរូង គឺសម្រាប់ដើម្បីកម្សាន្តផង ដើម្បីសុំសេចក្តីសុខ និងដេញឧបទ្រពចង្រៃ ។ ដោយឡែក កន្លងមក ខាងមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តកំពង់ឆ្នាំង ក៍ធ្លាប់សម្តែងរបាំស្នែងទន្សោងនេះ ក្នុងពិធីបុណ្យទានផ្សេងៗផងដែរ ។

ប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈបានបន្តថាៈ មូលហេតុដែលគាត់ទៅស្រាវជ្រាវរក អ្នករាំរបាំជើងចាស់ ចេះរាំរបាំស្នែងទន្សោង ដែលមានប្រភពដើមនៅ ភូមិអញ្ចាញរូង គឺដោយសារចង់ឲ្យរបាំនេះរស់ឡើងវិញ ។ ក្រោយពីជួបពួកគាត់ជាអ្នករាំរបាំស្នែងទន្សោងពីសង្គមចាស់ លោកក៏បានស្នើសុំឲ្យពួកគាត់បន្ត «មរតកមនុស្សរស់» គឺរបាំស្នែងទន្សោងនេះដល់កូនចៅជំនាន់ក្រោយ ។

ជាមួយគ្នានេះលោកក៏បានណែនាំដល់អាជ្ញាធរភូមិឃុំ សូមជួយបន្តលក្ខណៈ ក្នុងការដែលពួក
គាត់បង្ហាត់បង្រៀនដល់អ្នកជំនាន់ក្រោយ នូវរបាំស្នែងទន្សោងនេះ ហើយពួកគាត់បានសន្យាថា ក្រោយបុណ្យភ្ជុំបិណ្ឌនិងបន្តបង្ហាត់បង្រៀនដល់សិស្សជំនាន់ក្រោយ ចំណែកលោកនឹងចាត់សិល្បករជំនាញ មកជួយកែសម្រួលខ្លះដើម្បីឲ្យត្រូវតាមក្បួនខ្នាតជាផ្លូវការ ៕



ចែករំលែកព័តមាននេះ