ខេត្តកំពង់ឆ្នាំង ៖ ផ្ទះថ្មចំនួន២ខ្នង មានប្រជាពលរដ្ឋរស់នៅចំនួន៣គ្រួសារ និងមានទីតាំងភូមិសាលាលេខ៥ (ជាប់ផ្សារសាលាលេខ៥) ក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ត្រូវបានក្រុមសមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលរងស្រុកកំពង់ត្រឡាច ចុះធ្វើការរុះរើហើយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីទទួលសំណងពីការកសាងផ្លូវជាតិលេខ៥រួចហើយ តែយឺតយ៉ាវក្នុងការរុះរើធ្វើឱ្យរាំងស្ទះ។

លោក សន សំអាត អភិបាលរងស្រុក ដែលបានដឹកនាំកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុកកំពង់ត្រឡាច ចុះវា.យកំទេចសំណង់រឹងខាងលើនេះ បានឱ្យដឹងថា ៖ សំណង់នេះ ជាកម្មសិទ្ធិរបស់ឈ្មោះ ធី ទីតូ។ ក្រោយមានការសម្របសម្រួលជាមួយក្រុមហ៊ុន ធ្វើផ្លូវជាតិលេខ៥ ម្ចាស់ផ្ទះបានព្រមទទួលសំណងពីក្រុមហ៊ុនរួចហើយ ប៉ុន្តែការរុះរើដោយខ្លួនឯងរបស់ម្ចាស់មានការយឺតយ៉ាវ និងហួសឱសាន្តវាទ ត្រឹមថ្ងៃ១៥ ខែកញ្ញា ទើបខាងក្រុមហ៊ុនស្នើសុំឱ្យអាជ្ញាធរស្រុកចាត់វិធានការរដ្ឋបាលតែម្តង។

លោកបានបញ្ជាក់ថា មិនមែនម្ចាស់ផ្ទះរឹងទទឹងមិនព្រមរុះរើនោះទេ តែម្ចាស់ផ្ទះខ្វះកម្លាំង ទើបការរុះរើដោយខ្លួនឯងមានការយឺតយ៉ាវបែបនេះ។
គួររំលឹកផងដែរថា ៖ កន្លងទៅ ផ្លូវជាតិលេខ៥ នៅចំណុចជិតផ្សាកំពង់ត្រឡាចនេះ បានកសាងស្ទើររួច១០០% ហើយ ប៉ុន្តែបែរជាចំណុចសំណង់របស់ម្ចាស់ផ្ទះខាងលើ នៅឈរស្ទើរកាត់ទទឹងផ្លូវម្ខាង ហើយបានបង្កការកកស្ទះចរាចរណ៍នៅទីនោះស្ទើរតែរាល់ថ្ងៃ ព្រោះតែពេលធ្វើផ្លូវការបើកបរត្រូវវាងនៅទីនោះ៕









ចែករំលែកព័តមាននេះ