រាជធានីភ្នំពេញ ៖ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ណែនាំដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលឋិតក្រោមឱវាទ អោយបន្តយកចិត្តទុកដាក់ និងពង្រឹងប្រសិទ្ធិភាពអោយបានខ្ពស់ លើកិច្ចការងារសន្តិសុខ ពិសេសការបង្ក្រាបល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ស្របតាមបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការលើកឡើងរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នៅក្នុងកិច្ចប្រជុំគណះបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ចើញចូលរួមពី អស់លោកលោកស្រីអភិបាលរងខណ្ឌ លោកលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោក- លោកស្រី ជាចៅសង្កាត់ លោកនាយប៉ុស្តិ៍ទាំង៨ និងមន្ត្រីចំណុះជំនាញក្រោមឱវាទ ជាច្រើនរូបទៀត ផងដែរ ។

នៅក្នុងកិច្ចប្រជុំខាងលើ លោកអភិបាលខណ្ឌ បានដាក់ចេញនូវផែនការណ៍មួយចំនួន លើកិច្ចការងារសន្តិសុខ ដើម្បីជាយុទ្ធសាស្ត្រដល់កងកម្លាំងមន្ត្រីក្រោមឱវាទ យកទៅអនុវត្ត ក្នុងគោលដៅ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង លុបបំបាត់គ្រឿងញៀន ក៏ដូចជាអំពើលួចឆក់ប្លន់ជាដើម ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្របទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ក្នុងឱកាសដដែលនោះ លោកអភិបាល បានណែនាំដល់មន្ត្រីអនុវត្តទាំងអស់ ត្រូវបន្តសកម្មភាពចុះ ត្រួតពិនិត្យ តាមគោលដៅ ហាងលក់កាហ្វេគុយទាវ ឬទីកន្លែងប្រកបអាជីវភាពផ្សេងៗមួយចំនួនទៀត ប្រសិនបើរកឃើញថា មានការលួចលាក់បង្កប់ នូវប្រភេទល្បែងអនឡាញខុសច្បាប់ គឺចាំបាច់ត្រូវបង្ក្រាប ដោយមិនបណ្តែតបណ្តោយអោយម្ចាស់ទីតាំង យកអាជីវកម្មស្របច្បាប់មកជាខែលដែលបាំងអំពើខុសរបស់ខ្លួនបានតទៅមុខទៀតនោះឡើយ ។

ដោយឡែក ចំពោះទីតាំងកុងស៊ីទទួលបញ្ចាំទាំងអស់ លោកអភិបាល ក៏បានណែនាំ អោយបន្តចុះពិនិត្យមើលអោយបានជាប់លាប់ ថាតើទីតាំងទាំងនោះ បានប្រកបអាជីវកម្មខ្លួនស្របទៅនឹងច្បាប់ដែរឬទេ ជៀសវៀងការដែលទទួលបញ្ចាំយានយន្ត យានជំនះ ឬទ្រព្យផ្សេងដោយមិនមានឯកសារ ដែលជាអំពើខុសនឹងច្បាប់ ឬ ជាការទទួលផលចោរកម្ម ជាដើម ។

ស្របទៅនឹង ពិធី បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកអភិបាល ក៏បានដាក់ចេញនូវផែនការ ឲ្យកម្លាំង គណៈបញ្ជាការឯកភាពទាំងអស់ ត្រូវពង្រឹងបន្ថែមលើការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមវត្តអារាមដោយធ្វើយ៉ាងណា ត្រូវរក្សាអោយបាននូវសុខសុវត្ថិភាព ជូនពួកគាត់ ។

ក្រៅពីកិច្ច ការងារសន្តិសុខសណ្តាប់ធ្នាប់ហើយនោះ លោកអភិបាលក៏បានណែនាំមន្ត្រី អោយបន្តការយកចិត្តលើកិច្ចការងារផ្សេងៗជាច្រើនទៀតផងដែរ ដូចជា ៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព រហ័ស និងប្រកបដោយប្រសិទ្ធភា , ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការវ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋ , ពន្លឿនសិក្សាគម្រោងអភិវឌ្ឍន៍សង្កាត់និងខណ្ឌ និងការកែសម្រួលសមាសភាពគណៈកម្មាធិការនានាឲ្យស្របនឹងស្ថានភាពជាក់ស្តែង ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ