ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​ទៅ​រក​ម៉ូតូ​បាត់ ខណៈ​អាជ្ញាធរ​ដក​ហូត​​ពី​កុងស៊ីបញ្ចាំ​ប្រមាណ​ជាង​៥០០​គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាត់​ម៉ូតូ​ដោយសារ​ករណី​ចោរលួច ប្លន់ និង​អំពើ​ឆ​បោ​.​ក​ផ្សេង​ៗ បាន​នាំ​គ្នា​ទៅ​រក​ម៉ូតូ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី រយៈពេល​៣​ថ្ងៃ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​បាត់​ម៉ូតូ​ដោយសារ​ករណី​ចោរលួច ប្លន់ និង​អំពើ​ឆ​បោ​.​ក​ផ្សេង​ៗ បាន​នាំ​គ្នា​ទៅ​រក​ម៉ូតូ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី រយៈពេល​៣​ថ្ងៃ អាជ្ញាធរ​បាន​ចុះ​ត្រួតពិនិត្យ​កុងស៊ី​បញ្ចាំង និង​ដកហូត​ម៉ូតូ​មិន​ប្រក្រតី បាន​ប្រមាណ​ជាង​៥០០​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​មួយ​កន្លែង ស្ថិត​ក្នុង​បុរី​រុងរឿង ក្នុង​ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុខ​ឃ្លាំង​ដែល​រក្សា​ទុក​ម៉ូតូ គេ​បានឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​នាំ​គ្នា​ទៅ​រក​ម៉ូតូ​របស់​ខ្លួន ដែល​បាន​បាត់បង់​កន្លង​ទៅ​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មិន​ទាន់​បាន​រៀបចំ​ស្រួលបួល ដើម្បី​អោយ​ប្រជាពលរដ្ឋ​បាន​ស្វែងរក​ម៉ូតូ​របស់​ខ្លួន​ដែល​បាត់​ឡើយ ព្រោះ​កំពុង​តែ​ដកហូត និង​រៀបចំ​ឯកសារ​ដើម្បី​បិទ​ផ្សាយ​។

លោក ឃ្លាំង ហូត អភិបាលរង​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ នេះ សមត្ថកិច្ច​បាន​ដកហូត និង​ដឹក​ជញ្ជូន​ម៉ូតូ​ចេញពី​ទីតាំង​ហាង​បញ្ចាំ​ដែល​ខុស​ប្រក្រតី​បាន​ម៉ូតូ​ចំនួន​ជាង​៥០០​គ្រឿង ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​មួយ​កន្លែង នៅ​តំបន់ OCIC រង់ចាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​កន្លង​មក យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​រក​ម៉ូតូ​របស់​ខ្លួន បើ​ឃើញ អាជ្ញាធរ​នឹង​ប្រគល់​ជូន​វិញ​។

លោក ឃ្លាំង ហួត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ឃ្លាំង​បញ្ចាំ​ដែល​ទទួលផល​ចោរកម្ម គឺជា​ដើមចម​នាំ​អោយ​កើត​មាន​ឡើង​នូវ​អំពើ លួច ប្លន់​ម៉ូតូ ដើម្បី​លុប​បំបាត់​អំពើ​អសន្តិសុខ​ទាំងអស់​នេះ​យើង​នឹង​អនុវត្ត​ជា​ប្រចាំ និង​មាន​ប្រសិទ្ធភាព​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ ជា​ថ្ងៃ​ទី​៣ ដែល​អាជ្ញាធរ រាជ​ធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ដោយ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​កុងស៊ីបញ្ចាំ​នៅ​តំបន់​ឃ្លាំង​រំសេវ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ដើម្បី​រក​ច្បាប់​អនុញ្ញាត និង​រក​ម៉ូតូ ដែល​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស ក្នុង​គោល បំណង​បំបាត់​ចោរកម្ម និង​បទល្មើស​ផ្សេង​ៗ​។ នៅ​ក្នុង​ឱកាស​នោះ លោក ឃ្លាំង ហួត ក៏​បាន​ណែនាំ​អោយ​ម្ចាស់​ចូលរួម​សហការ និង​ទៅ​ធ្វើ​ច្បាប់​ទីតាំង​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ​។

គួរ​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២២ លោក ឃ្លាំង ហួត ក៏​បាន​ឆ្មក់​ចុះ​ត្រួតពិនិត្យ​ទីតាំង​កុងស៊ីបញ្ចាំ​ចំនួន​៤​ទីតាំង ហើយ​រក​ឃើញ​មាន​កុងស៊ី​ចំនួន​៣​ទីតាំង​មិន​ប្រក្រតី​ហើយ​បិទ​ឃ្លុំបេ ដើម្បី​នឹង​ឈាន​ទៅ​ដកហូត​ម៉ូតូ​ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា អាជ្ញាធរ​ក៏​បន្ត​ឆែកឆេរ​កុងស៊ី​ចំនួន​៨​ទីតាំង​ទៀត និង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ អាជ្ញាធរ​ក៏​បាន​បន្ត​ចុះ​ត្រួតពិនិត្យ បាន​ចំនួន​៧​ទីតាំង​ទៀត និង​នៅ​បន្តបន្ទាប់​ទៀត​ទៅ​លើ​កុងស៊ី​ទាំងអស់​ចំនួន​៦០​ទីតាំង នៅ​តំបន់​ឃ្លាំង​រំសេវ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ