ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អចលនទ្រព្យ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កសាង​ទំនុកចិត្ដ​វិនិយោគិន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ប្រឈម​នឹង​ការ​លក់​ធ្លាក់​ចុះ អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ថ្លែង​ថា ក្នុង​ដំណាក់កាល​បែប​នេះ កម្ពុជា​ត្រូវ​ខិតខំ​កសាង​ទំនុកចិត្ត​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ប្រឈម​នឹង​ការ​លក់​ធ្លាក់​ចុះ អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ថ្លែង​ថា ក្នុង​ដំណាក់កាល​បែប​នេះ កម្ពុជា​ត្រូវ​ខិតខំ​កសាង​ទំនុកចិត្ត​បន្ថែម​ទៀត​ដើម្បី​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា ។

អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia លោក គុយ វ៉ា​ត ថ្លែង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ ការ​ផ្គត់ផ្គង់​អចលនទ្រព្យ ពិសេស​ខុន​ដូ​ចូល​ទីផ្សារ​មាន​ចំនួន​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​លក់​ធ្លាក់​ចុះ​បន្តិចបន្តួច ដែល​នេះ​ជា​រឿង​ធម្មតា​នៅ​ពេល​មានការ​ផ្គត់ផ្គង់​កើនឡើង​ច្រើន​។ លោក​បន្ត​ថា លោក​មើលឃើញ​ដូច​អ្នក​នៅ​ក្នុង​វិស័យ​នេះ​ដែរ នៅ​ពេល​មានការ​ផ្គត់ផ្គង់​ច្រើន តម្រូវការ​ធ្លាក់​ចុះ ។ ដូច្នេះ យើង​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក​បន្ត​ថា ៖ « យើង​ត្រូវ​កសាង​ទំនុកចិត្ត​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ឲ្យ​ចូល​មក​កាន់តែ​ច្រើន ដើម្បី​បំពេញតម្រូវការ​នៅ​ក្នុង​ទីផ្សារ ។ ហេតុនេះ យើង​កំពុង​កសាង​នូវ​ធនធានមនុស្ស​ដើម្បី​បំពេញតម្រូវការ​ដល់​អ្នក​វិនិយោគ ។ យើង​បណ្តុះបណ្តាល​ភ្នាក់ងារ​ជំនាញ​ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ព្រោះ​នៅ​ស្រុក​គេ ក្រុម​ភ្នាក់ងារ និង​អ្នក​នៅ​ក្នុង​ផ្នែក​គ្រប់គ្រង​ត្រូវ​នៅ​ជាមួយ​គ្នា ទើប​អាច​កសាង​ទំនុក​ចិត្តបាន » ។

លោក គុយ វ៉ា​ត បន្ថែម​ថា ទោះបី​មានការ​គ្រប់គ្រង​ល្អ​បែប​ណា​ក៏​ដោយ បើ​គ្មាន​ទីផ្សារ​ល្អ ក៏​យើង​មិន​ទទួល​បាន​ជោគជ័យ​ដែរ ប៉ុន្តែ​បើ​មាន​ទីផ្សារ តែ​គ្រប់គ្រង​មិនល្អ ពេល​វិនិយោគិន​មក​វិនិយោគ​គ្មាន​ភាព​កក់ក្តៅ ក៏​មិនល្អ​នោះ​ដែរ ។

លោក ប៉ែន សុខ​គា ប្រធាន​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន​ប៊ុ​ណ្ណា​រៀល​ធី​គ្រុប ថ្លែង​ថា ស្ថានភាព​អចលនទ្រព្យ​ឆ្នាំ​២០១៧​នេះ ហាក់​មាន​ភាព​តានតឹង​បន្តិច ដោយសារ​វិនិយោគិន និង​ប្រជាពលរដ្ឋ​នៅ​រង់ចាំ​មើល​ស្ថានភាព​ប្រទេស​ក្នុងអំឡុងពេល​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ប៉ុន្តែ​ក្នុង​ដំណាក់កាល​នេះ សម្រាប់​អ្នកមាន​ប្រាក់​ពួក​គេ​អាច​វិនិយោគ​ក្នុង​ពេល​នេះ​ដើម្បី​ទទួល​បាន​ផល​ចំណេញ​នៅ​ពេល​ក្រោយ ។ លោក​បន្ត​ថា សម្រាប់​ការ​កសាង​ទំនុកចិត្ត​យ៉ាងណា​ដល់​វិនិយោគិន​ពី​ក្រៅប្រទេស វា​ជា​បញ្ហា​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត ជា​អ្វី​ដែល​ពួក​គេ​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្តែង​ដែល​កើតឡើង​នៅ​ពេល​ខាង​មុខ ។

លោក​បន្ត​ថា ៖ « បើ​និយាយ​ពី​ខុន​ដូ វា​ជា​ចំណុចក្តៅ​មួយ​សម្រាប់​ទីផ្សារ ព្រោះ​ចំនួន​ខុន​ដូ​មានការ​ផ្គត់ផ្គង់​លើស​តម្រូវការ និង​ប្រឈម​នឹង​ការ​មាន​វិបត្តិ ។ ប្រសិនជា​គម្រោង​ខុន​ដូ​ច្រើន​សាងសង់​មិន​ចប់​ចុង​ចប់​ដើម ប៉ុន្តែ​បើ​អ្នក​វិនិយោគ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​គម្រោង​របស់​ខ្លួន មិន​មាន​បញ្ហា​អ្វី​នោះ​ទេ » ។

លោក Bretton G Sciaroni ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជា ថ្លែង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ ដោយ​គម្រោង​ផ្សេង​ៗ​កំពុង​ដំណើរការ​សាងសង់​យ៉ាង​សកម្ម ប៉ុន្តែ​វា​អាច​មាន​ល្បឿន​ថមថយ​បន្តិច​សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ ដោយសារ​វិនិយោគិន និង​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​ការ​បោះ​ឆ្នោត​នៅ​អំឡុង​ពេល​នោះ ។

លោក​បន្ត​ថា ៖ « សម្រាប់​ខ្ញុំ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នោះ​ទេ ប៉ុន្តែ​ប្រជាជន​នៅ​ទី​នេះ និង​អ្នក​វិនិយោគ ពួក​គេ​ព្រួយបារម្ភ និង​កំពុង​រង់ចាំ​មើល​ស្ថាន ការណ៍​» ៕