ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​កីឡា​វ៉ូ​វី​ណា​ម បង្ហាញ​សុទិដ្ឋិនិយម ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២២ បាន​បញ្ចប់​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២២ បាន​បញ្ចប់​ដោយ​ជោគជ័យ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ បន្ទាប់​ពី​រក​ឃើញ​ធនធាន​ថ្មី​ៗ ដែល​មាន​សមត្ថភាព និង​ទេព​កោ​លស​ល្យ​ល្អ ពិសេស​បាន​ពង្រឹងសមត្ថភាព​មន្ដ្រី​បច្ចេកទេស អាជ្ញាកណ្ដាល​-​ចៅក្រម កាន់តែ​ប្រសើរ សម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ទៀត​ផង​។

ឯកឧត្តម អ៊ូ រតនា ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ថា ការ​ប្រកួត​នេះ មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-១៩ ខែកញ្ញា នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​មាន​កីឡាករ-​កីឡាការិនី​ចូលរួម​សរុប​៨២​នាក់ ។ ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ គឺជា​ការ​ប្រកួត​ដ៏​សំខាន់ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ សម្រាប់​កីឡាករ​-​កីឡាការិនី អភិវឌ្ឍ និង​បង្កើន​សមត្ថភាព រួម​ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត​ផង​ដែរ​។

ឯកឧត្តម​បន្ដ​ថា ដោយសារ​ការ​ខិតខំ និង​រួបរួម​គ្នា​នេះ​ដែរ បាន​ជំរុញ​ឲ្យ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ទទួល​បាន​សមិទ្ធផល​ដ៏​រីករាយ​សម្រាប់​ប្រជាជន​កម្ពុជា​ប្រមាណ​១៧​លាន​នាក់ ក្នុង​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​វៀតណាម កាលពី​ពេល​ថ្មី​ៗនេះ ដោយ​ដណ្ដើម​បាន​មេដាយ​សរុប ១៤​គ្រឿង(​មាស ៣ ប្រាក់ ២ និង​សំរឹទ្ធ ៩)​។ ទោះបី​យ៉ាងនេះ​ក្ដី ក៏​សហព័ន្ធ​កំពុង​បន្ដ​ខិតខំ​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ ទាំង​ឈុត​ស៊ី​ហ្គេ​ម និង​ថ្នាល តាម​បណ្ដា​សមាគម​/​ក្លិប ដើម្បី​ត្រៀមលក្ខណៈ​ការ​ប្រកួត​នានា ទាំង​ថ្នាក់​ជាតិ និង​អន្ដរជាតិ​។

លោក យាំ ថៃ​សាន អគ្គលេខាធិការ​សហព័ន្ធ កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បាន​គូសបញ្ជាក់​ថា ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​រយៈពេល ៣​ថ្ងៃ​មកនេះ សហព័ន្ធ​សម្លឹង​ឃើញ​កីឡាករ​-​កីឡាការិនី​ថ្មី​ៗ ដែល​មាន​បច្ចេក ទេស ទេព​កោសល្យ និង​សមត្ថភាព​ខ្ពស់ មាន​ស្មារតី​អង់អាច​ក្លាហាន ដែល​អាច​ប្រកួតប្រជែង​នៅ​កម្រិត​ជាតិ និង​អន្ដរជាតិ​។ រីឯ​អាជ្ញាកណ្ដាល​-​ចៅក្រម និង​មន្ដ្រី​បច្ចេកទេស​រៀបចំ​ការ​ប្រកួត ពិតជា​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​រៀបចំ​ការ​ប្រកួត​នានា ពិសេស​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ខាង​មុខ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ខាងលើ ពិសេស​ឯកឧត្ដម​បាន​ជំរុញ​ឲ្យ​កីឡាករ​-​កីឡាការិនី​ជ័យ​លា​ភី បន្ដ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ និង​ស្វែងរក​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង​នេះ​។

ក្រឡេក​មក​ចាប់អារម្មណ៍​លទ្ធផល នៃ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ វិញ គឺ​ក្លិប​កីឡា​វ៉ូ​វី​ណា​ម ក្រសួងការពារជាតិ ដណ្ដើមបាន​មេដាយ​ច្រើន​ជាងគេ​សរុប​១៥​គ្រឿង​(​មាស ៩ ប្រាក់ ២ និង​សំរឹទ្ធ ៤) ខណៈ​ខេត្តស្វាយរៀង ឈរ​លេខ​២ ដណ្ដើម​បាន​មេដាយ​សរុប ៦​គ្រឿង​(​មាស ២ ប្រាក់ ៣ និង​សំរឹទ្ធ ១) និង​ក្រសួងមហាផ្ទៃ ឈរ​លេខ​៣ ឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ១០ សរុប ១៤​គ្រឿង​។ ចំណែកឯ​ក្លិប​ខណ្ឌ​សែន​សុខ ឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ១០​គ្រឿង (​មាស ២ ប្រាក់ ២ និង​សំរឹទ្ធ ៦) និង​ខេត្តកំពង់ស្ពឺ ឈរ​លេខ​៥ ឈ្នះ​មេដាយ​សរុប ៣​គ្រឿង រួម​មាន​មេដាយមាស ២ និង​ប្រាក់ ១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ