ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកយុទ្ធនាការផ្តល់សេវាកម្មកាត់សក់ ២៥រាជធានី ខេត្ត ដល់អ្នកដែលមានជីវភាពខ្វះខាត់មិនគិតប្រាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​មួយ​គ្រា​សមាគម​មិត្ត​យើង​ចាប់ផ្តើម​បើក​យុទ្ធនាការ​«​សក់ និង​សម្រស់​របស់​មិត្ត​យើង​» ដើម្បី​ផ្តល់​សេវាកម្ម​កាត់សក់​ដល់​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត់​ដោយ​ពុំ​គិត​ប្រាក់​។ ថ្លែង​ក្នុង​យុទ្ធនាការ​នា​រសៀល ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២២ នៅ​កោះ​ពេជ្រ​លោក…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​មួយ​គ្រា​សមាគម​មិត្ត​យើង​ចាប់ផ្តើម​បើក​យុទ្ធនាការ​«​សក់ និង​សម្រស់​របស់​មិត្ត​យើង​» ដើម្បី​ផ្តល់​សេវាកម្ម​កាត់សក់​ដល់​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត់​ដោយ​ពុំ​គិត​ប្រាក់​។

ថ្លែង​ក្នុង​យុទ្ធនាការ​នា​រសៀល ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២២ នៅ​កោះ​ពេជ្រ​លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើក​ឡើង​ថា កម្មវិធី «​សក់ និង​សម្រស់​របស់​មិត្ត​យើង​» នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើរតួ​ជា​ស្ពាន​ដ៏​សំខាន់​ក្នុង​ការ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ចំណេះដឹង​ផ្នែក​វិជ្ជាជីវៈ​សក់ និង​សម្រស់​ទៅ​ដល់​បងប្អូន​ដែល​មាន​បំណង​ចង់​ចាប់​យក​ជំនាញ​ផ្នែក​វិជ្ជាជីវៈ​នេះ​ក៏​ដូច​ជា ការ​ផ្តល់​សេវាកម្ម​ថែរក្សា​សក់ និង​សម្រស់​ទៅ​ដល់ អ្នក​ដែល​មាន​កង្វះខាត និង​កម្មករនិយោជិត​នៃ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ដែល​ពុំ​មានឱកាស ឬ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​នូវ​សេវាកម្ម​មួយ​នេះ ពោល​កម្មវិធី​មួយ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​សមាគម​មិត្ត​យើង​ក្នុង​ការ​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ និង​បង្កើន​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ដែល​ស្រប​ទៅ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្រាប់​រយៈពេល​ជិត​១​ឆ្នាំ​នៃ​ការ​អនុវត្ត​យុទ្ធនាការ «​សក់ និង​សម្រស់​របស់​មិត្ត​យើង​» នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ ខាង​មុខ​នេះ លោក​លេខាធិការ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ដៃគូ​សហការ​របស់​សមាគម​មិត្ត​យើង​ទាំងអស់​នឹង​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​សេវាកម្ម​ទៅ​ដល់​អ្នក​ដែល​ខ្វះខាត និង​កម្មករនិយោជិត​នៃ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ហើយនឹង​ចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សមាគម​មិត្ត​យើង​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ចំណេះដឹង​បច្ចេកទេស​វិជ្ជាជីវៈ​ផ្នែក​សក់ និង​សម្រស់​ទៅ​ដល់​សិស្សានុសិស្ស​ដែល​មាន​បំណង​ចង់​ចាប់​យក​ជំនាញ​មួយ​នេះ​។

ចំណែក​លោក ឡា វិបុល ជា​នាយក​សាលា​ជំនាញ​សក់ និង​សម្រស់ ដែល​មានឈ្មោះ​ថា អេកូ​ល​អាំង​ទែ​រ ណា​ស្សូ​ណា​ល់ ដឺ គ័​ហ្វ​ហ្វៀ អេ អេស​ស្តេ​ទិ​ក (​ហៅ​កាត់​ថា L.I.C.E) បាន​លើក​ឡើង​ថា ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុម​សាឡ​ន និង​ហាង​កាត់សក់​ល្បី​ៗ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​ជាមួយ​សមាគម​មិត្ត​យើង​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​កាត់​អ្នក​រកស៊ី​ក្រៅ​ប្រព័ន្ធ និង​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​ក្នុង​គោលបំណង​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សេវាកម្ម​សក់​ស្អាត ដើម្បី​ទៅ​ចូលរួម​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ក៏​ដូច​ជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​នេះ​។

លោក​បន្ថែម​ថា កម្មវិធី​«​សក់ និង​សម្រស់​របស់​មិត្ត​យើង​»​នេះ​ផង​ដែរ ក៏​មានការ​ចូលរួម​ពី​សំណាក់​ម្ចាស់​ហាង​សាឡ​ន និង​ហាង​កាត់សក់​ក៏​ដូច​ជា ជាង​សក់​ចំនួន​៣០​នាក់ តំណាង​ក្រុមហ៊ុន​ដៃគូ​សហការ​របស់​សមាគម​មិត្ត​យើង និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​មិត្ត​យើង​ក្នុង​ការ​ផ្តល់​នូវ​សេវាកម្ម​កាត់សក់ និង​ជួយ​សម្រួល​ជូន​បងប្អូន​កម្មករនិយោជិត​នៃ​វិស័យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​យើង​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ផ្ទាល់​ក្នុងថ្ងៃនេះ ឲ្យ​ទទួល​បាន​នូវ​សេវាកម្ម​សក់​ស្អាត ដើម្បី​ទៅ​ចូលរួម​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ក៏​ដូច​ជា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នា​ពេល​ខាង​មុខ​។

សូម​ជម្រាប​ថា បន្ទាប់​ពី​ផ្តល់​សេវាកម្ម​កាត់សក់​រួចរាល់ សមាគម​មិត្ត​យើង​ក៏​មានការ​ចែក​ជា «​កញ្ចប់ ជំនួយ​មិត្ត​យើង​»​ដល់​អ្នកមាន​កង្វះខាត និង​កម្មករនិយោជិត​នៃ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​បាន​ចូលរួម​នា​ពេល​នេះ​ផង​ដែរ ដោយ​ក្នុង​១​នាក់​នឹង​ទទួល​បាន​កញ្ចប់​ជំនួយ​មិត្ត​យើង​១​កញ្ចប់ ដើម្បី​សម្រួល​ជីវភាព​បន្ថែម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ